កំពង់ចាម ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានជំរុញដល់ការវាស់វែង ក្នុងការចុះបញ្ជីក្បាលដី ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ឱ្យចប់ត្រឹមឆ្នាំ២០២៥ខាងមុខ ខណៈក្នុងអំឡុងឆ្នាំ២០២៧ នឹងត្រូវឈានដល់ការចែកប័ណ្ណ ជូនប្រជាពលរដ្ឋ ដែលត្រូវទទួលបាន ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស ខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ ស្ថិតក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី គូសបញ្ជាក់ថា មកដល់នឹង ពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានជំរុញការចុះបញ្ជីក្បាលដី ជូនប្រជាពលរដ្ឋ ទូទាំង ប្រទេស បានចំនួន៣លាន៤សែនក្បាលដី និងបានចែកប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ បានចំនួន៨ម៉ឺន៧ពាន់ប័ណ្ណ ខណៈសម្តេចធិបតី ថា នៅសល់តែប្រហែល ១លាន៣ សែនក្បាលដីទៀតនោះទេ ដែលត្រូវចុះបញ្ជីបញ្ចប់ ក្នុងពេលឆាប់ៗ ខាងមុខនេះ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “យើងខិតខំធ្វើយ៉ាងណាឱ្យគោលដៅរបស់យើង គ្រោងបញ្ចប់ នៅឆ្នាំ២០២៥ខាងមុខនេះ ក្នុងការវាស់វែងចុះបញ្ជី ដើម្បីយើងឈាន ទៅដល់ការចែកប័ណ្ណ ជូនប្រជាពលរដ្ឋ ដែលត្រូវបានទទួល បានឱ្យចប់ នៅក្នុងអំឡុងឆ្នាំ២០២៧ និយាយរួមជិត៤០ឆ្នាំ នៃខួបនៃការផ្តល់ដីសម្បទាន ចឹងខ្ញុំសូមជូនព័ត៌មាននេះ ជូនប្រជាពលរដ្ឋឱ្យបានជ្រាប”៕