កំពង់ឆ្នាំង ៖ ក្នុងឱកាសអញ្ជើញជាអធិបតី នៃទិវាអន្តរជាតិរំលឹក ដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកលើកទី១៩ ប្រារពនៅទីរួមខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក បានគូសបញ្ជាក់ថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានកាត់បន្ថយចំនួន ៣៥៤លើក ស្មើនឹង ១២% និងកាត់បន្ថយចំនួនអ្នកស្លាប់ ២៧នាក់ ស្មើនឹង ២% កាត់បន្ថយចំនួនអ្នករបួសបានចំនួន៥៨០នាក់ ស្មើនិង ១៤%។
ផ្អែកតាមលទ្ធផលនេះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែង ការកោតសរសើរ ចំពោះការពលីកម្មសព្វ បែបយ៉ាងរបស់មន្រ្តី មានសមត្ថកិច្ចអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក គ្រប់លំដាប់ថ្នាក់ នៅទូទាំងប្រទេស ដែលបានបំពេញភារកិច្ច ដោយមិនខ្លាចនឿយហត់ ប្រកបដោយស្មារតីទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈខ្ពស់ ក្នុងការរឹតបន្តឹងអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ការរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ការផ្សព្វផ្សាយអប់រំច្បាប់ ការកសាង ជួសជុល កែលំអស្ថានភាពផ្លូវថ្នល់ ការសង្គ្រោះជនរងគ្រោះ និងកិច្ចការសំខាន់ៗជាច្រើនទៀត ទទួលបានលទ្ធផលល្អប្រសើរ ពិសេសបានសង្គ្រោះជីវិតប្រជាពលរដ្ឋ ឱ្យរួចផុតពីការបាត់បង់ជីវិត និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។
ពីវេទិកាអធិបតីនោះដែរ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើង ពីបញ្ហានៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលបង្កនូវផលវិបាកជាច្រើន ដល់សង្គមជាតិ និងប្រជាពលរដ្ឋ និងបានបង្កផលប៉ះពាល់ដល់គោលនយោបាយ កាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល។ លោកឧបនាយករដ្ឋមន្ត្រី នៅតែបង្ហាញក្ដីបាម្ភថា «គ្រោះថ្នាក់នេះនឹង បន្តអូសបន្លាយក្នុងរយៈពេលវែង អាចនឹងមានកំណើនខ្ពស់បន្ថែមទៀត ប្រសិនបើកង្វះវិធានការ ទប់ស្កាត់ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងកង្វះការចូលរួមគោរព អនុវត្តច្បាប់ពីសំណាក់ អ្នកប្រើប្រាស់ផ្លូវគ្រប់រូប»។
លោកឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី-ខេត្ត ត្រូវបង្កើនវិធានការរឹតបន្តឹងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក តាមទិសដៅការងាររបស់ គ.ស.ច.គ. ឱ្យកាន់តែមានតម្លាភាព ប្រសិទ្ធភាព និង ស្មើភាព សំដៅកាត់បន្ថយថែមទៀត នូវចំនួនហេតុការណ៍គ្រោះថ្នាក់ ចំនួនជនរងគ្រោះ និងបទល្មើស ចរាចរណ៍ ឱ្យបានជាអតិបរមា និងត្រូវខិតខំអនុវត្ត ឱ្យបានជោគជ័យនូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យបង្កើន ការផ្សព្វផ្សាយអប់រំច្បាប់ និង បទដ្ឋានសុវត្ថិភាព ចរាចរណ៍ផ្លូវគោក តាមគ្រប់រូបភាព ឱ្យបានទូលំទូលាយ ដល់គ្រប់មូលដ្ឋាន ដើម្បីឱ្យមានការជ្រួតជ្រាបដល់គ្រប់វេទិកា គ្រប់សាលារៀន និងគ្រប់គ្រួសារ ត្រូវបង្កើនការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក តាមបទដ្ឋានគតិយុត្ត និងគោលការណ៍ ដែលក្រសួង បានដាក់ចេញ ត្រូវចាត់វិធានការ ឱ្យបានតឹងរឹងបំផុតចំពោះបទល្មើស ជនបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយបើករត់គេចវេស ពីការដោះស្រាយតាមផ្លូវច្បាប់ ៕