កំពង់ចាម ៖ ក្នុងឱកាសបិទវេទិកាឆ្លុះបញ្ចាំងប្រចាំឆ្នាំ អ្នកសម្របសម្រួល គណនេយ្យភាពសហគមន៏ នាថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៤ ដែលបានធ្វើឡើងរយៈពេលមួយថ្ងៃកន្លះ នៅសាលាខេត្តកំពង់ចាម អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា គណនេយ្យភាពសង្គម គឺជាដំណើរការ នៃការផ្សារភ្ជាប់ទំនាក់ទំនង ដ៏ល្អប្រសើររវាងប្រជាពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
លោកអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ជាការពិតណាស់ គណនេយ្យភាពសង្គមក្នុងកិច្ច ដំណើរការកំណែទម្រង់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គឺមានគោលបំណងផ្តល់នូវសិទ្ធិអំណាចដល់ប្រជាពលរដ្ឋ
សហគមន៍មូលដ្ឋាន ជាពិសេស ក្រុមដែលតំណាង ឲ្យផលប្រយោជន៍របស់ស្រី្ត យុវវ័យ និងក្រុមជនងាយរងគ្រោះនានា ក្នុងការចូលរួមពង្រឹង ការចាត់ចែង ការប្រើប្រាស់ថវិកា និង ការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន តាមរយៈការលើក កម្ពស់នូវ ភាពងាយទទួលបានព័ត៌មាន និងការចូលរួមពិនិត្យតាមដានលើការងារថវិកា និងការបំពេញការងារ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ។
បន្ថែមលើនេះគណនេយ្យភាពសង្គម គឺជាដំណើរការ នៃការផ្សារភ្ជាប់ទំនាក់ទំនង ដ៏ល្អប្រសើររវាងប្រជាពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយក៏ជាមធ្យោបាយមួយដែលបន្សំគ្នារវាងគោលការណ៍ទាំងឡាយ នៃអភិបាលកិច្ច ដែលក្នុងនោះ រាល់ការធ្វើសេចក្តីសម្រេចចិត្ត និងការអនុវត្តសកម្មភាពជាសាធារណៈនានា របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានប្រកាន់យកតាមកិច្ចដំណើរការនេះ ។ ព្រោះថា ជាទូទៅ កិច្ចដំណើរការនេះ រាល់សកម្មភាពទាំងឡាយណា ដែលផ្ដល់ឱកាស ឲ្យប្រជាពលរដ្ឋ និងតំណាងរបស់ខ្លួនអាចការពារ នូវផលប្រយោជន៍របស់ខ្លួន និងពិនិត្យតាមដាន លើការបំពេញការងារ របស់ក្រុមប្រឹក្សា មន្ត្រីរដ្ឋបាល និងអ្នកផ្តល់សេវាកម្មនានា ដែលជាអ្នកអនុវត្តសេចក្តី សម្រេចចិត្តទាំងឡាយពាក់ព័ន្ធនឹងសិទ្ធិ បទបញ្ញត្តិ ធនធាន និងការផ្តល់សេវាកម្មនៅមូលដ្ឋាន។
ដូចនេះគណនេយ្យភាពសង្គមតម្រូវ ឲ្យមានការរៀបចំនូវយន្តការនានា នៃការប្រាស្រ័យទាក់ទងដ៏ច្បាស់លាស់ និងមានប្រសិទ្ធភាពរវាងតួអង្គ ចំនួនពីរក្រុម ពោលគឺ ក្រុមប្រជាពលរដ្ឋ និងរដ្ឋបាល
ថ្នាក់ក្រោមជាតិ ដែលត្រូវ ឆ្លើយតប និងមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋ ។
ម្យ៉ាងវិញទៀត វេទិកានេះបានបង្ហាញ ឱ្យឃើញអំពីសារៈប្រយោជន៍ដ៏សំខាន់ នៃការអនុវត្តផែនការយុទ្ធសាស្ត្រ ស្តីពីការងារគណនេយ្យភាព សង្គម ដែលក្នុងនោះ គឺត្រូវបង្កើន ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងដំណើរការកែលម្អ សេវាសាធារណៈ ជំរុញការផ្លាស់ប្តូរឥរិយាបថ របស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់សេវា និងជំរុញឱ្យមានការផ្លាស់ប្ដូរ ឥរិយាបថរបស់អ្នកផ្តល់សេវាទាំងបី ក្នុងការកាត់បន្ថយគម្លាតរវាងប្រជាពលរដ្ឋ និងអ្នកផ្តល់សេវា ជាពិសេសគឺការប្តេជ្ញ
ចិត្តខ្ពស់របស់អ្នកផ្តល់សេវាទាំងបី ក្នុងការកែលម្អសេវា របស់ខ្លួន ជូនប្រជាពលរដ្ឋ នៅមូលដ្ឋានឲ្យរឹត តែមានភាពប្រសើរឡើង ៕