ភ្នំពេញ ៖ សមាគមជាតិក្រុមប្រឹក្សា រាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំមហាសន្និបាត លើកទី៣ ដែលត្រូវបានរៀបចំឡើង ស្របតាមការកំណត់ នៅក្នុងលក្ខន្តិកៈរបស់សមាគម ដើម្បីវាយតម្លៃអំពីសមិទ្ធផលការងារ អាណត្តិទី២ និងបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំរបស់ខ្លួន សម្រាប់អាណត្តិថ្មី និងអនុម័ត ឯកសារគោលនយោបាយ យុទ្ធសាស្ត្រមួយចំនួន របស់សមាគម។
មហាសន្និបាតនេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាព លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទែ តំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនោះលោក ម៉ប់ សារិន ត្រូវបានជាប់ឆ្នោត ជាប្រធានប្រធានសមាគមជាតិ ក្រុមប្រឹក្សារាជធានី ខេត្ត សម្រាប់អាណត្តិទី៣ ។
សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ជាស្ថាប័នមួយយ៉ាងសំខាន់របស់ក្រុមប្រឹក្សារាជធានី ខេត្ត ដែលបង្កើតឡើងនៅក្នុង គោលបំណងលើកកម្ពស់ឋានៈ និងអភិវឌ្ឍសមត្ថភាពដល់ ក្រុមប្រឹក្សារាជធានី ខេត្តជាសមាជិករបស់ខ្លួន ការពារផលប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិក និងកសាងភាពជាដៃគូជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋាន ពង្រឹងនីតិរដ្ឋ និងជំរុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
យោងតាមរបាយការណ៍លោក ម៉ប់ សារិន ប្រធានសមាគមក្រុមប្រឹក្សារាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី២ បានឆ្លុះបញ្ចាំងអំពីដំណើរការ ការដឹកនាំ និងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន បានល្អប្រសើរ ដោយមិនត្រឹមតែ បានពិនិត្យពិភាក្សាលើសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានក្នុងអាណត្តិទី២កន្លងមក និងលើកទិសដៅការងារ សម្រាប់បន្តអនុវត្ត ក្នុងអាណត្តិទី៣ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាន កំណត់អំពីបញ្ហាប្រឈម ដែលត្រូវបន្តដោះស្រាយ ក្នុងកម្រិតផ្ទៃក្នុងសមាគមជាតិ និងបញ្ហាប្រឈមនានា ដែលត្រូវស្នើជូនរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានការសមស្របដោះស្រាយ ទាំងក្នុងក្របខណ្ឌ នៃការកែសម្រួលលិខិតបទដ្ឋានគតិយុត្ត និងការគាំទ្រ ជាក់ស្តែងរបស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ។
លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ សង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៣នេះ នឹងខិតខំប្រឹងប្រែងអនុវត្តតួនាទីរបស់ខ្លួន ដើម្បីនាំមកនូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនដល់ សមាជិករបស់ខ្លួន។
ជាមួយគ្នានេះដែរ ប្រទេសមួយចំនួនដែលជាសមាជិកអាស៊ាន ក៏មានការបង្កើតសមាគមអាជ្ញាធរមូលដ្ឋាន ផងដែរ ដែលប្រទេសទាំងនោះរួមមាន ប្រទេសឥណ្ឌូនេស៊ី ប្រទេសថៃ ប្រទេសហ្វីលីពីន ប្រទេសវៀតណាម និង ប្រទេសកម្ពុជា។ សម្រាប់ព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលទទួលស្គាល់តួនាទី ដ៏មានសារសំខាន់ របស់សមាគមក្រុមប្រឹក្សា រដ្ឋបាលថ្នាក់ក្រោមជាតិ នៅក្នុងដំណើរការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ក្រសួងមហាផ្ទៃបានគាំទ្រនូវការ បង្កើតសម្ព័ន្ធភាពជាតិឃុំ សង្កាត់ នាឆ្នាំ២០០៦ និងសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត នាឆ្នាំ២០១៣ ។ នាពេលបច្ចុប្បន្ននេះ ព្រះរាជាណាចក្រកម្ពុជា មានសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានចុះបញ្ជី ជាផ្លូវការ មានចំនួន៣ ប្រភេទគឺ ១. សម្ព័ន្ធភាពជាតិ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ឬហៅថា សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ២. សមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៅតាមរាជធានី ខេត្ត ឬហៅថា សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានថ្នាក់រាជធានី ខេត្ត និង ៣. សមាគមជាតិក្រុមប្រឹក្សា រាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ។
ឆ្លៀតក្នុងឱកាសនេះ លោក ប៊ុន ហុន ក៏បានស្នើឱ្យសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ បន្តផ្តោត ការយកចិត្តទុកដាក់បន្ថែមទៀត លើការអភិវឌ្ឍសមត្ថភាពរបស់ក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ក្នុងការដឹកនាំ ការគ្រប់គ្រង និងការតាមដានត្រួតពិនិត្យលើការអនុវត្តមុខងារ និងធនធានដែលបានផ្ទេរឱ្យទាំងនោះ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងដោយការចូលរួមតាមបែបប្រជាធិបតេយ្យនៅក្នុង ដែនសមត្ថកិច្ចរបស់ខ្លួន។
លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានប្រកាសគាំទ្រចំពោះលទ្ធផលនៃមហាសន្និបាតលើកទី៣ របស់សមាគមជាតិ ដែលបានពិភាក្សា និង ឯកភាពគ្នាក្នុងមហាសន្និបាតនេះ និងសូមផ្តល់ការលើកទឹកចិត្ត ដល់សមាគមក្នុងការបន្តពង្រឹងសមត្ថភាពសមាជិក របស់ខ្លួន ដើម្បីរួមចំណែកជាមួយ គ.ជ.អ.ប និងក្រសួងមហាផ្ទៃ ក្នុងការពង្រឹងសមត្ថភាព សិទ្ធិអំណាច និង ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ដើម្បីធានាដល់ការអនុវត្តមុខងារ ជាអាណត្តិទូទៅរបស់ខ្លួនផង និង មុខងារជាច្រើនទៀតដែលបានផ្ទេរ និងបន្តផ្ទេរនាពេលខាងមុខ ឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាព៕