ព័ត៌មានជាតិ

ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង និងនាយឧត្តមសេនីយ៍ ស ថេត អញ្ជើញផ្សព្វផ្សាយច្បាប់ស្ដីពី ការប្រឆាំងអំពើពុករលួយ ដល់មន្ដ្រីនគរបាលជាតិ

ភ្នំពេញ៖ លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើជាសហអធិបតី ក្នុងពិធីផ្សព្វផ្សាយច្បាប់ស្ដីពីប្រឆាំងអំពើពុករលួយ ដល់ថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ តាមបណ្តាអង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។

ពិធីផ្សព្វផ្សាយនេះ ត្រូវបានធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអនុប្រធាន ឧបការី អគ្គនាយករង នៃអង្គភាពប្រឆាំងអំពើពុករលួយ ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងនាយនគរបាល ចំនួនជិត៦០០នាក់។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បានលើកឡើងថា ការរៀបចំពិធីដ៏មានសារៈសំខាន់ថ្ងៃនេះ ជាសក្ខីភាពឆ្លុះបញ្ចាំងឲ្យឃើញថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមអនុវត្តចំណុចស្នូល និងមុំទី៣នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានផ្ដោតសំខាន់លើការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ព្រមទាំងធ្វើទំនើបកម្ម រដ្ឋបាលសាធារណៈឲ្យមានសមត្ថភាពខ្ពស់ ខ្លាំង ឆ្លាតវៃ និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ជូនប្រទេសជាតិ និងប្រជាប្រជាពលរដ្ឋ។

ក្នុងន័យនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយអង្គភាពប្រឆាំងអំពើ ពុករលួយរៀបចំ «កម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» ដែលមានសមាសភាពចូលរួមចាប់ពី ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត រហូតដល់អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ដែលមានចំនួនសរុបចំនួន៥៩៧រូប។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានធ្វើការវាយតម្លៃខ្ពស់ និងស្ញប់ស្ញែងចំពោះមន្ដ្រីនគរបាលជាតិទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារបម្រើប្រជាពលរដ្ឋ ពិសេសការធានាដល់សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ។

ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានគូសបញ្ជាក់ថា ការផ្សព្វផ្សាយច្បាប់ប្រឆាំងអំពើពុករលួយនាពេលនេះ ក្នុងគោលបំណងលើកកម្ពស់ ប្រសិទ្ធភាពសេវាគ្រប់បែបយ៉ាង ពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋនៅក្នុងការដឹកនាំ និងការគ្រប់គ្រងរដ្ឋ និងរក្សាភាពស្អាតស្អំ និងយុត្តិធម៌ដែលជាមូលដ្ឋានចាំបាច់ ក្នុងការអភិវឌ្ឍ សង្គមជាតិ និងការកាត់បន្ថយភាពក្រីក្រ។

ទេសរដ្ឋមន្ដ្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបន្ថែមទៀតថា ច្បាប់នេះមានគោលដៅប្រយុទ្ធប្រឆាំងអំពើពុករលួយ តាមរយៈការចាត់វិធានការអប់រំ បង្ការ ទប់ស្កាត់ និងអនុវត្តន៍ច្បាប់បង្ក្រាបបទល្មើស ពុករលួយដោយមានការចូលរួម និងគាំទ្រពីមហាជន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕

To Top