ភ្នំពេញ ៖ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេច និងអាជ្ញាធរមូលដ្ឋាន បានរកឃើញទីតាំងលាក់ឈើខុសច្បាប់ចំនួន ៣កន្លែង ដែលជនសង្ស័យបានលួចលាក់កប់យ៉ាងជ្រៅក្នុងដី។
បើតាមលោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា សកម្មភាពចុះបង្ក្រាបករណីសន្និធិឈើខុសច្បាប់ នៅអតីតដីសម្បទានសេដ្ឋកិច្ចមួយកន្លែង នៅខេត្តមណ្ឌលគីរី កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីសេចក្តីរាយការណ៍អំពីការ លួចសន្និធិឈើខុសច្បាប់នៅចំណុចស្រែតាអង ភូមិសាស្ត្រ ភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
អ្នកនាំពាក្យបានបញ្ជាក់ថា មន្រ្តីឧទ្យានុរក្សនៃការិយាល័យ ដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ បានបានចូលរួមមន្ត្រី ឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច បានសហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះទៅដល់ទីកន្លែងកើតហេតុខាងលើហើយបានរកឃើញទីតាំងលាក់ឈើមានចំនួន ៣ន្លែង ដែលជនសង្ស័យបានលួចលាក់ទុកក្នុងដី។
សមត្ថកិច្ចមានការសង្ស័យក្នុងជំហានដំបូង ថាជនល្មើសអាចកប់ចោលឈើក្នុងដី ក្នុងកំឡុងពេលដែលមានគណៈកម្មធិការថ្នាក់ជាតិចុះការបង្ក្រាបកាលពីឆ្នាំ២០១៥។
ជាលទ្ធផលក្រុមការងារបានបង្ក្រាបនិងដកហូតឈើដូចខាងក្រោម៖
ទី១.ទីតាំងដែលជនសង្ស័យបានទុកចោលក្នុងព្រៃល្បោះ ឃើញមានឈើមូលប្រភេទឈ្លីជ ចំនួន ១២កំណាត់ ស្មើនឹង១,៩២ម៉ែត្រត្រីគុណ ដែលមានស្ថានភាពពុកផុយ គុណភាពប្រមាណ ២០%-២៥%។
ទី២.ទីតាំងខាងលើជាអតីតរោងស្នាក់នៅរបស់កម្មកររបស់អតីតក្រុមហ៊ុនសម្បទាន មានឈើអារប្រភេទសុក្រម ចំនួន ១៣០សន្លឹក ស្មើ៣,៥២ម៉ែត្រត្រីគុណ ដែលមានស្ថានភាពពុកផុយ គុណភាពប្រមាណ៣០%។
ទី៣.ទីតាំងដែលជនស្ស័យបានកប់ក្នុងដីក្រុមការងារបានធ្វើការជីកកកាយរកឃើញឈើមូលចម្រុះចំនួន១៩កំណាត់ស្មើនឹង ១,៣៨៣ម៉ែត្រគូប គុណភាពប្រមាណ២០%។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា ក្នុងពេលចុះធ្វើប្រតិបត្តិការកម្លាំងសមត្ថកិច្ចពុំបានប្រទះឃើញជនសង្ស័យនៅកន្លែងកើតហេតុនោះ។ ក្រុមការងារបានប្រមូល វត្ថុតាង មករក្សាទុកនៅស្នាក់ការរងនៃដែនជម្រកសត្វព្រៃភ្នំព្រេច ដើម្បីបន្តចាត់ការតាមនីតិវិធី ។ លោកបន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការស្នូល ចំនួន៤ចំណុច ដើម្បីគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ការលើកកម្ពស់ជីវភាពប្រជាសហគមន៍ តាមរយៈការអភិវឌ្ឍគម្រោងលំហែបៃតង ៕