ព័ត៌មានជាតិ

រដ្ឋមន្រ្តី ឌិត ទីណា លើកទឹកចិត្តគ្រប់ភាគីពាក់ព័ន្ធ ត្រូវធ្វើការណែនាំប្រជានេសាទផ្លាស់ប្តូរទម្លាប់ មកជាការនេសាទស្របច្បាប់

ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការគ្នា ក្នុងការបង្រ្កាបបទល្មើសខុសច្បាប់នានា ទាំងសកម្មភាពជាក់ស្តែង និងនៅតាមទីផ្សារ ដោយត្រូវធ្វើការណែនាំប្រជានេសាទ ផ្លាស់ប្តូរទម្លាប់មកជាការនេសាទស្របច្បាប់។

ការលើកឡើងរបស់ រដ្ឋមន្រ្តី ឌិត ទីណា នាឱកាសអញ្ជើញជាអធិបតីពិធី បិទកិច្ចប្រជុំបូកសរុបការងារអនុវិស័យជលផល ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្ត ឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២៥ ធ្នូ។

នាឱកាសនេះ លោករដ្ឋមន្រ្តី បានសម្ដែងកោតសរសើរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ អនុវត្តការងារជាក់ស្តែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃរដ្ឋបាលជលផល ជាពិសេសការងារអភិរក្សធនធានជលផល និងធនធានកម្រទឹកសាប និងសមុទ្រ រហូតទទួទលបានលទ្ធផលជាវិជ្ជមាន តាមរយៈការវិលត្រលប់មកវិញនូវអណ្តើកហ្លួង ផ្សោតទន្លេមេគង្គ ផ្សោតឃ្លៀច ផ្សោតផ្កាឈូក ជ្រូកទឹកជាដើម ដែលសុទ្ធសឹងតែជាធនធានជលផលកម្រ និងខ្លះកំពុងរងគ្រោះជិតផុតពូជ។

លោករដ្ឋមន្រ្តី បានលើកឡើងពីគោលនយោបាយអាទិភាព ក្នុងវិស័យកសិកម្មក្នុងធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ មានហូប មានប្រើ មានបាន និងមានរហូត។ បើតាម លោករដ្ឋមន្ដ្រី រដ្ឋបាលជលផលត្រូវស្វែងយល់ និងកំណត់ទិសដៅ ពីដំណាក់កាលនីមួយៗឱ្យបានច្បាស់លាស់ និងត្រូវចេះច្នៃប្រឌិត ក្នុងគោលដៅជួយលើកកម្ពស់ប្រជានេសាទ ឱ្យមានហូបគ្រប់គ្រាន់តាមរយៈការធ្វើនេសាទ និងមានបានតាមរយៈការជំរុញការងារវារីវប្បកម្ម ព្រមទាំងអាចកែច្នៃផលិតផល ប្រកបដោយគុណភាពល្អ មានអនាម័យ សុវត្ថិភាព និងមានតម្លៃបន្ថែមខ្ពស់។

ពាក់ព័ន្ធនឹងការងារចុះបង្ក្រាប លោករដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការគ្នាក្នុងការ បង្រ្កាបបទល្មើសខុសច្បាប់នានាទាំងសកម្មភាពជាក់ស្តែង និងនៅតាមទីផ្សារ ដោយត្រូវធ្វើការណែនាំដល់ប្រជានេសាទ ផ្លាស់ប្តូរទម្លាប់មកជាការនេសាទស្របច្បាប់ មានការកំណត់ឧបករណ៍ត្រឹមត្រូវ យល់ដឹងពីការព្រលែងនូវប្រភេទសត្វកម្រ និងការនេសាទឆ្ងាយពីតំបន់ត្រីមេពូជ ដើម្បីនិរន្តរភាពធនធានជលផល និងជាគុណប្រយោជន៍របស់ប្រជាពលរដ្ឋទូទាំងប្រទេស។

ទន្ទឹមនឹងនេះផងដែរ លោករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំដល់អង្គពិធី ត្រូវយកចិត្តទុកដាក់ជំរុញការងារវារីវប្បកម្ម កៀរគរគម្រោង និងវិស័យឯកជន ចូលរួមវិនិយោគ ដោយសហការផ្តល់ជំនួយបច្ចេកទេស សំដៅដល់ការអភិវឌ្ឍវារីវប្បកម្មគ្រប់ប្រភេទ ការងារធាតុចូលជលផល និងតម្រូវការហេដ្ឋារចនាសម្ព័ន្ធនានា។

ថ្លែងពីតម្រូវការ និងការផ្គត់ផ្គង់ឱ្យបានច្បាស់លាស់ត្រឹមត្រូវ ពង្រឹងនូវខ្សែចង្វាក់តម្លៃ ដោយផ្សាភ្ជាប់ជាមួយវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងទីតាំងម្ហូបអាហារនានា ក៏ជាការងារសំខាន់ដែលរដ្ឋបាលជលផលត្រូវយកចិត្តទុកដាក់ផងដែរ។ ចំពោះការផ្តល់សេវាសាធារណៈ លោករដ្ឋមន្ដ្រី ជំរុញការធ្វើឌីជីថលូបនីយកម្ម ផ្ដល់សេវាកម្មដល់សាធារណជនតាមប្រព័ន្ធអនឡាញ ដែលមានភាពងាយស្រួល ទាន់ពេលវេលា និងមានការគ្រប់គ្រងច្បាស់លាស់៕

To Top