ព័ត៌មានជាតិ

សាខាកាកបាទក្រហមខេត្តកំពង់ចាម បានសាសង់ផ្ទះមនុស្សធម៌ចំនួន ២២ខ្នងផ្តល់ជូនទុរគតជន និងជនងាយរងគ្រោះ ចាប់ពីឆ្នាំ ២០២១-២០២៤

កំពង់ចាម ៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នេះ នៅសាលប្រជុំធំ សាលាខេត្ត បានសហការរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសាងសង់ផ្ទះមនុស្សធម៌ ខេត្តកំពង់ចាមឆ្នាំ ២០២១-២០២៤ ក្រោមអធិបតីភាពលោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និង និមន្ត អញ្ជើញចូលរួម នាឱកាសនោះ មាន ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនី ព្រះមេគណខេត្ត ព្រះចៅអធិការ ព្រះអនុគណក្រុង ស្រុក គណ:ធម្ម យុត្តិកនិកាយ ព្រះមន្ត្រីសង្ឃជាសមាជិកភាពមូលនិធិ នៃកម្មវិធីផ្ទះមនុស្សធម៌ខេត្ត និងលោក លោកស្រី តំណាងមន្ទីរអង្គភាពប្រមាណជា ១៦២អង្គ/នាក់ ។

លោក ស្រី សុភ័ក្ត្រ ប្រធានក្រុមការងារប្រត្តិបត្តិ បានឲ្យដឹងទៀតថា គិតចាប់ពីខែមីនា ឆ្នាំ ២០២១ ដល់ខែធ្នូ ឆ្នាំ ២០២៤ នេះ កម្មវិធី បានសម្រេចសាងសង់ និងប្រគល់ផ្ទះមនុស្សធម៌ បាន ២២ខ្នង បង្គន់អនាម័យ ២បន្ទប់ និងអណ្តូងទឹកស្អាត ១កន្លែង ក្នុងនេះអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំនួន ១ខ្នង- អំណោយសាខាផ្ទាល់ ១ខ្នង- អំណោយសប្បុរសជន ៣ខ្នង និង ១៧ខ្នងទៀត ជាការចូលរួមបដិភាគ ពី ឯឩ អ៊ុន ចាន់ដា -ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះមេគណខេត្ត សប្បុរសជន និងក្រុមការងារកៀរគរ និង គ្រប់គ្រងមូលនិធិខេត្ត ។ ក្នុង ២២ខ្នងផ្ទះនេះ សាខា បានសម្រេចផ្តល់ជូន ចាស់ជរាគ្មានទីពឹង ១១គ្រួសារ- ជនមានពិការភាព ៥គ្រួសារ- អ្នកផ្ទុកមេរោគអេដស៍ ១គ្រួសារ និងជនទ័លលំបាក ៥គ្រួសារ ដែលនៅស្រុកោះសូទិន ៤ខ្នង- ស្ទឹងត្រង់ ៣ខ្នង- បាធាយ ២ខ្នង- កំពង់សៀម ៥ខ្នង- ជើងព្រៃ ២ខ្នង- កងមាស ៣ខ្នង- ចម្ការលើ ២ខ្នង និងស្រុកព្រៃឈរ ១ខ្នង ។

ក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា បានកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារ ដែលសម្រេចបាន របស់កម្មវិធីផ្តល់ផ្ទះមនុស្សធម៌ ខេត្តកំពង់ចាម រយ:ពេល ៤ឆ្នាំនេះ ហើយចាត់ទុកការស្ម័គ្រព្រះទ័យ និមន្តចូលរួម របស់ព្រះមេគណខេត្ត ព្រះអនុគណក្រុង ស្រុក និងសហការី ព្រមទាំង ការចូលរួម របស់ សប្បុរសជនគ្រប់មជ្ឈដ្ឋាន ក្នុងកម្មវិធីថ្មី នេះ ជាការរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន ក្នុងការងារលើកកំពស់សុខុមាលភាព ដល់ជនងាយរងគ្រោះបំផុត ដែលនេះគឺ ជាការលើកកំពស់ គោលការណ៍គ្រឹះនិង តម្លៃមនុស្សធម៌ ស្របតាម ទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។

លោកប្រធាន គណៈកម្មាធិការសាខា ក៏បានអំពាវនាវ ដល់សប្បុរសជន គ្រប់មជ្ឈដ្ឋាន និងអង្គការដៃគូ នានា មេត្តាបន្តចូលរួមឧបត្ថម្ភគាំទ្រ តាមរយ:ការ ចលនាចូលរួម ជាសមាជិកភាពមូលនិធិ និង ចូលរួមបង់វិភាគទាន តាមការស្ម័គ្រចិត្ត និងលទ្ធភាព ដល់ កម្មវិធីផ្តល់ផ្ទះមនុស្សធម៌ខេត្តកំពង់ចាមនេះ អោយបានច្រើនកុះករ ជាបន្តទៀត ដើម្បីជួយសង្គ្រោះ ជួយដោះស្រាយទុក្ខលំបាក ជនក្រីក្រ ងាយរងគ្រោះជាអាទិភាពទាំងឡាយ ដែលខ្វះលទ្ធភាព ហើយត្រូវការលំនៅដ្ឋានស្នាក់នៅ ៕

To Top