ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរួមគ្នាបង្ក្រាបករណីក្មេងទំនើងឲ្យបានផុសផុលដោយមិនត្រូវបន្ធូរបន្ថយដៃនោះទេ ជាពិសេសក្មេងៗដែលអួតអាងគ្នាអំពីដាវសាំម៉ូរ៉ៃលើហ្វេសប៊ុកត្រូវមានចំណាត់ការតាមផ្លូវច្បាប់ឲ្យបានម៉ឺងម៉ាតបំផុត ។
ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យធនធានមនុស្ស នៅព្រឹកថ្ងៃ២៦ ធ្នូនេះ សម្តេចបានលើកឡើងជាច្រើនទាក់ទងទៅនឹងក្រុមក្មេងទំនើង បន្ទាប់ពីក្រសួងយុត្តិធម៌ បានរៀបចំសន្និសីទពីក្មេងទំនើង កាលពីថ្ងៃ២៥ ធ្នូ។ ដោយក្នុងនោះសម្តេចបានសង្កត់ធ្ងន់ថា ស្នងការគ្រប់រាជធានី-ខេត្ត មិនត្រូវបន្ធូរបន្ថយដៃនោះទេចំពោះការបង្ក្រាបក្មេងទំនើង បើងើបឡើងមួយបង្ក្រាបមួយទៅវិញឲ្យទាន់ពេលវេលា ។
សម្តេចធិបតីអះអាងថា វិធានការបង្ក្រាប និងដាក់ទោសទណ្ឌក្មេងទំនើងនេះ ក៏នឹងជួយមិនឲ្យក្មេងៗដទៃទៀតយកគំរូតាមដែរ ។
សម្តេចថា បើគ្រាន់តែអប់រំត្រឹមផ្នែករដ្ឋបាល ហើយដោះលែងទៅវិញ ពួកគេនឹងធ្វើសកម្មភាពដើរបង្កបញ្ហាកាប់គេកាប់ឯងជាបន្តទៀត ព្រោះអ្នកដាក់ដាវសាំម៉ូរ៉ៃតាមខ្លួន ស្មើនឹងប្រើប្រាស់អាវុធខុសច្បាប់។
សម្តេចធិបតីគូសបញ្ជាក់ថា “រឿងអ្នកអួតតាមហ្វេសប៊ុក (អំពីដាវសាំម៉ូរៃ) ព្រឹកនេះ ឲ្យយកមួយពីខេត្តស្វាយរៀង ហើយអត់មានយកមកត្រឹមតែអប់រំរដ្ឋបាល ហើយព្រលែងទៅវិញនោះទេ ខ្ញុំឲ្យមើលច្បាប់ឲ្យបានមែនទែន ទាញដាវមកអួត កន្លែងខ្លះបបួលគ្នាកាប់…តើអានេះជាការគម្រាមជីវិតទេ ។ អីចឹងឲ្យពិនិត្យមើលច្បាប់ បើច្បាប់នៅស្រាលពេក សូមឲ្យធ្វើវិសោធនកម្ម ដើម្បីដាក់មុខព្រួញនេះ ឲ្យកាន់តែខ្លាំងម្តង”។
សម្តេចនាយករដ្ឋមន្រ្តីថា គ្រាន់តែករណីក្មេងទំនើងនេះ ក្នុងរយៈពេល៧ខែចាប់ពីខែឧសភាដល់ខែធ្នូនេះ មានជិត៧០០សំណុំរឿងដែលត្រូវបានតុលាការមានចំណាត់ការ ក្នុងនោះជនល្មើស៣៨៣៤នាក់ជាប់ពាក់ព័ន្ធនឹងសំណុំរឿងក្មេងទំនើង ក្នុងគ្រាក្មេងទំនើងក្រោមអាយុ១៨ឆ្នាំមានចំនួន២០៩៣នាក់ ៕