ព័ត៌មានជាតិ

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ក្រុមប្រឹក្សារាជធានីភ្នំពេញ​ នៅខណ្ឌចំការមន គឺជាខណ្ឌចុងក្រោយ ខណៈពលរដ្ឋម្នាក់គត់ឡើង សំណូមពរផ្ទាល់មាត់

រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖​ ខណ្ឌចំការមន គឺជាខណ្ឌទី១៤ ហើយក៏ជាខណ្ឌចុងក្រោយបង្អស់ ដែលត្រូវបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងរយៈពេល១ឆ្នាំម្តង ដើម្បីបញ្ជាក់ឲ្យប្រជាពលរដ្ឋ បានដឹងពី សមិទ្ធិផលនានា ដែលរដ្ឋបាលរាជធានីភ្នំពេញសម្រេចបាន និងបញ្ហាប្រឈម និងស្តាប់ពីសំណើរនិងសំណូមពរ របស់ប្រជាពលរដ្ឋ ដើម្បីយកមកដោះស្រាយ ខណៈដែលវេទិកានេះ មានពលរដ្ឋម្នាក់គត់ បានឡើងសំណូមពរផ្ទាល់មាត់ និងលាយលក្ខណ៍អក្សរចំនួន ៧ច្បាប់ប៉ុណ្ណោះ ។

ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំ២០២៤ ជាលើកទី១៤ និងជាលើកចុងក្រោយបង្អស់នេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៩ធ្នូនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រោមអធិបតីលោក ជួប ខុន សមាជិកក្រុមប្រឹក្សា តំណាងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឯក ឃុនដឿន អភិបាលរងតំណាងលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ​ ។

ក្នុងវេទិកានេះប្រជាពលរដ្ឋរស់នៅភូមិ១៤ សង្កាត់ទន្លេបាសាក់ បានលើកឡើងពីកង្វល់របស់គាត់ថា «គាត់មិនចេះអក្សរតើអាចទៅរៀននិងធ្វើប័ណ្ណបើកបរបានឬទេ? ព្រោះគាត់ជាអ្នករត់កង់បីចង់បានប័ណ្ណបើកបរ»។

ពាក់ព័ន្ធនឹងសំណួរនេះលោក ឯក ឃុនដឿន បានបញ្ជាក់ថា “បើទោះបីមិនចេះអក្សរ បងប្អូនក៏អាចទៅរៀន ប្រឡងយកប័ណ្ណបើកបរបានដែរ មិនមែនជាបញ្ហាទេ ដោយផ្អែកតាមច្បាប់ រាជដ្ឋាភិបាល និងក្រសួងសាធារណការ​ និងដឹកជញ្ជូន ក៏ដូចជាលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ យើងបានចងក្រងជាមួយវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាបងប្អូនរត់ម៉ូតូកង់បី និងជាមួយក្រុមផ្សេងទៀត ដោយឯកឧត្តមអភិបាល តែងបានណែនាំអោយមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានី ជួយបណ្តុះបណ្តាលនិងធ្វើប័ណ្ណបើកបរជូនបងប្អូន ដើម្បីឱ្យបងប្អូនចេះច្បាប់ចរាចរណ៍”។

លោក ឯក ឃុនដឿន បានបញ្ជាក់បន្ថែមថា “សម័យបច្ចេកវិទ្យាទាន់សម័យនេះ មិនចេះអក្ស បងប្អូនក៏អាចទៅរៀន និងប្រឡងយកប័ណ្ណបើកបរបាន គឺយើងមានការប្រើប្រាស់អែប (APP) ជាសំលេងជំនួសអក្ស ប្រឡងចូល ជាមួយនិងការប្រឡងដៃចង្កូត បើយើងចេះស្ទាត់ គឺប្រឡងបានប័ណ្ណបើកបរហើយ”។

បន្ថែមលើនេះ លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ មានសំណួរ ផ្ទាល់មាត់របស់ប្រជាពលរដ្ឋតែម្នាក់គត់ ជាមួយនិងសំណូមពរ ជាលាយលក្ខណ៍អក្សរចំនួន៧ច្បាប់ ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញ យកទៅធ្វើការពិចារណាកែលម្អ ក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ក្នុងការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាពិសេស ប្រជាពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋានសង្កាត់ ខណ្ឌរបស់ខ្លួនឱ្យកាន់តែមាន ភាពល្អប្រសើរ។

ក្នុងឱកសនោះដែរលោក ជួប ខុន បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅខណ្ឌចំការនាថ្ងៃនេះ គឺជាខណ្ឌចុងក្រោយគេ ក្នុងចំណោមខណ្ឌទាំង១៤ ដែលនឹងផ្តល់ជូនដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមដំណើរការអភិបាលកិច្ចល្អ និងជាឧបករណ៍មួយសម្រាប់លើកកម្ពស់ គណនេយ្យភាព តម្លាភាព ក្នុងដំណើការពិនិត្យមើល លើការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ក្នុងគោលបំណង ដើម្បីធានាថា៖ រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ ដោះស្រាយ និងឆ្លើយតប៕

To Top