ព័ត៌មានជាតិ

អ្នកសារព័ត៌មាន​ មានគុណភាព​ និងក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ​ ជួយឱ្យជៀសផុតពីហានិភ័យ​ នៃការប្រឈមនឹងបណ្ដឹងនានា

ភ្នំពេញ៖​ ក្នុងសម័យឌីជីថល គុណភាពព័ត៌មាន​ មានភាពចាំបាច់ជាងពេលណាៗទាំងអស់ និងជាកត្តាដ៏សំខាន់មួយ​ ក្នុងការធានាភាពជឿទុកចិត្ត​ ពីសំណាក់ប្រជាពលរដ្ឋ​ មកលើប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន ដែលជាភ្នាក់ងារនាំសារ និងពាំនាំព័ត៌មានពិតត្រឹមត្រូវ​ អំពីតថភាពក្នុងសង្គម​ ជូនដល់ប្រជាពលរដ្ឋទាំងនៅក្នុងប្រទេស និងលើពិភពលោក។

ការពង្រឹងជំនាញវិជ្ជាជីវៈ​ របស់អ្នកសារព័ត៌មាន​ ក្នុងនោះមានសមត្ថភាព​ ក្នុង​ការយកព័ត៌មាន ផលិតនិងផ្សព្វផ្សាយ មានសារៈសំខាន់​ ដើម្បីធានាការផ្សាយព័ត៌មាន​ ផ្អែកលើប្រភពត្រឹមត្រូវច្បាស់លាស់ ខ្លឹមសារមានតុល្យភាព គ្រប់ជ្រុងជ្រោយ និងបានផ្តល់ឱកាសដល់គ្រប់ភាគីពាក់ព័ន្ធ​ ក្នុងសាច់រឿងបានចូលរួមចំណែក។

មិនតែប៉ុណ្ណោះ អ្នកសារព័ត៌មាន​ ត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈគ្រប់ពេលដែលខ្លួនបំពេញការងារ។​ ក្នុងន័យនេះ អ្នកសារព័ត៌មានត្រូវបង្កើនការស្វែងយល់ និងពិភាក្សាឱ្យបានស៊ីជម្រៅបន្ថែម​ អំពីសិទ្ធិ​តួនាទី និងករណីយកិច្ចរបស់ខ្លួន​ ក្នុងនាមជាអ្នកសារព័ត៌មាន។ 

សូមចងចាំថា​ ក្នុងការអនុវត្តភារកិច្ច អ្នកសារព័ត៌មានមិនត្រូវដើរហួសដែនកំណត់នៃច្បាប់ និងសិទ្ធិនិងករណីយកិច្ចដែលខ្លួនមានក្នុងនាមជាអ្នកសារព័ត៌មានឡើយ ព្រោះការអនុវត្តជ្រុល ឬទង្វើហួសដែនកំណត់នៃច្បាប់​ នឹងនាំមកនូវផលវិបាក និងអាចនាំឱ្យប្រឈមនឹងការទទួលខុសត្រូវ​ ផ្នែករដ្ឋប្បវេណី ឬផ្នែក

ព្រហ្មទណ្ឌជាដើម។​ ការអភិវឌ្ឍធនធានមនុស្ស​ ក្នុងវិស័យព័ត៌មានជាអាទិភាពចម្បងមួយ​ ក្នុងបេសកកម្មរបស់ក្រសួងព័ត៌មាន។ 

ក្នុងដំណើរការនៃមជ្ឈមណ្ឌលបណ្តុះបណ្តាល​ និងវិក្រឹត្យការរបស់ក្រសួងព័ត៌មាន និងក្នុងក្របខណ្ឌនៃកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងសមាគមសារព័ត៌មាននានា ក្រសួងព័ត៌មាន​ ក្នុងឆ្នាំ២០២៤​ បានផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈសរុបចំនួន ២៣លើក ដល់អ្នកសារព័ត៌មាន​ មកពីរាជធានី ខេត្ត មន្ត្រីទទួលបន្ទុកព័ត៌មាន​ និងផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន និងនៅតាមក្រសួង-ស្ថាប័ន សរុបចំនួនប្រមាណជាង ៥ពាន់នាក់។

វគ្គបណ្តុះបណ្តាលទាំងនេះ​ បានបំពាក់បំប៉នជំនាញនិពន្ធ ផលិត និងផ្សព្វផ្សាយព័ត៌មាន និងបានផ្តល់ចំណេះដឹងខាងវិស័យនានាក្នុងសង្គម ដើម្បីបង្កើនសមត្ថភាពឱ្យពួកគេផលិតនិងផ្សព្វផ្សាយព័ត៌មានគុណភាព និងសម្របខ្លួននិងផ្សាយខ្លឹមសារឆ្លើយតបនឹងតម្រូវការ​ និងការវិវត្តក្នុងសម័យឌីជីថល។ វគ្គបណ្តុះបណ្តាលក៏បានតម្រង់ទិស​ ស្តីពីនិយាមវិជ្ជាជីវៈសារព័ត៌មាន ការប្រតិបត្តិក្រមសីលធម៌ ការគ្រប់គ្រងព័ត៌មាននិងការផ្សាយក្នុងបរិបទ​ នៃបរិវត្តកម្មឌីជីថល ដោយរាប់បញ្ចូលទាំងអក្ខរកម្មឌីជីថល​ និងប្រព័ន្ធផ្សព្វផ្សាយ និងការប្រឆាំងព័ត៌មានក្លែងក្លាយ។

មិនតែប៉ុណ្ណោះ ក្រសួងបានសហការជាមួយ​ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ​ ដើម្បីរៀបចំកម្មវិធីបណ្តុះបណ្តាលធនធានមនុស្ស​ ក្នុងវិស័យព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ​ ឱ្យស្របតាមការវិវត្តិយ៉ាងលឿនក្នុងសង្គម។ 

កិច្ចសហការនេះ​ននឹងរួមចំណែកលើកកម្ពស់​ ធនធានមនុស្ស និងកសាងអ្នកបន្តវេន​ ប្រកបដោយគុណភាពសម្រាប់វិស័យព័ត៌មាន​ និងសោតទស្សន៍កម្ពុជា ដោយផ្តោតលើការបណ្តុះសមត្ថភាព និងជំនាញពិតប្រាកដ ដើម្បីចូលរួមបង្កើនជំនឿទុកចិត្តពីសាធារណជន​ មកលើវិស័យព័ត៌មាននៅកម្ពុជា។

អ្នកសារព័ត៌មាន​ ដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ ជាកត្តាដ៏សំខាន់មួយ​ មិនអាចខ្វះបានក្នុងសង្គម ព្រោះការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ​ និងក្រមសីលធម៌ត្រឹមត្រូវ នឹងក្លាយជាប្រភពផ្តល់ព័ត៌មានដ៏សំខាន់​ សម្រាប់ប្រជាពលរដ្ឋ និងសម្រាប់ការផ្ទៀងផ្ទាត់​ នូវសុក្រឹតភាពនៃព័ត៌មាន ផ្តល់ភាពជឿទុកចិត្តបានក្នុងមជ្ឈដ្ឋានសាធារណជនទូទៅ

ខណៈចូលរួមចំណែក​ ក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ​ ដែលរីកសាយភាយច្រើនឡើងជារៀងរាល់ថ្ងៃ។ សូមអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់​ ក្នុងការអនុវត្តការងារសូមប្រកាន់ជំហរស្មោះត្រង់ សុចរិត មិនលម្អៀង ធានាភាពថ្លៃថ្នូរ ដោយមនសិកាការពារ​ ផលប្រយោជន៍សាធារណៈ។ និងសូមសំណូមពរដល់អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន និងដៃគូក្នុងវិស័យព័ត៌មាន​ និងសោតទស្សន៍ទាំងអស់​ សូមបន្តផ្តល់ការជ្រោមជ្រែងបន្ថែមទៀត​ ក្នុងរួមចំណែកពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មាន ទាំងផ្នែកវិជ្ជាជីវៈ ការប្រតិបត្តិក្រមសីលធម៌ និងចំណេះផ្នែកច្បាប់លិខិតបទដ្ឋានពាក់ព័ន្ធ ដើម្បីចូលរួមលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈ និងគុណភាពសារព័ត៌មាននៅកម្ពុជា៕​ (នេះជាសំណេររបស់លោក​ អស្នារិទ្ធ​ អ្នកនាំពាក្យក្រសួងព័ត៌មាន)

To Top