ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាល នឹងដាក់ចេញគោលនយោយបាយ និងកញ្ចប់លើកទឹកចិត្តដល់ ការវិនិយោគនៅតំបន់ព្រំដែន ពិសេសការវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម។
ការលើកឡើងរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ដែលបានចូលរួមបរិច្ចាគថវិកា ក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលេីការកសាងផ្លូវក្រវាត់ព្រំដែន នាពេលកន្លងមក។

សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា ការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ពិសេសផ្លូវក្រវាត់ព្រំដែននេះ គឺជាប្រវត្តិសាស្ត្រមួយដែលមិនត្រឹមតែ ជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប៉ុណ្ណោះទេ ថែមទាំងជាខឿនការពារជាតិ, អធិបតេយ្យភាព, បូរណភាពទឹកដី, ជំរុញការអភិវឌ្ឍតំបន់ភូមិភាគឦសាន, និងអនុញ្ញាតឱ្យកូនខ្មែរគ្រប់ជំនាន់បានធ្វើដំណើរ ដល់ព្រំដែនដែលមិនធ្លាប់បានធ្វើដំណើរទៅដល់ពីមុន។
សម្ដេចបវរធិបតី បានបន្ថែមទៀតថា រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពារបូរណភាពទឹកដី និង អធិបតេយ្យភាពមិនឱ្យបាត់បង់ សម្រាប់កូនចៅគ្រប់ជំនាន់ទៅថ្ងៃអនាគត និងបានដាក់ទិសដៅដើម្បីប្រែក្លាយ និងអភិវឌ្ឍតំបន់ព្រំដែននៅក្នុងក្របខ័ណ្ឌ ទូទាំងប្រទេសនិយាយជារួម និងតំបន់ព្រំដែនភូមិភាគឦសាន និយាយដោយឡែក ទៅជាព្រំដែនដែលមានសក្ដានុពលសេដ្ឋកិច្ច ដោយផ្តោតលេីវិស័យកសិ-ឧស្សាហកម្ម ។
សម្ដេចបវរធិបតី បានជំរុញ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគក្នុងស្រុក ស្វែងរកឱកាស និងលទ្ធភាពបណ្ដាក់ទុនឱ្យបាន ច្រេីនបន្ថែមទៀតនៅតំបន់ទាំងនោះ។ សម្ដេចបវរធិបតី បានសង្កត់ធ្ងន់ថា «នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលនឹង ដាក់ចេញគោលនយោយបាយ និងកញ្ចប់លើកទឹកចិត្តដល់ការវិនិយោគនៅតំបន់ព្រំដែន ជាពិសេស ការវិនិយោគលេីវិស័យកសិ-ឧស្សាហកម្ម»។
ឆ្លៀតក្នុងឱកាសនោះដែរ, សម្ដេចបវរធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារកសាង និងអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធតាមក្រវាត់ព្រំដែន ដែលបានពុះពាររាល់ឧបសគ្គ និងការលំបាកនានា ជាមួយនឹងការប្តេជ្ញាចិត្ត ក្នុងការសម្រេចឱ្យបាន តាមផែនការដែលបានគ្រោងទុក៕
