ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ជានិច្ចជាកាល ផ្ដល់អាទិភាពដល់វិស័យអប់រំ ដើម្បីអភិវឌ្ឍធនធានមនុស្សដ៏មានតម្លៃ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាល ជានិច្ចជាកាល តែងតែយកចិត្តទុកដាក់ ឱ្យតម្លៃខ្ពស់ និងផ្ដល់អាទិភាពដល់វិស័យ អប់រំ ដែលដើរតួនាទីស្នូល ក្នុងការអភិវឌ្ឍ ធនធានមនុស្សដ៏មានតម្លៃខ្ពស់ មានគុណភាព ផ្តល់ចំណេះដឹង ជំនាញវិជ្ជាជីវៈ និងគំនិតនវានុវត្តន៍។

នាឱកាសអញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិក្ខាកាម និងនិស្សិត សាកលវិទ្យាល័យធនធានមនុស្ស នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា គ្រឹះស្ថានអប់រំគឺជាថ្នាលបណ្តុះធនធានបញ្ញាញាណ, បណ្តុះមនសិការស្នេហាជាតិ និងបណ្តុះលក្ខណៈសម្បត្តិសមស្រប ដល់យុវជនគ្រប់ៗជំនាន់ ឱ្យក្លាយជាសសរទ្រូង និង ជាអ្នកបន្តវេនក្នុងការអភិវឌ្ឍប្រទេសជាតិ ក្នុងយុគនៃការកសាងកំណើន សេដ្ឋកិច្ច ដែលពឹងផ្អែកលើចំណេះដឹង។

សម្តេចបវរធិបតី បន្ដថា ជាពិសេស ត្រូវបណ្តុះបណ្តាលនិស្សិត ឱ្យឆ្លើយតបតម្រូវការទីផ្សារ ការងារសម្រាប់ស្ថាប័នរដ្ឋ និង ឯកជន ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និង ទស្សនវិស័យអភិវឌ្ឍកម្ពុជាទៅស្របតាមចក្ខុវិស័យកម្ពុជា២០៥០។

សម្តេចបវរធិបតី មានប្រសាសន៍ថា «រាជរដ្ឋាភិបាល ជានិច្ចជាកាល តែងតែយកចិត្តទុកដាក់, ឱ្យតម្លៃខ្ពស់ និងផ្ដល់អាទិភាពដល់វិស័យ អប់រំ ដែលដើរតួនាទីស្នូល ក្នុងការអភិវឌ្ឍធនធានមនុស្សដ៏មានតម្លៃខ្ពស់,មានគុណភាព ផ្តល់ចំណេះដឹង សមត្ថភាព ជំនាញវិជ្ជាជីវៈ គំនិតនវានុវត្តន៍ និង ការអប់រំអត្តចរិត ឱ្យក្លាយជាពលរដ្ឋល្អ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ ព្រមទាំងលើកកម្ពស់វប្បធម៌, អរិយធម៌, កិត្តិយស, កិត្យានុភាព និងមោទនភាពជាតិ។

សម្តេចបវរធិបតី បន្ថែមថា ជាក់ស្ដែងដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យអប់រំ រាជរដ្ឋាភិបាល បានបន្តអនុវត្តយុទ្ធសាស្រ្តកសាង និងអភិវឌ្ឍប្រទេសជាតិ តាមរយៈការដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ដោយកំណត់យកបញ្ចកោណទី១ ការអភិវឌ្ឍធនធានមនុស្ស ជាយុទ្ធសាស្រ្តអាទិភាព។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងទៀតថា ជាពិសេស ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ប្រកបដោយសីលធម៌ និង សមធម៌ នៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត ទាំងរដ្ឋ និង ឯកជន ដោយផ្ដោតលើចំណេះដឹង, បទពិសោធ ជំនាញបច្ចេកទេស ជំនាញវិជ្ជាជីវៈ សមត្ថភាពសហគ្រិនភាព, ការច្នៃប្រតិដ្ឋ, គុណធម៌ សីលធម៌,មនសិការស្នេហាជាតិ និង ស្មារតីទទួលខុសត្រូវ ដើម្បីតម្រង់ទិសឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងពេលបច្ចុប្បន្ន និងអនាគត៕

To Top