ព័ត៌មានជាតិ

ឥណ្ឌា វាយតម្លៃខ្ពស់ចំពោះ តួនាទីដ៏សំខាន់ របស់កម្ពុជា នៅក្នុងសហគមន៍អន្តរជាតិ និងកិច្ចចរចាពហុភាគី

រូបភាព៖ SHS MEDIA

ភ្នំពេញ៖ លោកស្រី ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានចប់អាណត្តិ បានវាយតម្លៃខ្ពស់ចំពោះ តួនាទីដ៏សំខាន់ របស់កម្ពុជា នៅក្នុងសហគមន៍អន្តរជាតិ និងកិច្ចចរចាពហុភាគី។

ក្នុងជំនួបសម្ដែងការគួរសម និងជម្រាបលា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹទី២៥ ខែធ្នូ ឆ្នាំ២០២៤ លោកស្រី ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំ និងការរៀបចំក្បាលម៉ាស៊ីនដឹកនាំ រាជរដ្ឋាភិបាលប្រកបដោយគតិបណ្ឌិតរបស់សម្តេច, ជ័យជំនះនៃការបោះឆ្នោតចុងក្រោយនៅកម្ពុជា និងការផ្ទេរអំណាចដោយរលូនទៅអ្នកដឹកនាំជំនាន់ក្រោយ វ័យក្មេង និងប្រកបដោយថាមពល។

ជាមួយគ្នានេះដែរលោកស្រី បានគូសបញ្ជាក់ថា សម្តេចតេជោ មានបទពិសោធន៏យ៉ាងទូលំទូលាយ ខាងនយោបាយសកលលោក។ សំឡេងគាំទ្ររបស់សម្តេចតេជោ និងបុរេសកម្មរបស់កម្ពុជា នៅក្នុងក្រុមប្រទេស Global South មានសារៈសំខាន់ណាស់ ។

លោកស្រី បានអរគុណ សម្តេចតេជោ ដែលបានគាំទ្រ ប្រទេសឥណ្ឌា ជាតួអង្គលេចធ្លោនៃ Global South និងជាម្ចាស់ផ្ទះនៃ 3rd Voice of Global South Summit ដែលបានផ្តោតកិច្ចពិភាក្សាលើ បញ្ហាសកលនានាដូចជា ជម្លោះ វិបត្តិសន្តិសុខស្បៀង និង ថាមពល ការប្រែប្រួលអាកាសធាតុ …។

លោកស្រីឯកអគ្គរដ្ឋទូត វាយតម្លៃខ្ពស់ចំពោះ តួនាទីដ៏សំខាន់ផងដែរ របស់កម្ពុជា នៅក្នុងសហគមន៍អន្តរជាតិ និងកិច្ចចរចាពហុភាគី។

ជាកិច្ចឆ្លើយតប សម្តេចតេជោ បានថ្លែងអរគុណលោកស្រីឯកអគ្គរដ្ឋទូត ចំពោះការវាយតម្លៃខ្ពស់របស់លោកស្រី ចំពោះការដឹកនាំនិងរៀបចំអ្នកបន្តវេនរបស់សម្តេច ដែលស្ទើរគ្មាននៅលើពិភពលោក ដើម្បីចៀសវាងភាពច្រំដែលនៃប្រវត្តិសាស្រ្ត និងរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង។ សម្តេចតេជោ បានកោតសរសើរចំពោះមិត្តភាពកម្ពុជា-ឥណ្ឌា ដែលប្រទេសយើងទាំងពីរមានទំនាក់ទំនងជាប្រវត្តិសាស្រ្ត ការទទួលស្គាល់ គាំទ្រនិងជួយគ្នាទៅវិញទៅមកនាពេលកន្លងមក។

សម្តេច បានលើកឡើងថា កម្ពុជា បានសម្របសម្រួលគោលនយោបានការបរទេស ជាមួយនឹងបណ្តាប្រទេស Global South ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងសណ្តាប់ធ្នាប់ពិភពលោក ក៏ដូចជា កិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា ផងដែរ។

To Top