ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ ផ្ការីករបស់រដ្ឋាភិបាលកម្ពុជា ជាផ្ការីកស្កុះស្គាយដែលអភិវឌ្ឍន៍លើគ្រប់វិស័យ

ភ្នំពេញ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានមានប្រសាសន៍ថា ផ្ការីករបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា គឺជាផ្ការីកស្កុះស្គាយនាំមកនូវការអភិវឌ្ឍប្រទេស ឲ្យរីកចម្រើនគ្រប់វិស័យនៅទូទាំងប្រទេសដែលបានធ្វើឲ្យ ប្រជាពលរដ្ឋសប្បាយរីករាយគ្រប់គ្នាដែលខុសស្រឡះពីផ្ការីករបស់លោក សម រង្ស៊ីអតីតមេបក្សប្រឆាំងដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស។

ការលើកឡើងរបស់ឯកឧត្តមប៉ែន បូណាបែបនេះ ក្នុងខណៈអតីតមេបក្សប្រឆាំងរត់ចោលស្រុក លោក សម រង្ស៊ី តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក តែងតែលើកឡើងជាហូរហែរអំពីយុទ្ធសាស្រ្ត ផ្ការីក ។

លោក ប៉ែន បូណា បានថ្លែងកាលពីពេលថ្មីនេះថា ផ្ការីករបស់រាជរដ្ឋាភិបាលបានធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ សាលា មន្ទីរពេទ្យ វត្តអារាមជាដើមរីកស្កុះស្គាយដូចផ្សិតនៅគ្រប់ទីកន្លែងទូទាំងប្រទេស ។ ក្នុងនោះមានផ្លូវស្រសស្អាត ធំទូលាយ ងាយស្រួលធ្វើដំណើរ រួមទាំងផ្លូវហាយវេ និងផ្លូវអ៊ិតប្រេសជាដើម។ នេះហើយជាអត្ថន័យនៃផ្ការីករបស់រាជរដ្ឋាភិបាល។

លោកបន្តថា ដូចបានដឹងលឺគ្រប់គ្នាហើយដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍គឺថា ផ្ការីករបស់រាជរដ្ឋាភិបាលជាផ្ការីកនាំមកនូវសុខសន្តិភាពពេញបរិបូរណ៍សម្រាប់បំពេញសេចក្តីសុខដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែងដែលដឹកនាំប្រទេសពីគ្មានអ្វីសោះ មកឲ្យរីកលូតលាស់គ្រប់វិស័យដូចសព្វថ្ងៃនេះ។

អ្នកនាំពាក្យគូសបញ្ជាក់ថា “ផ្ការីកក្នុងបេះដូងប្រជាពលរដ្ឋខ្មែរ គឺរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺជាផ្ការីកគ្រប់រដូវ គ្រប់ដំណាក់កាលរីករហូត ។ ការបោះឆ្នោតចុងក្រោយ២០២៣កន្លងទៅ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងច្រើនលើសលុបជាង៨២% គឺថារីករហូត។ នេះគឺអត្ថន័យផ្ការីក ។ ចំណែកក្រុមរបស់គាត់(សម រង្ស៊ី) រោយទៅ គឺរុះរោយអស់ហើយ”។

លោកបន្ថែមទៀតថា ផ្ការីកក្នុងបេះដូងរបស់ប្រជាពលរដ្ឋខ្មែរគឺពួកគាត់សប្បាយរីករាយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលតាំងពីជំនាន់សម្តេចតេជោ រហូតមកដល់សម្តេចធិបតីដែលបានដាក់ចេញយុទ្ធសាស្រ្ត បញ្ចកោណសម្លឹងឆ្ពោះទៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ឲ្យក្លាយជាប្រទេសដែលមានចំណូលខ្ពស់នោះហើយគឺជាផ្ការីកពិតប្រាកដ។

ជាមួយគ្នានេះដែរ លោកក៏បានឌឺដងទៅផ្ការីករបស់ទណ្ឌិតរត់ចោលស្រុកដែរថា ជាផ្ការុះរោយដែលមនុស្សជំនិត និងអ្នកគាំទ្ររបស់លោកបានរត់ចោល ហើយមកសូមរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ៕

To Top