ព័ត៌មានជាតិ

កម្ពុជានិងប្រទេសជិតខាង កំពុងប្រឈមនឹងហានិភ័យ នៃការផ្ទុះរាលដាល ជំងឺកញ្ជ្រឹលឡើងវិញ

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ២១ ធ្នូ នេះបានប្រកាសពីការផ្ទុះឡើងវិញនូវជំងឺកញ្ជ្រឹលឡើងវិញនៅកម្ពុជា និងប្រទេសជិតខាង។

សេចក្តីជូនព័ត៌មាន របស់ក្រសួងបានឱ្យដឹងបន្តថា ជំងឺកញ្ជ្រឹលគឺជាជំងឺបង្ក ដោយវីរុស មានលក្ខណៈឆ្លងខ្លាំង ហើយរាលដាលលឿន តាមផ្លូវដង្ហើម ក្អក ឬកណ្តាស់ វាអាចបង្កជាជំងឺធ្ងន់ធ្ងរ និងស្លាប់បាន ជាពិសេសលើកុមារតូចៗ ដែលខ្វះអាហារូបត្ថម្ភ ។

ក្នុងនោះក្រសួងបញ្ជាក់ ដោយយោងតាមរបាយការណ៍ របស់អង្គការសុខភាព ពិភពលោកមកបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២៣មក មានការផ្ទុះរាលដាលនៃជំងឺកញ្ជ្រឹល នៅបណ្តាប្រទេសជាច្រើន ក្នុងតំបន់និងលើពិភពលោក ដោយសារអត្រាគ្របដណ្តប់ វ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹលបានធ្លាក់ចុះ ក្នុងអំឡុងពេលផ្ទះរាតត្បាតជំងឺកូវីដ-១៩។

លិខិតក្រសួងឱ្យដឹងទៀតថា “ប្រទេសកម្ពុជារួមជាមួយនឹងប្រទេសជិតខាងកម្ពុជា កំពុងតែប្រឈមនឹងហានិភ័យ នៃការផ្ទុះរាលដាលជំងឺកព្រើល ឡើងវិញ ជាពិសេសប្រជាជន ដែលងាយរងគ្រោះ ដូចជាកុមារ ជនចំណាកស្រុក ប្រជាជនចល័ត និងសហគមន៍ នៅតាមព្រំដែនជាដើម” ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល កត់សំគាល់ឃើញថា ករណីនៃជំងឺកញ្ជ្រឹល មានការកើនឡើង​ ជាបន្តបន្ទាប់ជាពិសេស នៅតាមសាលារៀន និងខេត្តមួយចំនួននៅតាមព្រំដែន ចាប់តាំងពីខែតុលា ឆ្នាំ២០២៤មក ក្នុងនោះពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៤នេះ កម្ពុជា បានរកឃើញករណីវិជ្ជមាន ជំងឺកព្រឹលសរុប៣៧៥ ករណីក្នុងខេត្តចំនួន១៧។

ដូចនេះហើយទើបក្រសួងសុខាភិបាល បានដាក់ចេញនូវយុទ្ធនាការ ផ្តល់វ៉ាក់សាំងបន្ថែម បង្ការជំងឺកញ្ជ្រឹល-ស្អូច នៅទូទាំងប្រទេសដល់កុមារ ដែលមានអាយុចាប់ពី៩ខែដល់៥៩ខែ ចាប់តាំងពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ រហូតដល់បច្ចុប្បន្ននេះ ដើម្បីបង្កើនភាពស៊ាំ នៅក្នុងសហគមន៍របស់៕

To Top