ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ណែនាំមន្រ្តីនាយកដ្ឋានសវនកម្ម ឱ្យបង្កើនសកម្មភាពការងារ

ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់មន្រ្តីនាយកដ្ឋានសវនកម្ម ត្រូវបង្កើនសកម្មភាពការងារ និងប្រសិទ្ធភាពសវនកម្មនៅតាមនាយកដ្ឋាន និងអង្គភាពថ្នាក់កណ្តាល បន្ថែមទៀត។

ការណែនាំរបស់ រដ្ឋមន្ត្រីក្រសួងសុខាភិបាលនេះ ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងសំណេះសំណាលជាមួយមន្រ្តីនៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង នាថ្ងៃទី១៩ ខែធ្នូ។

ជាកិច្ចចាប់ផ្តើម សាស្រ្តាចារ្យរដ្ឋមន្រ្តី មានមតិសំណេះសំណាល និងជម្រាប ជូនពីគោលបំណងក្នុងការជួបជាមួយមន្ត្រីនៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដើម្បីស្វែងយល់ពីបច្ចុប្បន្នភាព ពីវឌ្ឍនភាពការងារ រួមទាំងបញ្ហាប្រឈម និងសំណូមពរនានា របស់នាយកដ្ឋាន ក្នុងការពង្រឹងការអនុវត្តការងារឱ្យបានកាន់តែប្រសើរឡើង។ ជំនួបនេះ ក៏ដើម្បីជាការបង្កើននូវភាពជិតស្និត និងបង្ហាញពីការយកចិត្តទុកខ្ពស់របស់ថ្នាក់ដឹកនាំ ដល់មន្ត្រីដែលបានខិតខំប្រឹងប្រែងអនុវត្តការងារកន្លងមក។

ទន្ទឹមនឹងនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ ចំនួន ៤ ចំណុច៖
១) ពង្រីកវិសាលភាពសវនកម្មនៅតាមនាយកដ្ឋាន និងអង្គភាពថ្នាក់កណ្តាល
២) បង្កើនសកម្មភាពការងារ និងបង្កើនប្រសិទ្ធភាព ដែលអាចវាស់វែងបាន
៣) ប្រធាន និងអនុប្រធាននាយកដ្ឋានត្រូវជួយជ្រោមជ្រែង ការិយាល័យឱ្យបានរឹងមាំក្នុងការបំពេញការងារ។
៤) រៀបចំធ្វើរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែរបស់នាយកដ្ឋានឱ្យបានទៀងទាត់ និងឱ្យការកាន់តែប្រសើរ៕

To Top