ព័ត៌មានជាតិ

សម្តេចបវរធិបតី ៖ ក្នុងបរិការណ៍កើនឡើង នៃបរិវត្តកម្មឌីជីថល កម្ពុជា ពិតជាត្រូវការជា ចាំបាច់នូវធនធានមនុស្ស

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ក្នុងបរិការណ៍កើនឡើង នៃបរិវត្តកម្មឌីជីថល កម្ពុជាពិតជាត្រូវការជាចាំបាច់នូវធនធានមនុស្ស ប្រកបដោយជំនាញខ្ពស់, គំនិតច្នៃប្រតិដ្ឋកម្រិតបច្ចេកទេសល្អ និងរបកគំហើញថ្មីៗ ។

នាឱកាសអញ្ជើញជាអធិបតី ប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិក្ខាកាម និងនិស្សិត សាកលវិទ្យាល័យធនធានមនុស្ស នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ការអប់រំ មានឥទ្ធិពលវិជ្ជមាន លើកំណើនសេដ្ឋកិច្ចតាមរយៈយន្តការចំនួន៣ រួមមាន៖ ១-ការអប់រំបង្កើនមូលធនមនុស្សនៅក្នុងកម្លាំងពលកម្មសរុបរបស់ជាតិ ដែលជាកត្តាចាំបាច់ សម្រាប់បង្កើនផលិតភាពពលកម្ម និងជំរុញកំណើនឆ្ពោះដល់កម្រិតថ្មីមួយកម្រិតទៀត, ២- ការអប់រំបង្កើន សមត្ថភាពក្នុង ការធ្វើនវានុវត្តន៍ ក្នុងសេដ្ឋកិច្ច ព្រមទាំងបង្កើនចំណេះដឹងសម្រាប់ចាប់យកបច្ចេកវិទ្យាថ្មីៗ និង អភិវឌ្ឍផលិតផលថ្មី ដែលការណ៍នេះលើកកម្ពស់កំណើនសេដ្ឋកិច្ច, ៣-ការអប់រំជួយសម្រួលដល់ការផ្ទេរបច្ចេកវិទ្យា និង ចំណេះដឹងថ្មីៗដទៃ ទៀត ដែលកត្តាទាំងនេះជួយបង្កើនផលិតភាព និង ជំរុញកំណើនសេដ្ឋកិច្ច។

សម្តេចបវរធិបតី បន្ដថា ការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយមូលធនមនុស្សខ្ពស់ធានា បាននូវសមត្ថភាពប្រកួតប្រជែងប្រកប ដោយជោគជ័យរបស់ប្រទេសជាតិ ជាពិសេសនៅក្នុងបរិការណ៍នៃការកើនឡើងជាបន្តបន្ទាប់ នៃសកលភាវូបនីយកម្ម ដែលជាតួអង្គដ៏សំខាន់ នៅក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ច, ការលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា ជាមួយសេដ្ឋកិច្ចសកលឱ្យកាន់តែប្រសើរ និង ការជំរុញពាណិជ្ជកម្មអន្តរជាតិកម្ពុជា ឱ្យកាន់តែទូលំទូលាយ ។

សម្តេចបវរធិបតី មានប្រសាសន៍ថា «ក្នុងបរិការណ៍កើនឡើងនៃបរិវត្តកម្មឌីជីថល, កម្ពុជាពិតជាត្រូវការជាចាំបាច់នូវធនធានមនុស្ស ប្រកបដោយជំនាញខ្ពស់, គំនិតច្នៃប្រតិដ្ឋកម្រិតបច្ចេកទេសល្អ និងរបកគំហើញថ្មីៗ ដើម្បីធានាបាននូវសក្ដានុពលភាពប្រកួតប្រជែងជាអន្តរជាតិ, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និង ចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច»។

លើសពីនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យក្រសួងអប់រំ យុវជន និងកីឡានិង វិស័យឯកជន ត្រូវបន្តធ្វើការកែទម្រង់ប្រព័ន្ធសិក្សា ឱ្យកាន់តែល្អប្រសើរ និងអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗ ដោយផ្តោតការយកចិត្តទុកដាក់បន្ថែមលើចំណេះដឹង និង ជំនាញផ្នែកបច្ចេកវិទ្យា និងឌីជីថល ស្របតាមបរិការណ៍នៃការរីកចម្រើននៃសេដ្ឋកិច្ចនិង សង្គម, ការប្រែប្រួលអាកាសធាតុ, ការប្រកួតប្រជែងនៃទីផ្សារការងារ និងសកលភាវូបនីយកម្ម ៕

To Top