ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ា ៖ ការវិនិយោគ លើវិស័យសុខាភិបាល ជាការវិនិយោគ លើសុខភាពជាតិ

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា ការវិនិយោគ ទៅលើវិស័យសុខាភិបាល គឺជាការវិនិយោគ លើសុខភាពជាតិ និងជាការវិនិយោគ ដើម្បីភាពមានបានរបស់ប្រជាពលរដ្ឋ ។
ការលើកឡើង របស់លោកសាស្ត្រាចារ្យ ឈាង រ៉ានេះ នាឱកាសដឹកនាំកិច្ចប្រជុំប្រចាំខែធ្នូ ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាព និងបូកសរុបការងារ សមិទ្ធផលការងារ និងលើកទិសដៅការងារបន្ត នាថ្ងៃ២៦ ធ្នូ ។

ជាមួយគ្នានេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានបង្ហាញពីសមិទ្ធផលនានា ដែលក្រសួងសុខាភិបាលសម្រេចបាន សមិទ្ធផលជាច្រើនក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ និងសំដែងនូវការកោតសរសើរ ចំពោះសមិទ្ធផលដែលសម្រេចបាននេះ ដែលពិតជាឆ្លុះបញ្ចំងពីកិច្ចខិតខំប្រឹងប្រែង សហការគ្នា សាមគ្គីភាព ដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល គ្រប់កម្រិត។

ទន្ទឹមនឹងនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍នូវចំណុចសំខាន់ៗ ក្នុងការទិសដៅការងារ អនុវត្តបន្តឲ្យកាន់តែមានប្រសិទ្ធភាព រួមមាន៖ ១) នវានុវត្តន៍ប្រព័ន្ធសុខភាពឌីជីថល (Digital Health) ២) គោលដៅទប់ស្កាត់នៃជំងឺគ្រុនឈាម ៣) ពង្រឹងបន្ថែមទៀតទៅលើការងារអធិការកិច្ច ៤) ពង្រឹងទៅជំងឺមិនឆ្លង ៥) ការត្រៀមក្នុងទប់ស្កាត់ និងឆ្លើយតបនឹង ជំងឺឆ្លងនានា និង ៦) ផ្តោតទៅលើជំងឺមហារីក ដែលបង្កើនភាពបុរេសកម្មបន្ថែមទៀត ក្នុងវិស័យសុខាភិបាល ព្រមទាំងជួយជំរុញការអនុវត្ត ស្របទៅតាមពេលវេលា មានសន្ទុះលឿន និង មានប្រសិទ្ធភាពកាន់តែខ្ពស់ ដើម្បីស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃអាណ្តិតទី៧ និង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតលើវិស័យសុខាភិបាល ជាវិស័យអាទិភាព ៕

To Top