ពោធិ៍សាត់ ÷ អភិបាលខេត្ត និង ជាប្រធានគណះបញ្ជាការ ឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា នៅថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២៤ បានដឹកនាំកិច្ចប្រជុំ គណះបញ្ជាការឯកភាព រដ្ឋបាល ខេត្តប្រចាំខែ ធ្នូ ដំណាច់ឆ្នាំ ២០២៤ និង លើកទិសដៅ អនុវត្តបន្តសម្រាប់ខែ មករា ឆ្នាំ ២០២៥ ដើម្បីត្រួតពិនិត្យ និងពង្រឹងការងារ អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ការរៀបចំសោភ័ណ្ឌភាព បរិស្ថាន ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេនៅឆ្នាំ ២០២៦ខាងមុខ នឹង ការពារអោយបានដាច់ខាត នូវសុខសន្តិភាព និង ផ្សព្វផ្សាយគោលនយោបាយ ព្រមទាំងសមិទ្ធផល សម្រេចបាន របស់រាជរដ្ឋាភិបាលកម្ពុជា ។
លោក ខូយ រីដា អភិបាលខេត្ត និង ជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់បានមានប្រសាសន៍កោតសរសើរនិងវាយតម្លៃខ្ពស់ដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងមន្ទីរ អង្គភាពចំណុះអោយរដ្ឋបាលខេត្ត ដែលបានខិតខំបំពេញការងារ តាមតួនាទីភារកិច្ចរបស់ខ្លួនដោយទទួលបានជោគជ័យ និង ប្រសិទ្ធភាពខ្ពស់។ទន្ទឹមនិងជោគជ័យនោះដែរ យើងក៍នៅមានបញ្ហាប្រឈមជាច្រើនទៀតដែលត្រូវធ្វើការដោះស្រាយជាបន្តទៅទៀត។លោកអភិបាលខេត្ត ក៍បានមានប្រសាសន៍បន្តថា ថ្មីៗនេះបើពិនិត្យជារួមឃើញថា លោកណារ៉ា ចំរើន អភិបាលស្រុកកណ្ដៀង និង លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ គឺមានភាពឈ្លាសវៃ ក្នុងការសម្របសម្រួលជាមួយប្រជាពលរដ្ឋ ដែលរស់នៅលើដី សាធារណះ របស់រដ្ឋដូចជាតាមមាត់ស្ទឹង តាមរបងវិទ្យាល័យពោធិ៍សាត់ និង ការលក់ដូរតាមរបងមន្ទីរពេទ្យបង្អែកខេត្ត ដោយបានធ្វើអោយពួកគាត់ យល់ព្រមចាកចេញ ទៅរកកន្លែងផ្សេង និង ព្រមទទួលយកដីឡូតិ៍ដែលរដ្ឋបាលខេត្តបានដោះស្រាយជូន។លោកអភិបាលខេត្តក៍បានសង្កត់ធ្ងន់ថា សម្រាមនាំអោយខូចបរិស្ថាន ខូចសោភ័ណ្ឌភាព ប៉ះពាល់ដល់សុខភាព នឹង ធ្វើអោយអ្នករស់នៅគ្មានសិរីសួស្តី ។ ជានិច្ចជាកាលលោកតែងតែលើកឡើងថា បើមានអភិបាលក្រុង ស្រុក ត្រូវអត់មានសម្រាម បើមានសម្រាមត្រូវអត់ មានអភិបាលក្រុង ស្រុក ហើយបើមានមេឃុំចៅសង្កាត់ ត្រូវអត់មានសម្រាម បើមានសម្រាម ត្រូវអត់មានមេឃុំ ចៅសង្កាត់ ត្រង់ចំនុចនេះ ត្រូវធ្វើអោយបានទាំងអស់គ្នា ។
លោកអភិបាលខេត្តក៍សូមអោយមន្ទីរអង្គភាពនិងរដ្ឋបាលក្រុងស្រុកទាំងអស់ត្រូវរៀបចំដាក់តាំងរូបថតសម្តេច ព្រមទាំងឥស្សរជនសំខាន់ៗនៅតាមដងផ្លូវក្នុងទីប្រជុំជន នៅតាមរដ្ឋបាលក្រុង ស្រុក មន្ទីរអង្គភាពរៀងៗខ្លួន ដើម្បីបង្ហាញថាពួកគាត់ទាំងអស់នេះហើយដែលនាំមកនូវសន្តិភាព និង មានការអភិវឌ្ឍន៍មកទល់នឹងសព្វថ្ងៃនេះ។
នៅក្នុងកិច្ចប្រជុំនោះដែរ លោកខូយ រីដា អភិបាលខេត្ត និង ជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៍បានដាក់ចេញនូវទិសដៅសម្រាប់គណះបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក យកទៅអនុវត្តបន្តចំនួន ១១ ចំនុចធំៗរួមមាន÷
១-ត្រូវប្តេជ្ញាការពារអោយបានដាច់ខាតនូវ សន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណះ យើងមានសន្តិភាព យើងមានសន្តិសុខសណ្តាប់ធ្នាប់សាធារណះ និង មានការអភិវឌ្ឍន៍។
២-ពង្រឹងការផ្សព្វផ្សាយគោលនយោបាយរបស់រាជតដ្ឋាភិបាល នឹងត្រូវបង្ហាញនូវសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលសម្រេចបានអោយដល់មហាជន និង ប្រជាពលរដ្ឋ។
៣-ទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋនិងការពារធនធានមច្ឆាជាតិអោយបានដាច់ខាតបូករួមទាំងកិច្ចសហការគាំទ្រកងកម្លាំងដែលចុះប្រតិបត្តិការ ហើយកុំឆ្លើយដាក់គ្នា។
៤-គ្រប់គ្រងប្រជាពលរដ្ឋចំណូលស្រុកអោយបាន ព្រោះអ្នកខ្លះចូលមកអាចជាឧក្រិដ្ឋជនឬជាជនល្មើសមកពីខេត្តផ្សេងៗដែលចូលមកកាប់ព្រៃនៅខេត្តពោធិ៍សាត់ នឹងអាចធ្វើអោយប៉ះពាល់ដល់សន្តិសុខ និង នយោបាយរបស់រាជរដ្ឋាភិបាល ។
៥-ត្រូវបន្តដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នឹង ត្រូវពិនិត្យមើលដីអាស្រ័យផលដែលពលរដ្ឋមានការខ្វះខាត ពិសេសទុរគតជនខ្វះមុខ ខ្វះក្រោយ ត្រូវរៀបចំលំនៅដ្ឋានអោយបានសមរម្យជូនដល់ពួកគាត់។
៦-ត្រូវយកចិត្តទុកដាក់គាំទ្រអោយបានគ្រប់ជ្រុងជ្រោយចំពោះសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។
៧-ត្រូវខិតខំលុបបំបាត់ភាពអសកម្មរបស់មន្ត្រីរាជការ និងត្រូវតាមដានព្រមទាំងប្រគល់ភារកិច្ចជូនពួកគាត់អោយត្រូវតាមជំនាញ ឬឧបនិស្ស័យ ។
៨-ត្រូវធ្វើការឆ្លើយតបនិងវាយបកអោយស្រុះគ្នានិងទាន់ពេលវេលាចំពោះបណ្តាញសង្គមដែលវាយប្រហារមកលើរាជរដ្ឋាភិបាល ហើយមន្ត្រីរដ្ឋបាលខេត្តត្រូវតាមដានផេកផ្លូវការរបស់សម្តេច និង បោះទៅអង្គភាពពាក់ព័ន្ធដើម្បីធ្វើការឆ្លើយតប ។
៩-ត្រូវត្រៀមកម្លាំងដើម្បីចាត់វិធានការអោយបានទាន់ពេលវេលានៅតំបន់អន្ទង់អាំង ។
១០-ត្រូវបន្តទំនាក់ទំនងចលនាការទូតជាមួយប្រទេសជិតខាង(ស្មើសិទ្ធិ ស្មើភាព)។
១១-បណ្តាមន្ទីរអង្គភាពដែលមានសម្ព័ន្ធមេត្រីភាពជាមួយគ្រួសារអតីតយុទ្ធជននៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ត្រូវបន្តចុះជួបពួកគាត់អោយបានទៀងទាត់ ដើម្បីកុំអោយពួកគាត់ខ្វះភាពកក់ក្តៅ ៕