ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក FUNAKOSHI Takehiro អនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន បានពិភាក្សាពីការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន។

ការបញ្ជាក់ពីការពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅ នូវទំនាក់ទំនងទ្វេភាគីនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាងប្រមុខការទូតកម្ពុជា និងអនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន ក្នុងឱកាសដែលលោកអញ្ជើញមកកម្ពុជា ដើម្បីធ្វើជាសហប្រធាននៃកិច្ចពិគ្រោះយោបល់ ថ្នាក់ឧត្តមមន្រ្តីកម្ពុជា-ជប៉ុន លើកទី២។

ក្នុងជំនួបនោះដែរ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក FUNAKOSHI Takehiro ក៏បានផ្លាស់ប្តូរយោបល់គ្នាលើការវិវត្តថ្មីៗ នៃស្ថានការណ៍តំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម ផងដែរ ៕

