ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ឱ្យប្រុងប្រយ័ត្នក្នុងការប្រើភ្លើង សម្រាប់ចម្អិនអាហារ ឬដុតស្ទាក់ចាប់សត្វ

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានធ្វើការណែនាំឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រើប្រាស់ភ្លើងសម្រាប់ជាមធ្យោបាយ ដើម្បីចម្អិនអាហារ ការយកឃ្មុំ ការដុតស្មៅ-ព្រៃ ការដុតស្ទាក់ចាប់សត្វ និងការប្រមូលផលជាដើម។

យោងតាមសេចក្ដី ជូនដំណឹងស្តីពីវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ របស់ក្រសួងបរិស្ថាន ចេញផ្សាយនាពេលថ្មីៗ បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ ធាតុអាកាសទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅរដូវប្រាំងមានសភាពក្តៅ ហួតហែង ស្ងួតខ្លាំងជាកត្តាងាយបង្កនូវភ្លើងឆេះព្រៃ។ ក្រៅពីបាតុភូតធម្មជាតិដែលអាចបង្កឱ្យមានភ្លើង ឆេះព្រៃ ប្រការដែលគួរឱ្យព្រួយបារម្ភបំផុតនោះ គឺភ្លើងឆេះព្រៃដែលបង្កឡើងដោយសារសកម្មភាពរបស់ មនុស្សផ្ទាល់។

កត្តាចម្បងដែលបង្កឱ្យមានភ្លើងឆេះព្រៃញឹកញាប់បំផុតនារដូវប្រាំង មានជាអាទិ៍ ការកាប់ឆ្ការ ដុតរានព្រៃដើម្បីដាំដំណាំកសិកម្មផ្សេងៗ ការធ្វើកសិកម្មពនេចរ ការទន្ទ្រានដីព្រៃដើម្បីតាំងលំនៅឋាន ខុសច្បាប់ ការទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់ ការដុតព្រៃដើម្បីចាប់សត្វ ការបន្សល់ដើមភ្លើងនៅក្នុងព្រៃ ដោយការធ្វេសប្រហែសរបស់មនុស្ស។ល។

ក្រសួងបរិស្ថាន បានកត់សម្គាល់ឃើញថា ភ្លើងឆេះព្រៃជារៀងរាល់ឆ្នាំបានបង្កឱ្យមានបញ្ហាដល់ការ បាត់បង់ធនធានព្រៃឈើ ព្រៃលិចទឹក និងធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិ ដែលអាចបង្កឱ្យមាន ការខូចខាតផ្នែកសេដ្ឋកិច្ច ធនធានធម្មជាតិ និងបរិស្ថាន។

ដោយសង្កេតឃើញបញ្ហាប្រឈមទាំងនេះ ក្រសួងបរិស្ថាន បានធ្វើការណែនាំដល់អង្គភាពជំនាញ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរបរិស្ថាន រួមទាំងសហគមន៍តំបន់ការពារធម្មជាតិ និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តវិធានការ ដូចជា៖ អប់រំ ផ្សព្វផ្សាយ ណែនាំដល់ប្រជាសហគមន៍ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ភ្លើង សម្រាប់ជាមធ្យោបាយដើម្បីចម្អិនអាហារ ការយកឃ្មុំ ការដុតស្មៅ-ព្រៃ ការដុតស្ទាក់ចាប់សត្វ និងការប្រមូលផល អនុផលព្រៃឈើក្នុងតំបន់ការពារធម្មជាតិជាដើម។

ក្រសួង បន្ដថា ទប់ស្កាត់ការកាប់ឆ្ការ ទន្ទ្រាន ឈូសឆាយ ដុតព្រៃឈើ និងព្រៃលិចទឹក ដើម្បីពង្រីកផ្ទៃដីដំណាំ កសិកម្ម ឬក្នុងគោលបំណងផ្សេងៗទៀត ដែលជាសកម្មភាពល្មើសច្បាប់ និងបង្កឱ្យមានភ្លើងឆេះព្រៃឈើ ព្រៃលិចទឹក និងរាលដាលរហូតដល់ភូមិកររបស់ប្រជាពលរដ្ឋ តំបន់រដ្ឋបាលសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ រូបវន្តនានា នៅក្នុងឬជុំវិញសហគមន៍តំបន់ការពារធម្មជាតិ។

ក្រសួង បន្ថែមថា ក្នុងករណីចាំបាច់ដែលត្រូវប្រើភ្លើងជាមធ្យោបាយក្នុងការដុតកាកសំណល់ឈើព្រៃ ក្រោមគោលបំណងដាំដំណាំកសិកម្ម និងសកម្មភាពស្របច្បាប់ផ្សេងទៀតក្នុងតំបន់ការពារធម្មជាតិ ត្រូវជូនដំណឹងដល់មន្ទីរបរិស្ថានរាជធានី-ខេត្តសាមី ដែលជាសមត្ថកិច្ច ដើម្បីណែនាំអនុវត្តវិធានការបច្ចេកទេសសមស្របដែលអាចធានាសុវត្ថិភាពចំពោះភ្លើងព្រៃ។

ក្រសួង បន្ថែមទៀតថា ករណីការរុករកផលអនុផលព្រៃឈើជាប្រពៃណី និងសកម្មភាពផ្សេងទៀតក្នុងតំបន់ការពារ ធម្មជាតិដែលចាំបាច់ត្រូវប្រើភ្លើងជាមធ្យោបាយ (ដុតរណ្តៅជ័រ) មន្ទីរបរិស្ថានត្រូវធ្វើការណែនាំអ្នកពាក់ព័ន្ធឱ្យពន្លត់ភ្លើងឱ្យអស់ជាចាំបាច់មុនពេលចាកចេញពីដើមឈើច្នោះជ័រ ឬទីតាំងដែលប្រើភ្លើងនោះ៕

To Top