ព័ត៌មានជាតិ

មន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យ និងអនុវត្តច្បាប់​ ចំពោះការបញ្ចេញទឹកកខ្វក់ ប៉ះពាល់ប្រភពទឹកសាធារណ របស់រោងចក្រ ១កន្លែង នៅខេត្តព្រះសីហនុ

ភ្នំពេញ ៖ នៅថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារក្រសួងបរិស្ថាន បានសហការ ជាមួយមន្រ្តី នៃរដ្ឋបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យ ករណីបំពុលទឹកព្រែកកំពង់ស្មាច់ ស្តិតក្នុងភូមិសាស្រ្ត ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានប្រភព ចេញពីការបញ្ចេញសំណល់រាវ របស់រោងចក្រ KOBON (CAMBODIA) BIOTHECHNOLOGY CO .,LTD. ស្ថិតនៅភូមិ តាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ កន្លងមកមានករណីរាយការណ៍ថា ប្រភពទឹកក្នុងតំបន់ខាងលើ អាចជាករណីបណ្តាលឱ្យមានត្រីងាប់ ខ្លះៗផងដែរ។

ក្រុមការងារពិនិត្យឃើញថា រោងចក្រខាងលើបានកំពុងដំណើរ ការកែច្នៃស្បែកគោ ដើម្បីផលិតចេញជាផលិតផលជេឡាទីន(Gelatin)។ រោងចក្រមានអាងប្រព្រឹត្តិកម្មសំណល់រាវ ប៉ុន្តែពុំមានការថែទាំ និងស្តារសម្អាតត្រឹមត្រូវ តាមគោលការណ៍បច្ចេកទេសឡើយ។ ជាមួយគ្នានេះដែរ នៅតាមដងអូរព្រែកផ្អាវ ដែល ស្ថិតនៅផ្នែកខាងត្បូង ទីតាំងក្រុមហ៊ុន ដែលលាតសន្ធឹង ពីកើតទៅលិច ស្ថិតនៅចំណុច ជាប់នឹងរបងដី នៃទីតាំងក្រុមហ៊ុន ឃើញមានទឹកពណ៌ខ្មៅដែលអាចជា ជាប្រភេទទឹកសំណល់បង្ហូរចេញពីក្រុមហ៊ុន នាពេលកន្លងមក តាមរយៈប្រឡាយចំហរ ។ ក្រុមការងារ ក៏បានរកឃើញមានបំពង់ទុយោបង្កប់ (ទំហំមុខកាត់៤០សម) ប្រវែងប្រមាណ ២គីឡូម៉ែត្រពីទីតាំងក្រុមហ៊ុន សម្រាប់បង្ហូរសំណល់រាវចេញទៅព្រែកកំពង់ស្មាច់ ដែលស្ថិតនៅភូមិជ្រលង ឃុំទឹកល្អក់ ស្រុកព្រៃនប់ផងដែរ ។

សូមបញ្ចាក់ថា ការបំពុលទឹក ដោយធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ជីវៈចម្រុះ និងសុខភាពសាធារណៈ គឺជាល្មើសទៅនឹងមាត្រា២៨៧ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងល្មើសនឹង មាត្រា៤ និង មាត្រា៦ និងមាត្រា៩ថ្មី នៃអនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក។

ជាវិធានការចំពោះមុខ ក្រុមការងារ បានណែនាំដល់ក្រុមហ៊ុនត្រូវអនុវត្តនូវវិធានការ ជាបន្ទាន់មួយចំនួន ដើម្បីទប់ស្កាត់ការបំពុលទឹកសាធារណ ដោយការបង្ហូរទឹកកខ្វក់ចេញ ដោយគ្មានការត្រួតពិនិត្យ និងស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ។ ជាមួយនេះគ្នាក្រុមការងារបានណែនាំឱ្យម្ចាស់ក្រុមហ៊ុន ត្រូវបញ្ឍប់ការបង្ហូរសំណល់រាវ ពីខ្សែចង្វាក់ផលិតកម្ម ពីទីតាំងក្រុមហ៊ុនចូលព្រែកអូរផ្អាវជាបន្ទាន់ ដោយត្រូវធ្វើការបិទភ្ជិតប្រឡាយបង្ហូរសំណល់រាវ ចូលព្រែកផ្អាវទាំងអស់និង ពីទីតាំងក្រុមហ៊ុន ឆ្ពោះទៅដល់ព្រែក កំពង់ស្មាច់ផងដែរ។

លើសពីនេះ ក្រុមហ៊ុន ត្រូវធ្វើការកែសម្រួលអាងប្រព្រឹត្តិកម្មសំណល់រាវ និងដំណើរការឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងធានាគុណភាពសំណល់រាវ ដោយអនុលោមតាមស្តង់ដាបញ្ចេញ និងត្រូវធ្វើការបំពាក់ឧបករណ៍ តាមដានស្វ័យត្រួតពិនិត្យ លើការបញ្ចេញសំណល់រាវ ស្របតាមច្បាប់និងបទដ្ឋានគតិយុត្ត។ លើសពីនេះក្រុមហ៊ុនត្រូវធ្វើការស្តារទឹកសំណល់ និងភក់នៅតាមដង អូរព្រែកផ្អាវ ដែលរងការបំពុល ចាប់ពីចំណុចទីតាំងក្រុមហ៊ុន រហូតដល់ព្រែកកំពង់ស្មាច់ ដើម្បីស្តារបរិស្ថានឱ្យបានស្អាតឡើងវិញ។ ជាមួយគ្នានេះ ក្រុមការងារកំពុងបន្តចុះជួបប្រជាពលរដ្ឋ ដើម្បីសិក្សាវាយតម្លៃពីផលប៉ះពាល់ផ្ទាល់ ពីការបំពុលបរិស្ថាន ដោយរោងចក្រខាងលើបន្ថែមទៀត៕

To Top