ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញនូវការជឿជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ កម្ពុជានិងសហរដ្ឋអាមេរិក នឹងកាន់តែត្រូវបាន ពង្រឹងនិងពង្រីកថែមទៀត។
នេះជាការលេីកឡេីងរបស់សម្ដេចធិបតី ក្នុងឱកាសអនុញ្ញាតឱ្យ នាយឧត្តមនាវី Samuel J. Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក នៃសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ។
នៅក្នុងជំនួបនេះ លោកមេបញ្ជាការ Samuel J. Paparo បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាមេរិក-កម្ពុជា។
ក្នុងនោះលោកមេបញ្ជាការ បានលេីកឡេីងថា ដំណើរទស្សនកិច្ចរបស់លោក និងគណៈប្រតិភូនាពេលនេះ គឺជាការបន្តកិច្ចប្រឹងប្រែងពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-អាមេរិក ជាពិសេសកិច្ចសហប្រតិបត្តិការ ក្នុងវិស័យការពារជាតិបន្ទាប់ពីទស្សនកិច្ចរបស់លោក Lloyd James Austin III រដ្ឋមន្ត្រីក្រសួងការពារជាតិ សហរដ្ឋអាមេរិក។
ជាមួយគ្នានោះ លោកមេបញ្ជាការ បានសម្ដែងនូវការពេញចិត្តដែលនាវា USS Savannah បានចូលចតនៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ ដែលនេះជាការចូលចត លើកទី១ ក្រោយពីការខកខានការចូល ចត អស់រយៈពេល ៨ឆ្នាំ។
លេីសពីនេះ លោកមេបញ្ជាការ បានប្តេជាជំរុញកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែសុីជម្រៅថែមទៀត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចនាយទាហានគ្រប់កម្រិត ការផ្តល់វគ្គសិក្សា និងឈានទៅការធ្វើលំហាត់ហ្វឹកហ្វឺនរួមផងដែរ។
បន្ថែមពីនេះ លោកមេបញ្ជាការ បានថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់កម្ពុជា លើការរុករកអដ្ឋិធាតុកងទ័ពអាមេរិក ដែលបានបាត់ខ្លួន ដែលនេះជាកាយវិការប្រកបដោយមនុស្សធម៌។
ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវការពេញចិត្តនិងវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-អាមេរិក ព្រមទាំងបានសម្ដែង នូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះដំណើរទស្សនកិច្ច របស់គណៈប្រតិភូបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក នៃសហរដ្ឋអាមេរិក។
តាមរយៈដំណើរទស្សនកិច្ច របស់គណៈប្រតិភូ និងការចូលចតរបស់នាវា USS Savannah នេះ សម្ដេចបវរធិបតី ជឿជាក់ថាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិប្រទេសទាំងពីរ នឹងកាន់តែត្រូវបានពង្រឹងនិងពង្រីកថែមទៀត។
សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តសហការ ជាមួយសហរដ្ឋអាមេរិក ក្នុងការស្វែងកិច្ចសហការរុករកអដ្ឋិធាតុទាហាន ដែលបានបាត់ខ្លួននៅកម្ពុជា។
សម្ដេចបវរធិបតី និងលោកមេបញ្ជាការក៏បានពិភាក្សាអំពីលទ្ធភាព នៃការបន្តកិច្ចសហប្រតិបត្តិការ លើសកម្មភាពមួយចំនួនរួមមាន៖ ការបណ្ដុះបណ្ដាល, កិច្ចសហប្រតិបត្តិការលើការរក្សាសន្ដិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ និងកិច្ចសហប្រតិបត្តិការ លើការងារបោសសម្អាតមីនផងដែរ៕