ភ្នំពេញ៖ លោក Olivier POIVRE D’ARVOR I ប្រេសិតពិសេស របស់ប្រធានាធិបតីបារាំង ទទួលបន្ទុកសន្និសីទ អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ និងជាឯកអគ្គរដ្ឋទូតទទួលបន្ទុកតំបន់មហាសមុទ្រ និងតំបន់ប៉ូល បានបង្ហាញសុទិដ្ឋិនិយមថា ទំនាក់ទំនង រវាង ប្រទេស បារាំង និងកម្ពុជា នឹងត្រូវ លេីកកម្ពស់ ជាលំដាប់ទៅថ្ងៃអនាគត ។
ការលេីកឡេីងរបស់ប្រេសិតពិសេស ខាងលេីនេះ ធ្វេីឡេីងក្នុងឱកាស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្តិភាព។
ក្នុងជំនួបខាងលេីនេះ លោក Olivier POIVRE D’ARVOR I ប្រេសិតពិសេស បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័ស លើគ្រប់វិស័យ របស់ប្រទេសកម្ពុជា ជាមួយនឹងការសម្រេចបាននូវសមិទ្ធផល ជាច្រើនផ្សេងទៀត។
ក្នុងនោះលោកប្រេសិតពិសេស មានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត នាពេលអនាគត។
ជាមួយគ្នានោះ លោកប្រេសិតពិសេស ក៏បានសម្ដែងនូវការវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងបារាំង-កម្ពុជា ហើយបានបង្ហាញសុទិដ្ឋិនិយមថា ទំនាក់ទំនង រវាង ប្រទេស ទាំងពីរ នឹងត្រូវ លេីកកម្ពស់ជាលំដាប់ទៅថ្ងៃអនាគត។
លោកប្រេសិតពិសេស ក៏បាន លេីកឡេីងថា “ឯកឧត្តម Emmanuel Macron ប្រធានាធិបតីសាធារណរដ្ឋបារាំង សូម អញ្ជើញ សម្ដេចបវរធិបតី ចូលរួមក្នុងសន្នីសិទអង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ លើកទី៣ ដែលនឹងប្រារព្ធឡេីងនៅទីក្រុងនីស សាធារណរដ្ឋបារាំង នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ផងដែរ។
ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យនៃប្រទេសទាំងពីរ និងបានថ្លែងអំណរគុណចំពោះការគាំទ្រ និងការរួមចំណែករបស់ប្រទេសបារាំងក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ដូចសព្វថ្ងៃ។
សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ផងដែរថា ទំនាក់ទំនង និងការផ្លាស់ប្ដូរដំណើរទស្សនកិច្ច ជាញឹកញាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងចូលរួមចំណែកកាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ដែលមិនត្រឹមតែរវាងរាជរដ្ឋាភិបាល និងរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរវាងវិស័យឯកជន និងវិស័យឯកជន ផងដែរ។
សម្តេច បវរ ធិបតី ក៍បាន អរគុណ ប្រធានាធិបតីបារាំង ដែលបាន អញ្ជើញ សម្តេចចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ លើកទី៣ នេះ ហេីយសម្តេចបវរធិបតីនឹង ពិចារណា ដោយ យកចិត្តទុកដាក់ ចំពោះការអញ្ជេីញនេះ។
សម្ដេចបវរធីបតី និងលោកប្រេសិតពិសេស ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាមួយចំនួន លេីបញ្ហការប្រែប្រួលអាកាសធាតុជាសកល ក៏ដូចជាផលប៉ះពាល់ នៃការប្រើប្រាស់ថង់ប្លាស្ទិក ដែលរួមចំណែកទៅដល់ការការពារបរិស្ថាន និងការទប់ទល់ នឹងការប្រែប្រួលអាកាសធាតុជាសកលផងដែរ៕