ភ្នំពេញ ៖ សម្រាប់ឆ្នាំ២០២៥ ដែលឈានចូលមកដល់ប្រមាណជា១អាទិត្យទៀតនេះ រាជរដ្ឋាភិបាលបានតំឡើង ការចំណាយខ្ពស់ជាងបណ្តាឆ្នាំកន្លងទៅដែលការ បង្កើនការចំណាយនេះ ត្រូវបានអ្នកវិភាគសេដ្ឋកិច្ចវ័យក្មេងលោកបណ្ឌិត ឆេង គឹមឡុងសម្លឹងឃើញថា ដោយសាររាជរដ្ឋាភិបាល មានជំនឿទុកចិត្តខ្ពស់លើប្រភព ចំណូលរដ្ឋកើនឡើងដែរ។
លោកបណ្ឌិតឆេង គឹមឡុង មានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ២០ ធ្នូថា “ការបង្កើនថវិកា ចំណាយរបស់រដ្ឋនៅឆ្នាំ២០២៥ ខាងមុខ បញ្ជាក់ថារដ្ឋាភិបាល មានជំនឿចិត្តលើប្រភព ចំណូលរដ្ឋដែល មានការកើនឡើងជាងមុន ហើយក៏បញ្ជាក់ពីការឆ្លើយតបទៅ តាមតម្រូវការអភិវឌ្ឍន៍ជាក់ស្តែង ទាំងផ្នែករឹងនិងទន់”។
ដើម្បីឲ្យការបង្កើនការចំណាយអាច ទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់លោកថា លុះត្រាតែកម្មវិធីចំណាយ ត្រូវបានសិក្សា វិភាគ និងកំណត់ទិសដៅតាមអាទិភាព និងតារាងពេលវេលា ដែលធានាការបំពេញ បង្គ្រប់តម្រូវការតាមវិស័យនិងអនុវិស័យ ជាពិសេស ទៅតាមយុទ្ធសាស្ត្របញ្ចកោណ (ដំណាក់កាលទី១) ដែលគ្របដណ្តប់លើអាទិភាពគន្លឹះទាំងប្រាំរួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
លោកពន្យល់ទៀតថា ហើយលើសពីនេះទៀត គឺចាំបាច់ពង្រឹងពង្រីកខឿននិងសក្តានុពលកំណើនសេដ្ឋកិច្ច ទាំងក្របខណ្ឌ សេដ្ឋកិច្ចក្នុង និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច កំណែទម្រង់សេដ្ឋកិច្ចស៊ី ជម្រៅនិងគ្រប់ជ្រុងជ្រោយដោយសកម្មនិងបុរេ សកម្ម , ការគ្រប់គ្រងអភិបាលកិច្ចសេវារដ្ឋបាលសាធារណៈឲ្យបានរឹងមាំ ដោយមានទិសដៅជាក់លាក់និងមានភាពជឿជាក់ ។ ក្នុងនោះការបង្កើនភាពទាក់ ទាញនិងភាពប្រកួតប្រជែង និងការបង្កើនសមត្ថភាពសហគ្រិនភាពរបស់សហគ្រាសខ្នាតមីក្រូតូចនិងមធ្យមក្នុងស្រុកក៏ត្រូវតែជាចំណុចសំខាន់ផងដែរ។
សូមបញ្ជាក់ថា ការលើកឡើងរបស់លោកបណ្ឌិតនេះ បន្ទាប់ពីច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ត្រូវបាន ព្រះមហាក្សត្រកម្ពុជា ប្រកាសដាក់ឲ្យ ប្រើប្រាស់កាល ពីពេលថ្មីៗនេះ ដោយក្នុងនោះមានទំហំថវិកា សម្រាប់ការចំណាយ ក្នុងឆ្នាំ២០២៥ កើនឡើងជាងឆ្នាំមុន ពោលគឺរាជរដ្ឋាភិបាល គ្រោងនឹងចំណាយថវិការដ្ឋសរុបប្រមាណ ៩ ៣០០លានដុល្លារ ដែលចំនួននេះមានការកើនឡើង ជាងឆ្នាំមុនប្រមាណ ២,២%៕