ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ អះអាងថា ពលរដ្ឋពេញចិត្ត ការផ្តល់សេវាសាធារណៈរបស់អាជ្ញាធរភ្នំពេញ ប្រមាណ៨២%

រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ឆ្លងតាមការស្រង់មតិរបស់ថ្នាក់ជាតិ ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ទទួលបានការពេញចិត្ត ពេញថ្លើម ពីប្រជាពលរដ្ឋប្រមាណ៨២%។

ការបញ្ជាក់បែប របស់លោក ឃួង ស្រេងធ្វើឡើង ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខណ្ឌ នាយករដ្ឋបាល នៅក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលខណ្ឌនានា នៃរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ។

ក្នុងឱកាសនេះ លោក ឃួង ស្រេង បានថ្លែងនូវការកោតសរសើរ និងអំណរគុណផងដែរ ចំពោះមន្ត្រីរាជការស៊ីវិល កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋាន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលបានចូលរួមថែរក្សាការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ ជាមួយនិងការផ្តល់សេវា ជូនប្រជាពលរដ្ឋបានល្អប្រសើរកន្លងមកនេះ។

លោក ឃួង ស្រេង បានបញ្ជាក់ថា “ពាក់ព័ន្ធនិងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋនេះ ថ្នាក់ជាតិបានចុះធ្វើការស្រង់មតិ ហើយជាមួយនឹងការស្ទង់មតិនេះ រាជធានីភ្នំពេញ ទទួលបានការពេញចិត្តពេញថ្លើម ពីប្រជាពលរដ្ឋដែលមកទទួលសេវានេះ ប្រមាណ៨២%”។

ទោះជាយ៉ាងនេះក្តី ក៏លោកស្នើឱ្យបន្តយកចិត្តទុកដាក់បន្ថែមទៀត ទាំងការរក្សាការពារសន្តិសុខ សុវត្ថិភាព និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាឱ្យក្នុងឆ្នាំ២០២៥ខាងមុខនេះ រាជធានីភ្នំពេញ អាចទទួលបានការពេញចិត្តពេញថ្លើម ពីប្រជាពលរដ្ឋកាន់តែខ្លាំងឡើងថែមទៀត។

ក្នុងនោះ ឃួង ស្រេង បានឱ្យដឹងថា កន្លងមកនេះរដ្ឋបាលខណ្ឌមួយចំនួន បញ្ចេញរបាយការណ៍មករដ្ឋបាលរាជធានី មានភាពយឺតយ៉ាវ និងបានឱ្យកែសម្រួលឡើងវិញជាបន្ទាន់។

លោក លើកឡើងថា “មានបញ្ហាអ្វីដោះស្រាយមិនចេញ ត្រូវសុំគោលការណ៍ ឬសុំមតិដឹកនាំពីថ្នាក់រាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណា អោយការងារនោះដំណើរការទៅដោយរលូននិងជោគជ័យ”។

សូមបញ្ជាក់ថា ពិធីខាងលើនេះ ត្រូវបានប្រកាសតែងតាំង ផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ១៤រូប៕

To Top