សៀមរាប៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនៅថ្ងៃទី២០ ខែធ្នូ នេះបានអញ្ជើញធ្វើបទបង្ហាញស្តីពីស្ថានភាពនិងទស្សនៈវិស័យសេដ្ឋកិច្ចកម្ពុជា និងស្ថានភាពសេដ្ឋកិច្ចសកល ជូនដល់ផែនសហគ្រិនវ័យក្មេងមកពីខេត្តសៀមរាប និងឧត្តរមានជ័យ នៅក្នុងកម្មវិធី “កាត្រៀមខ្លួនសម្រាប់ឱកាសអាជីវកម្មថ្មី” រៀបចំឡើងដោយ សហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងមានការគាំទ្រពីធនាគារ ARDB ដែលមានអ្នកចូលរួមសរុបចំនួន ១៦០នាក់។
នៅក្នុងកម្មវិធីនោះក៏មានការអញ្ជើញចូលរួមពី លោក អ៊ាន ឃុន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានគណៈអចិន្ត្រៃយ៍គណបក្សខេត្តសៀមរាប,ឧកញ៉ា ប៉ិច ប៉ូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា,លោក យាវ ដាវី ប្រធានផែនសហគ្រិនវ័យក្មេង ខេត្តសៀមរាប។
មុនចាប់ផ្តើមធ្វើបទបង្ហាញ លោកបណ្ឌិត កៅ ថាច ក៏បានមានប្រសាសន៍រម្លឹកពីគុណដំណាច់ដ៏ធំធេង ក្រោមការដឹកនាំដ៏ថ្លៃថ្លាប្រកបដោយគតិបណ្ឌិត របស់រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីអាណត្តិសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តធ្វើឲ្យសេដ្ឋកិច្ចកម្ពុជារក្សាកំណើនស្ថេរភាពជាបន្តបន្ទាប់។
លោកបណ្ឌិតក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់សមាគមសហគ្រិនវ័យក្មេង ដែលបានខិតខំ អស់ពីកម្លាំងកាយចិត្ត ក្នុងការរៀចំកម្មវិធីនេះឡើង ដើម្បីផ្តល់ជាវេទិកាសម្រាប់កិច្ចពិភាក្សា ក្នុងការត្រៀមខ្លួនសម្រាប់អាជីវកម្មថ្មីចំពេលដែលសេដ្ឋកិច្ចសកលមានភាពមិនប្រាកដប្រជាខ្ពស់ និងសេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញ ។
ទន្ទឹមនោះ លោកបណ្ឌិតបានបង្ហាញពីសារៈសំខាន់នៃវិស័យសហគ្រិនភាព ដែលដើរតួជាកម្លាំងចលករមួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការអភិវឌ្ឍផ្នែកសង្គម-សេដ្ឋកិច្ច, ការបង្កើតឱកាសការងារថ្មី, និងការជះឥទ្ធិពលវិជ្ជមានដល់ផលិតផលក្នុងស្រុករបស់ប្រទេសកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ ក្នុងនាមធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម លោកបណ្ឌិត កៅ ថាច បានផ្តល់ជូននូវទស្សនៈវិស័យមួយចំនួនក្នុងការត្រៀមខ្លួនសម្រាប់អាជីវកម្មថ្មី ពិសេសវិស័យអាទិភាពសម្រាប់ការវិនិយោគក្នុងប្រទេសកម្ពុជា ដូចខាងក្រោម៖
១) បន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងវិស័យកសិកម្ម ពិសេសការវិនិយោគទៅលើបច្ចេកទេសនៃការធ្វើកសិកម្មប្រកបដោយចីរភាព
២) ចាប់យកឱកាសនៃការវិវត្តវិស័យបច្ចេកវិទ្យា ដែលកំពុងតែផ្តល់កាលានុវត្តភាព លើនវានុវត្តន៍អាជីវកម្មថ្មី (Innovative Business Solutions) ដូចជា សេវាកម្ម ទូទាត់ (Payment), ទីផ្សារតាមប្រព័ន្ធអេឡិចត្រូនិច (E-Commerce), សេវាកម្មព័ត៌មានវិទ្យាសម្រាប់សម្រួលដល់ផ្នែកអាជីវកម្ម (Information-enabled Business Services), និងសេវាកម្មផ្នែករក្សាទិន្នន័យ (Cloud-Service) ជាដើម។
៣) បន្តតាមដាន និងវិភាគ លើការវិវត្តនៃវិស័យកម្មសាន្ត (មិនមែនកាត់ដេរ) ដែល កំពុងមានការវិវត្តយ៉ាងឆាប់រហ័ស ដូចជា ការផលិតស៊ីមីកុងឌុចទ័រ (Semicon- ductors) និង ឧស្សាហកម្មអេឡិចត្រូនិច (Industrial Electronics) ជាដើម។
៤) ចាប់យកឱកាសនៃការវិនិយោគទៅលើអាជីវកម្មបៃតង (Green Business)៕