ព័ត៌មានជាតិ

លោកទូច សុឃៈ ៖ អ្នកមួលបង្កាច់ ថ្នាក់ដឹកនាំកម្ពុជា គឺគ្មានសីលធម៌ក្នុងខ្លួន

ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានលើកឡើងថា អ្នកនៅក្រៅប្រទេស ដែលបានបញ្ចេញ សារប្រមាថមាក់ ងាយមកលើថ្នាក់ដឹកនាំកម្ពុជា ជាហូរហែរ នៅក្នុងរយៈពេលចុងក្រោយនេះ គឺគ្មានសីលធម៌នៅក្នុងខ្លួន ទាល់តែសោះ ។

ការលើកឡើង ទៅកាន់ក្រុមប្រឆាំង ជ្រុលនិយមនិរទេសខ្លួន នៅបរទេសនេះ ដោយសារពួកគេបានបង្កើតសារ និងព័ត៌មានក្លែង ក្លាយមួលបង្កាច់ដល់ អាយុជីវិតថ្នាក់ដឹកនាំក្រសួង និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ កាលពីថ្ងៃ២៦ ធ្នូថា ពួកគេបង្កើតសារមួលបង្កាច់ ដល់អាយុជីវិត ដល់ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និង រាជរដ្ឋាភិបាលនេះ គឺមានចរឹកអមនុស្សធម៌ អគុណធម៌ គ្មានសីលធម៌ គឺសមជាមនុស្សនោះទេ ហើយក៏គ្មានក្រមសីលធម៌ សមជាអ្នកនយោបាយទាល់តែសោះដែរ។

លោកបញ្ជាក់ថា “សារនេះ គឺជាសារអសីលធម៌បំផុតមានលក្ខណៈប្រមាថមើលងាយអាយុជីវិតរបស់ថ្នាក់ដឹកនាំមួយរូប ហើយខ្ញុំនិងថ្នាក់ដឹកនាំដទៃទៀត កំពុងតែធ្វើការងារជាមួយលោក (លោក ស ថេត)ទាំងការងារផ្ទាល់ និងការងារជជែក តាមទូរស័ព្ទដៃជាមួយលោក ។ និយាយឲ្យខ្លីសារនេះ សូម្បីតែរូបចម្លាក់ក៏មិនជឿផង មិនចាំបាច់រហូតដល់ក្មេង ថ្នាក់មតេយ្យមិនជឿ សូម្បីតែរូបចម្លាក់ក៏ មិនជឿលើសារអសីលធម៌ របស់បុគ្គលនេះដែរ”។

ចំពោះសារដាក់ថា មន្រ្តីជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃ១០រូប ដែលពួកគេមិនគាំទ្រ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងត្រូវដកហូតតំណែង ដោយសារតែមិនទុកចិត្ត បណ្ឌិត ទូច សុឃៈច្រានចោលថា ជារឿងមិនពិតនោះទេ ព្រោះក្នុងក្រសួងគ្មានការ បែកចែកបក្ខពួកនោះទេ គឺរួមគ្នាធ្វើការជាគ្រួសារក្រសួងមហាផ្ទៃតែមួយ និងជាកោសិកា របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដោយគ្មានមនុស្សរបស់បុគ្គលនេះ បុគ្គលនោះទេ។

អ្នកនាំពាក្យបន្តថា សាររបស់ពួកក្រុម ជ្រុលនិយមនេះ គឺជាសារស្រមើលស្រមៃ ដែលចេញពីរបៀបវារៈនយោបាយ ដ៏ពិសពុលបាត់បង់ភាពជាមនុស្ស ៕

To Top