ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេសA សម្រាប់ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ។
គួរឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៨ តុលា ២០២៤ ចប់សព្វគ្រប់ ប្រកបដោយជោគជ័យ។ ក្នុងការប្រឡងនេះដែរ មានបេក្ខជនបានចុះឈ្មោះប្រឡងសរុប ១៣៧.០៤០នាក់ ស្រី ៧៤.៨៨២នាក់ ត្រូវជា ៥៤,៦៤ភាគរយ, បេក្ខជនបានមកប្រឡង ចំនួន ១៣៤.៦២៩នាក់ ស្រី ៧៣.៩២៩នាក់ ត្រូវជា ៥៤,៩១ភាគរយ និងបេក្ខជនបានប្រឡងជាប់សរុប ១០៦.៣៥១នាក់ ស្មើនឹង ៧៩,០០% នៃចំនួនបេក្ខជនបានមកប្រឡងសរុប។ ក្នុងនោះបេក្ខជនទទួលបានទ្ទេសA ចំនួន ២.២១៦នាក់ ស្រី១.២៨១នាក់ ត្រូវជា៥៧,៨០% ។
ជាមួយគ្នានេះ ក្រសួងបានរៀបចំការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សម័យប្រឡង ១៦ កញ្ញា ២០២៤ សម្រាប់សិស្ស ផ្នែកអប់រំបច្ចេកទេស មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ៧៩៤ នាក់ ស្រី ៣១៩ នាក់, បេក្ខជនមកប្រឡងសរុប ៧៩០នាក់ ស្រី ៣១៨នាក់, និងបេក្ខជនបានប្រឡងជាប់ជាស្ថាពរសរុប ៧៨០នាក់ (ស្រី ៣១៦នាក់) គិតជាភាគរយ ស្មើនឹង ៩៨.៧៣% នៃចំនួនបេក្ខជនមកប្រឡងសរុប ។ ក្នុងនោះបេក្ខជនទទួលបាននិទ្ទេសA សរុបចំនួន ៩នាក់ ស្រី ៥នាក់។
សូមបញ្ជាក់ថា សិស្សទទួលបាននិទ្ទេស A សរុប ២.២២៥នាក់ (គិតទាំងបេក្ខជនអប់រំ បច្ចេកទេស ៩នាក់ផងដែរ) បានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ចូលរួមសម្តែងការគួរសម ជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី ។ សាលារៀនចំនួន ៤៩៤ មានសិស្សទទួលបាននិទ្ទេសA ក្នុងនោះសាលារដ្ឋចំនួន ៣៥៣ មានសិស្សនិទ្ទេសA ចំនួន ១ ៥៤០នាក់ និងសាលាឯកជន ចំនួន ១៤១ មានសិស្សនិទ្ទេស A ចំនួន ៦៧៦នាក់ ។ ដោយឡែកនៅក្នុងការ ប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សាលារដ្ឋចំនួន៥ មានសិស្សនិទ្ទេសA ចំនួន ៧នាក់ ស្រី ៤នាក់ និងសាលាឯកជនចំនួន២ មានសិស្សនិទ្ទេសA ចំនួន ២នាក់ ស្រី ១នាក់៕