កំពង់ស្ពឺ៖ លោក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានលើកឡើងថានៅពេលខាងមុខ ដើម្បីពង្រឹងកិច្ចការរក្សាសន្តិភាព អង្គការសហប្រជាជាតិ នឹងត្រូវការបង្កើនចំនួនកំលាំងរក្សាសន្តិភាពទ្វេរដង ដែលនឹងត្រូវទទួលបានការហ្វឹកហ្វឺនឱ្យមានវិជ្ជាជីវៈច្បាស់លាស់ ដើម្បីបំពេញការងារឱ្យស្របតាមនិយាមរបស់អង្គការសហប្រជាជាតិ ដែលបច្ចុប្បន្នបុគ្គលិកយោធា ប៉ូលីស និងជនស៊ីវិលជាង១សែន នាក់មកពី១២៥ប្រទេស កំពុងបម្រើក្នុងប្រតិបត្តិការ រក្សាសន្តិភាពចំនួន១៤ នៅលើពិភពលោក។ ដែលការលើកឡើងនេះធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនភាពជាដៃគូត្រីភាគីអង្គការសហប្រជាជាតិ (UN TPP) ឆ្នាំ២០២៤ នៅព្រះរាជាណាចក្រកម្ពុជា នៅសាលាពហុជាតិPKOខេត្តកំពង់ស្ពឺ។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស បានបញ្ជាក់ថា អង្គការសហប្រជាជាតិត្រូវការ ការសន្យាច្បាស់លាស់ពីរដ្ឋសមាជិករបស់ខ្លួនក្នុងក្របខ័ណ្ឌថ្មី នៃប្រព័ន្ធរៀបរយសមត្ថភាពរក្សាសន្តិភាព(Peacekeeping Capability Readiness System) ផងដែរ។
![](https://dap-news.com/wp-content/uploads/2024/12/934-1-1024x768.jpg)
ឧបនាយករដ្ឋមន្ត្រី បានរំលឹកថា ចំពោះកម្ពុជា ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ (១៤ ធ្នូ ១៩៥៥) កន្លងទៅថ្មីៗនេះ គឺជាខួប៦៩ឆ្នាំ ដែលកម្ពុជាចូល ជាសមាជិកអង្គការសហប្រជាជាតិ ដែលជាអង្គការអន្តរជាតិធំជាងគេក្នុងពិភពលោក និងមានគោលបំណង ថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ លើកស្ទួយសហប្រតិបត្តិការអន្តរជាតិក្រោម ច្បាប់អន្តរជាតិ អភិវឌ្ឍផ្នែកសេដ្ឋកិច្ច ចូលរួមអន្តរាគមន៍ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិក និងបញ្ចៀស មិនឱ្យមានសង្គ្រាមលោក។ ក្នុងន័យនេះ កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថែរក្សាសន្តិភាព ស្ថិរភាពចាប់តាំងពីឆ្នាំ ២០០៦មក។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា នាយទាហាន ពលទាហានយើងចំនួន ៩,៨២៤ នាក់បានចូលរួមបំពេញបេសកកម្មប្រកបដោយជោគជ័យ និងចំនួន៦២៧នាក់ ដែលបានបញ្ចប់និងកំពុងបំពេញ បេសកកម្មក្នុង ប្រទេសស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, អាហ្វ្រិកកណ្តាល, លីបង់, ស៊ីប, ស៊ីរី, ម៉ាលី លើ មុខជំនាញក្នុងវិស័យរក្សាសន្តិភាព ជាច្រើន ជាពិសេសការបោសសំអាតមីន ការរុករក និង ការកំទេចគ្រាប់មិនទាន់ផ្ទុះដែលជំនាញទាំងនេះត្រូវបានទទួលស្គាល់និងការកោតសរសើរជាលក្ខណៈអន្តរជាតិ។
![](https://dap-news.com/wp-content/uploads/2024/12/935-1024x768.jpg)
នាយទាហានទាំងនោះបានក្លាយជាគ្រួសារមួយរបស់អង្គការ សហប្រជាជាតិ និងជាបងប្អូនលើសកលលោក ដែលបានជួយផ្តល់នូវស្ថិរភាពមួយផ្នែកនៃពិភពលោកផងដែរ ។ ជាមួយនោះលោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ក្នុងឆ្នាំ២០២៤នេះ និងទៅអនាគត កម្ពុជានៅតែប្តេជ្ញាចិត្តខ្ពស់ជាមួយអង្គការសហប្រជាជាតិ បន្តសកម្មភាពជាអាទិភាពក្នុងការថែរក្សា និង ពង្រឹងសន្តិភាព ស្ថិរភាពក្នុងប្រទេស ក៏ដូចជា បន្តសកម្មភាពមនុស្សធម៌ ។
![](https://dap-news.com/wp-content/uploads/2024/12/936-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2024/12/937-1024x768.jpg)
លោកថ្លែងដោយភាពជឿជាក់ថា ឆ្លងកាត់បទពិសោធន៍ទាំងនេះ ជឿជាក់ថាសិក្ខាកាម អន្តរជាតិ ទាំងអស់បានរៀនសូត្រ ច្រើនពីកម្ពុជា ហើយកម្ពុជាខ្លួនឯងក៏បានដកស្រង់បានមេរៀន បទពិសោធន៍ថ្មីៗ បន្ថែមទៀតពីការពិភាក្សាស៊ីជំរៅក្នុងវគ្គហ្វឹកហ្វឺននេះ ដើម្បីបង្កើនសមត្ថភាព និងប្រសិទ្ធភាពការងាររបស់ខ្លួនថែមទៀតក្នុងប្រតិបត្តិការរក្សាសន្តិភាពទៅអនាគត។ អម្បាញ់មិញ តាមរយៈចំណាប់អារម្ភណ៍របស់យោធិនមកពីប្រទេសប៊ូតាន់ ដែលជា តំណាងសិក្ខាកាមទាំងអស់ ក៏បានបង្ហាញថាសិក្ខាកាម បានខិតខំរៀនសូត្រអំពីមេរៀនទ្រឹស្តីអនុវត្តផ្ទាល់ និងការសាមគ្គីក្នុងក្រុមព្រមទាំងចែករំលែកបទពិសោធន៍ពីប្រទេសរៀងៗខ្លួន ព្រមទាំងសន្យា នឹងជួបគ្នា នៅទីនេះទៀតក្នុងឆ្នាំ២០២៥ និង២០២៦ ៕
ដោយ៖ សុខសុ ភ័ណ្ឌ /រូបថតមន្ទីរព័ត៌មាន
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)