ព័ត៌មានជាតិ

កម្ពុជា-វៀតណាម រៀបចំវេទិកាជំរុញ ពាណិជ្ជកម្ម និងវិនិយោគ ស្តីពីការបង្កើន កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល

ភ្នំពេញ ៖ លោក ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី២៥ ធ្នូ បានអញ្ជើញជាកិត្តិយសថ្លែង សុន្ទរកថា ស្វាគមន៍ក្នុង វេទិកាខាងលើ ដែលបានរៀបចំឡើង នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម, ការិយាល័យពាណិជ្ជកម្ម វៀតណាមប្រចាំកម្ពុជា និងសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា។

វេទិកានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្កលក្ខណៈ សម្រាប់វិនិយោគិន និងធុរជនកម្ពុជា និងវៀតណាមក្នុងការបង្កើតទំនាក់ទំនង និងបណ្តាញ ព្រមទាំងពិភាក្សាស្វែងយល់ និងផ្លាស់ប្តូរនូវព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងសក្តានុពល និងកាលានុវត្តភាពធុរកិច្ច និងវិនិយោគនៅប្រទេសកម្ពុជា ពិសេសពាក់ព័ន្ធកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល ។

លោក អគ្គលេខាធិការ បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិកដែលកំពុងវិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងបរិបទសង្គមនាពេលបច្ចុប្បន្ន និងនិន្នាការសកល នៃយុគសម័យឌីជីថល ហើយបានចូលរួមចំណែកក្នុងការកាត់បន្ថយថ្លៃដើម និងពេលវេលា, បង្កើនការលក់ និងផលិតភាព ព្រមទាំងលទ្ធភាពក្នុង ការពង្រីកវិសាលភាព ទីផ្សារបានលឿនរហ័ស។

លោកបានលើកទឹកចិត្តដល់វិនិយោគិនវៀតណាមបន្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ឬចាប់ដៃគូវិនិយោគជាមួយក្រុមហ៊ុនក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន ជាពិសេសលើវិស័យដែលមានសក្ដានុពលខ្ពស់ដែលអាចតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មនៅប្រទេសវៀតណាម ដូចជា កសិកម្ម និងកសិ-ឧស្សាហកម្ម, កម្មន្តសាលគ្រឿងបង្គុំយានយន្ត និងអេឡិចត្រូនិក, បច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុ, និងឧស្សាហកម្មកម្មន្តសាលដទៃទៀត ព្រមទាំងបានអំពាវនាវដល់វិនិយោគិន និងធុរជនដែលមិនទាន់ បានវិនិយោគនៅកម្ពុជា ឱ្យអញ្ជើញមកសិក្សា ស្វែងយល់បន្ថែមអំពីសក្តានុពលដ៏សម្បូរបែប និងកាលានុវត្តភាពជាច្រើន និងរួសរាន់ធ្វើការសម្រេចចិត្ត ដើម្បីទាញយកផលប្រយោជន៍ ពីការវិនិយោគនៅកម្ពុជា។

សូមបញ្ជាក់ថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤ ទុនវិនិយោគរបស់វៀតណាមជាប់ចំណាត់ថ្នាក់ទី៣ ដែលមានទំហំទឹកប្រាក់សរុបប្រមាណ៥៥៧លានដុល្លារអាម៉េរិក៕

To Top