ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ៖ ភ្នាក់ងារសន្ដិសុខឯកជន ត្រូវយកចិត្តទុកដាក់ ការពារកន្លែងកើតហេតុ ក្នុងករណីមាន បទល្មើសកើតឡើង

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋាន គ្រប់គ្រងសន្ដិសុខឯកជន បានណែនាំដល់ភ្នាក់ងារ សន្ដិសុខឯកជន ដែលឈរជើងការពារគោលដៅទាំងអស់ ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ការពារកន្លែងកើតហេតុ ក្នុងករណីមានបទល្មើសណាមួយកើតឡើង ដើម្បីងាយស្រួលដល់កម្លាំង សមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបបទល្មើសនោះ។

ក្នុងឱកាសអញ្ជើញជាអធិបតីបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៦៨ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានគូសបញ្ជាក់ថា នៅពេលមានបទល្មើស ណាមួយកើតឡើង ប្រសិនបើការការពារកន្លែងកើតហេតុមិនបានល្អនោះទេ ច្បាស់ណាស់សមត្ថកិច្ចជំនាញនឹង ជួបការលំបាកក្នុងការ ស្រាវជ្រាវបង្ក្រាប ព្រោះផ្នែកមួយ នៃការបង្ក្រាបបទល្មើស គឺជាការប្រមូលភ័ស្ដតាង ដែលអាចបន្សល់ទុកនៅ កន្លែងកើតហេតុ។

លោក ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បន្តថា ភ្នាក់ងារសន្តិសុខឯកជន គឺជាកម្លាំងជំនួយដល់កម្លាំងសមត្ថកិច្ច ក្នុងការចូលរួមចំណែក ក្នុងការថែរក្សា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម និងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសនានា និងចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រកបដោយប្រសិទ្ធភាព។

ក្នុងន័យនេះ លោក ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានស្នើដល់កម្លាំងភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» នេះ ពិសេសបង្ការទប់សង្កាត់បទល្មើស និងរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាន ឬសមត្ថកិច្ចជំនាញ ដើម្បីបង្ការទប់ស្កាត់បង្ក្រាបបទល្មើសឲ្យទាន់ពេលវេលា ជាពិសេសបទល្មើសគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌ និងបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ព្រមទាំងតម្រូវឲ្យមានកិច្ចសហការអោយបានល្អ ជាមួយសមត្ថកិច្ចមូលដ្ឋានត្រូវរាយការណ៍អំពីបទល្មើស និងសម្រួលដល់សមត្ថកិច្ច ក្នុងការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសតាមគោលដៅនីមួយៗ។

លោក ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានបន្តទៀតថា ដើម្បីធ្វើឲ្យវិស័យសន្តិសុខឯកជន មានការរីកចម្រើន និងពង្រឹងនូវគុណភាព លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តែងតែមានការយកចិត្តទុកដាក់ខ្ពស់ និងគាំទ្រជានិច្ច ធ្វើយ៉ាងណាឲ្យវិស័យសន្តិសុខឯកជន ឲ្យមានការរីកចម្រើនប្រកបដោយនិរន្តភាព និងគុណភាពខ្ពស់៕

To Top