ស្វាយរៀង៖ នគរបាលស្រុកស្វាយជ្រំ ឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើង ៦នាក់ ករណីកាន់ដាវ និងកាំបិត ជិះម៉ូតូអូស បណ្តោយថ្នល់បង្កការភ័យខ្លាចដល់អ្នកធ្វើដំណើរ។
លោក សោម សុភណ្ឌ័ អធិការនគរបាលស្រុកស្វាយជ្រំ បានឲ្យដឹងនៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះថា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១ និង៣០នាទី រសៀល ប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិរាជ បានទទួលពត៌មានពីប្រជាពលរដ្ឋថា មានក្មេងទំនើងមួយក្រុមមានគ្នាប្រហែល ៥នាក់ទៅ ៦នាក់ជិះម៉ូតូចំនួន ៣គ្រឿង បានកាន់ដាវ និងកាំបិត ជិះម៉ូតូអូសបណ្តោយថ្នល់ពីទិសខាងត្បូងទៅទិសខាងជើងបានចំងាយ ៥០០ម៉ែត្ររួចហើយក៏នាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។
លោកអធិការបានបន្តថា ពេលទទួលបានព័ត៌មានកម្លាំងជំនាញស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលពោធិរាជ ប៉ុស្តិ៍នគរបាលរដ្ឋបាលធ្លក ប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសូ ប៉ុស្តិ៍នគរបាលរដ្ឋបាលដូនស ស្ទាក់តាមគោលដៅប្រទាក់ក្រឡានីមួយៗ បន្ទាប់មកសមត្ថកិច្ច បានធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាបានចំនួន ៦នាក់នៅចំណុចកញ្ចុះលក់ដូរដងព្រែក ស្ថិតនៅភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក៏នាំខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីសាកសួរ។
លោកអធិការបានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងទំនើងទាំង ៦នាក់ បានឆ្លើយសារភាពថា នៅថ្ងៃទី២៥ខែធ្នូឆ្នាំ២០២៤ វេលាម៉ោង១រសៀល បក្សពួកខ្លួន បានបបួលគ្នាជិះម៉ូតូចំនួន ៣គ្រឿងបានដាក់ដាវនិងកាំបិតកាកុកក្នុងកែបម៉ូតូជិះចេញពីឃុំធ្លក ស្រុកស្វាយជ្រំ ជិះម៉ូតូទៅដើរលេងនៅក្នុងក្រុងស្វាយរៀង រហូតដល់ម៉ោង១និង៥០នាទីរសៀល ទើបបបួលគ្នាជិះម៉ូតូចេញពីក្រុងស្វាយរៀងវិញ រហូតមកដល់ចំណុចលើថ្នល់ស្ថិតនៅភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង ក៏កាន់ដាវនិងកាំបិតអូសតាមបណ្តោយថ្នល់បានចម្ងាយប្រហែល ១៥០០ម៉ែត្រ ក៏ឈប់អូសក៏ជិះម៉ូតូទៅដល់ភូមិអញ្ចាញ ឃុំពោធិរាជ ស្រុកស្វាយជ្រំ ក្រុមបក្សពួកខ្លួនក៏កាន់ដាវនិងកាំបិតអូសលើថ្នល់ម្តងទៀតបានចម្ងាយប្រហែល៥០០ម៉ែត្រទើបឈប់បាននាំគ្នាជិះម៉ូតូចូលផ្ទះ។
បន្ទាប់មកក៏យកដាវនិងកាំបិតដាក់ក្នុងកែបម៉ូតូបបួលគ្នាជិះម៉ូតូដើរលេង ទៅកញ្ចុះលក់ដូរដងព្រែកស្ថិតនៅភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រំ ពេលក្រុមបក្សពួកខ្លួនកំពុងអង្គុយលេង ស្រាប់តែសមត្ថកិច្ចមកដល់បានឃាត់ពួកខ្លួនទាំង៦នាក់ និងដកហូតវត្ថុតាងកាំបិតនិងដាវនៅក្នុងកែបម៉ូតូរបស់ពួកខ្លួន។
ក្រោយពីបានស្តាប់ចម្លើយសារភាពរបស់មុខសញ្ញាក្មេងទំនើងរួចហើយ លោកអធិការនគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ ស្នងការ និងបានសុំយោបល់ លោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ឃាត់ខ្លួនមុខសញ្ញាក្មេងទំនើងទាំង ៦នាក់នៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ។
រហូតដល់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បានបញ្ជូនក្រុមក្មេងទំនើងទៅផែនការងារនគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការតាមច្បាប់៕