ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ ការពិនិត្យឡើងវិញ និងវិភាគមុខងារ រចនាសម្ព័ន្ធ មិនមែនជាយន្តការវះកាត់នោះទេ

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការ គ.វ.រ. បានលើកឡើងថា ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ មិនមែនជាយន្តការវះកាត់រចនាសម្ព័ន្ធ ឬធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ របស់មន្ត្រីដែលមានចែង ដោយច្បាប់នោះទេ។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងសិក្ខាសាលាស្តីពី «ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។

លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកបញ្ជាក់អំពីសាវតា និង គោលបំណងនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារនិង រចនាសម្ព័ន្ធក្រសួង ស្ថាប័ន ថាជាផ្នែកមួយដ៏សំខាន់ នៃវិធានការគន្លឹះទី២ នៃការកែទម្រង់រដ្ឋបាលសាធារណៈ និងតាមរយៈការដឹកនាំតម្រង់ទិស ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចង្អុលបង្ហាញឱ្យក្រសួង ស្ថាប័នសាមី ចាំបាច់ធ្វើការវិភាគមុខងារ ដែលក្រសួង ស្ថាប័នសាមី ត្រូវចូលរួមសហការ និងអនុវត្តទាំងអស់គ្នា ដោយឈរលើភាពជាម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់។ ទន្ទឹមនោះ ក្រសួងមុខងារសាធារណៈដែលជាលេខាធិការដ្ឋាន នៃ គ.វ.រ. តែងតែត្រៀម លក្ខណៈរួចរាល់ក្នុងការគាំទ្រ ផ្នែកបច្ចេកទេសសម្របសម្រួល ដល់ក្រសួង ស្ថាប័នទាំងនោះ។

លោក បានបន្ថែមថា «ការពិនិត្យឡើងវិញ និង ការវិភាគមុខងារ និងរចនាសម្ព័ន្ធ មិនមែនជាយន្តការវះកាត់ ឬធ្វើឱ្យប៉ះពាល់ ផលប្រយោជន៍ របស់មន្ត្រី ដែលមានចែងដោយច្បាប់នោះទេ ប៉ុន្តែកាវិភាគមុខងារ ជាការសម្រួចការអនុវត្ត ឱ្យចំគោលដៅអាទិភាព នៃមុខងាររបស់ក្រសួង ស្ថាប័ន និងសម្រួចចក្ខុវិស័យក្រសួង ស្ថាប័ន ឱ្យស្របទៅការងារ អាទិភាពជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងជាឱកាសក្នុងការកសាង រដ្ឋបាលសាធារណៈ សម្រាប់អនាគតកម្ពុជា និងអ្នកជំនាន់ក្រោយរបស់កម្ពុជា» ។

លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់អំពីវប្បធម៌នៃការសហការការងារជាមួយគ្នាថា អភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដែលជាការគិតគូរ ផ្គួបផ្សំនឹងជំហរ របស់ក្រសួងមុខងារ សាធារណៈ អាណត្តិទី៧ គឺប្រកាន់ជំហរ ក្នុងការពិគ្រោះយោបល់ ឱ្យបានច្រើន ដើម្បីស្វែងយល់ពីគ្នា ទៅវិញទៅមក មិនមែនគ្រាន់តែរៀបចំដាក់ជាបន្ទុក ឱ្យអនុវត្តតែម្តងនោះទេ។

លោក ថា «យើងចង់ឱ្យមានមតិពិគ្រោះយោបល់ និងជាសំណួរ ដើម្បីឱ្យយើងមានការបកស្រាយជាហេតុ និងផល និងដើម្បីឱ្យក្រសួងសាមីចូលរួមចំណែកជាមួយគ្នាក្នុងការអនុវត្តវិធានការគន្លឹះ ជាពិសេសការវិភាគមុខងារទៅមុខបន្តទៀត»

សូមបញ្ជាក់ថា សិក្ខាសាលានេះ មានបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូបរួមមាន៖ (១) ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និង (២) ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្ត ការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ៕

To Top