ព័ត៌មានជាតិ

លោក ឃួង ស្រេង ឱ្យគណៈបញ្ជាការឯកភាពខណ្ឌ ដាក់កម្លាំងអន្តរាគមន៍ ប្រចាំការ ជាប់ក្នុងមូលដ្ឋាន ភូមិសង្កាត់ លើការបង្ក្រាបក្មេងទំនើង

រូបភាព៖​ រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ បានណែនាំឱ្យត្រូវមានកម្លាំងអន្តរាគមន៍ជាប់នៅតាមសង្កាត់ ដើម្បីអាចអន្តរាគមន៍បានភ្លាមៗនៅនឹងកន្លែង នៅពេលមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ លើមុខសញ្ញាក្មេងទំនើង ដោយឡែកចំពោះករណីមុខសញ្ញាមិនទាន់មានសកម្មភាព តែក៏ត្រូវធ្វើកំណត់ហេតុបញ្ឈប់សកម្មភាព របស់ក្រុមក្មេងទំនើង ដើម្បីឱ្យអាណាព្យាបាល ឬមាតាបិតារបស់ក្មេងទំនើងទាំងនោះ បានទទួលជ្រាបជាព័ត៌មានជាមុន ។

ការណែនាំរបស់លោក ឃួង ស្រេង ខាងលើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ ។

ក្នុងឱកាសនោះ លោក ឃួង ស្រេង ក៏បានធ្វើការកោតសរសើរ ចំពោះគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ដែលបានយកគោលការណ៍ រៀបចំយន្តការក្រុមការងារតេឡេក្រាម នៅតាមបណ្តាគ្រឹះស្ថានសាធារណៈទាំងអស់ ដោយមិនបានផ្តោត លើតែសាលារៀនរដ្ឋ ឬឯកជននោះទេ ។

ក្នុងនោះលោកអភិបាលរាជធានីភ្នំពេញ បានឱ្យបង្កើតគណៈប្រចាំការចាំបញ្ជាមួយ តាមខណ្ឌ ដោយមានអភិបាលរងខណ្ឌម្នាក់ដឹកនាំនិងមានអធិការរងនគរបាលម្នាក់ , មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌម្នាក់ ត្រូវដាក់កម្លាំងអន្តរាគមន៍បង្ក្រាបក្មេងទំនើង ដោយក្នុងខណ្ឌនីមួយៗ មានអភិបាលរងខណ្ឌ ៦នាក់ ត្រូវបែងចែកគ្នាមើលឱ្យសព្វគ្រប់កិច្ចការ ពិសេសក្មេងទំនើងនេះ ។

ជាមួយគ្នានេះ លោក ក៏ឱ្យធ្វើដល់ឬសគល់ នៃអំពើល្មើស រាប់តាំងពីល្បែងស៊ីសងតាមអនឡាញ, ឆ្នោតឡូតូ, កន្ទុយលេខ និងល្បែងជល់មាន់ជាដើម ។ ជាមួយគ្នានេះដែរ អាជ្ញាធរខណ្ឌត្រូវសហការជាមួយអាជ្ញាធរស្រុក នៃខេត្តជាប់ព្រំប្រទល់ជាមួយរាជធានីភ្នំពេញ ឱ្យបានប្រទាក់ក្រឡាគ្នាទប់ស្កាត់បទល្មើសឆ្លងព្រំប្រទល់ ឲ្យបាន។

ទោះជាយ៉ាងណាក៏ដោយលោក ឃួង ស្រេង ក៏បានណែនាំបន្ថែម ដោយឱ្យគណៈបញ្ជាការឯកភាពខណ្ឌ បន្តយកចិត្តទុកដាក់ខ្ពស់ ជុំវិញករណីក្មេងទំនើងនេះបន្ថែម ដោយមិនត្រូវបន្ធូដៃឡើយ ។

លោក ឃួង ស្រេង ក៏បានផ្តល់នូវវិធានការមួយចំនួន ដោយអាចឈានទៅដល់ការសហការ ជាមួយថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សា សម្រាប់ធ្វើការតួតពិនិត្យ ទៅដល់មុខសញ្ញាណាមួយ ដែលគ្រឹះស្ថានសិក្សាមានការសង្ស័យ ត្រូវឆែកឆេ ជាពិសេសអាចឆែកឆេលើសម្ភារៈប្រើប្រាស់ ដូចជាម៉ូតូរបស់សិស្សសាលា ដែលអាចមានលទ្ធភាពលាក់ទុកអាវុធ ដែលអាចបង្កជារបួសស្នាម ដូចជាដាវសាម៉ូរៃជាដើម ។

ក្នុងនោះ លោក ឃួង ស្រេង ក៏បានណែនាំបន្ថែមឱ្យកងកម្លាំង ដែលរងចាំទទួលសេចក្តីរាយការណ៍ ត្រូវលាក់ការប្រភព ដើម្បីធានាសុវត្ថិភាព ជូនអ្នកដែលផ្តល់ព័ត៌មាន មកកាន់កម្លាំងផងដែរ ។

លោក ឃួង ស្រេង មានប្រសាសន៍ថា “ដឹងថាក្មេងទំនើងនៅភូមិណា បើមេភូមិរាយការណ៍ យើងត្រូវលាក់ការឱ្យគាត់ ហើយចុះអន្តរាគមន៍ ត្រូវត្រួតពិនិត្យធ្វើកិច្ចសន្យា លាយល័ក្ខអក្សរ បើចាំបាច់អញ្ជើញព្រះរាជអាជ្ញាទៅជាមួយ ធ្វើកំណត់ហេតុរដ្ឋបាលឱ្យបញ្ឈប់” ។

ក្នុងនោះលោក ឃួង ស្រេង ក៏បានឱ្យស្វែងរកមុខសញ្ញាតាមរយៈរូបថត ឬវីដេអូ ឬតាមរយៈអ្វីដែលបង្ហាញឱ្យឃើញថាក្រុមក្មេងទំនើងទាំងអស់នោះ បានធ្វើសកម្មភាពបង្កចលាចល ឬបង្ហោះម៉ូតូជាដើម ។

លោក ឃួង ស្រេង ក៏បានឱ្យរៀបចំប្រព័ន្ធតេឡេក្រាម ប្រព័ន្ធ Whatapp ដើម្បីទទួលព័ត៌មាន និងរបាយការណ៍ ត្រៀមលក្ខណៈនៅក្នុងគណៈបញ្ជាការឯកភាពខណ្ឌ ដើម្បីអត្តរាគមន៍ទៅសង្កាត់ យកក្មេងទំនើងមកអប់រំឱ្យអស់ ។

ជាមួយគ្នានេះ លោក ឃួង ស្រេង ក៏បានលើកឡើងនូវប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានផ្តល់អនុសាសន៍ថា ការចាប់យកក្មេងទំនើងមកអប់រំ គឺជាការជួយក្មេងៗទាំងនោះវិញទេ ហើយជួយដល់អាណាព្យាបាល និងមាតាបិតារបស់ពួកគេ នៅពេលដែលអាណាព្យាបាល និងមាតាបិតា ប្រៀនប្រដៅមិនតាម មិនស្តាប់ មានតែកងកម្លាំងទៅវិញទេ ដែលអាចជួយពួកគាត់បាន តាមរយៈការយកទៅអប់រំ កសាងខ្លួន ក្នុងរយៈពេលណាមួយ ដើម្បីឱ្យត្រឡប់មកវិញ ក្លាយជាពលរដ្ឋល្អ កូនល្អឡើងវិញ ។

លោក ឃួង ស្រេង មានប្រសាសន៍ថា “បើទុកបណ្តោយឱ្យគាត់ នៅធ្វើកិច្ចការងារបែបនេះទៀត (សកម្មភាពក្មេងទំនើង) នោះគាត់នឹងក្លាយទៅជាមនុស្ស ទំពាំងដែលស្អុយ ចឹងយើងគួរតែជួយសង្គមយើងតាមរបៀបនេះ ហើយនេះជាកាតព្វកិច្ចសម្រាប់មន្ត្រីរាជការ” ។

សូមបញ្ជាក់ថា ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រ ជូនសិស្សនិស្សិតនៃសកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរួមគ្នាបង្ក្រាបករណីក្មេងទំនើងឲ្យបានផុសផុល ដោយមិនត្រូវបន្ធូរបន្ថយដៃនោះទេ ជាពិសេសក្មេងៗដែលអួតអាងគ្នា អំពីដាវសាំម៉ូរ៉ៃ លើហ្វេសប៊ុកត្រូវមានចំណាត់ការតាមផ្លូវច្បាប់ឲ្យបានម៉ឺងម៉ាតបំផុត៕

To Top