ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ ចំនួន៣ មានទំហំសរុប១៩២.២លានដុល្លារ ជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំកម្ពុជា។
ការចុះកិច្ចព្រមព្រៀងនេះធ្វើឡើង នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយបានទទួលបុព្វសិទ្ធិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាភាគីហត្ថលេខីតំណាងរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយលោកស្រី Sandrine Boucher នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំកម្ពុជា លោក Fabrice Etienne ភារធារីស្ដីទីនៃទូតបារាំងប្រចាំនៅកម្ពុជា និងលោក Bryan Fornari ប្រធានសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា។
ហិរញ្ញប្បទានសហប្រតិបត្តិការនេះមានទឹកប្រាក់សរុបចំនួន ១៨៣លានអឺរ៉ូ ត្រូវជាប្រមាណ ១៩២.២លានដុល្លារអាម៉េរិក ក្នុងនោះកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ២ និងកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន ១ ដូចខាងក្រោម៖
១. កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងស្តារឡើងវិញអាងស្ទឹងស្វាយចេក (Svay Chek River Restoration and Management Project) មានទឹកប្រាក់ឥណទានចំនួន ៩១លានអឺរ៉ូ ត្រូវជាប្រមាណ ៩៥.៦លានដុល្លារអាម៉េរិក។
២. កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងសាងសង់រោងចក្រប្រពឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី៣ (Bakheng Water Supply Project Phase III, Credit No.2) គឺជាកញ្ចប់ឥណទានទី២ ដែលមានទឹកប្រាក់ចំនួន ៨០លានអឺរ៉ូ ត្រូវជាប្រមាណ ៨៤លានដុល្លារអាម៉េរិក។
៣. កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន ១២លានអឺរ៉ូ ត្រូវជាប្រមាណ ១២.៦លានដុល្លារអាម៉េរិក ពីសហភាពអឺរ៉ុប តាមរយៈ AFD សម្រាប់គម្រោងសាងសង់រោងចក្រប្រពឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី៣។
សូមបញ្ជាក់ថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបានឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង តាមរយៈ AFD និងសហភាពអឺរ៉ុប (EU)៕