ព័ត៌មានជាតិ

រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ អាជីវកម្មធនធានខ្សាច់ ដែល ទាញយកខ្សាច់ច្រើនហួសកម្រិត អាចបណ្ដាលឲ្យបាក់ច្រាំង កកស្ទះរំហូរទឹក និងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច សង្គម

ភ្នំពេញ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ បានថ្លែងដោយសង្ក់តធ្ងន់ថា ការធ្វើអាជីវកម្មធនធានខ្សាច់ ដែលទាញយកខ្សាច់ច្រើនហួសកម្រិត ពីស្ទឹង ទន្លេ និងតំបន់ឆ្នេរ អាចបណ្ដាលឲ្យបាក់ច្រាំង កកស្ទះរំហូរទឹក និងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គម ។

ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំ អន្តរក្រសួងលើកដំបូង របស់សមាជិកគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ នៅសាលប្រជុំនៃទីស្តីការក្រសួងធនធានទឹក នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ បានបញ្ជាក់ឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំលើកដំបូងនៅថ្ងៃនេះគឺដើម្បី ទី១)ប្រកាសសមាសភាពគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ទី២)ពិភាក្សាលើផែនការសកម្មភាពការគ្រប់គ្រងធនធានខ្សាច់ និង ទី៣)ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរក្រសួងក្នុងការគ្រប់គ្រងធនធានខ្សាច់ប្រកបដោយចីរភាព។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានលើកឡើងថា ការគ្រប់គ្រងធនធានខ្សាច់ មានសារសំខាន់ណាស់ ដើម្បីធានាបាននូវការធ្វើអាជីវកម្មធនធានខ្សាច់ ពាក់ព័ន្ធនឹងធនធានទឹក ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងបរិយាបន្ន ព្រមទាំងដើម្បីការពារសុខភាពស្ទឹង ទន្លេ និងប្រព័ន្ធអេកូឡូស៊ី។

ទន្ទឹមនឹងនេះលោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា «ការធ្វើអាជីវកម្មធនធានខ្សាច់ដែលទាញយកខ្សាច់ច្រើនហួសកម្រិត ពីស្ទឹង ទន្លេ និងតំបន់ឆ្នេរ អាចមានផលវិបាកអវិជ្ជមានជាច្រើនដូចជា ការបាក់ច្រាំងស្ទឹង ទន្លេ ការកកស្ទះរំហូរទឹក ការផ្លាស់ប្តូរចរន្ដទឹក និងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គមផងដែរ» ៕

To Top