ភ្នំពេញ ៖ ក្រុមហ៊ុនរ៉ីបផលអាមេរិក (Ripple Inc) បានបង្ហាញពីបំណងក្នុងការស្វែងរក នូវកាលានុវត្តន៍ភាពថ្មីៗ នៃការវិនិយោគ ក្នុងវិស័យថាមពលកកើតឡើងវិញ ដើម្បីពង្រីកការនាំចេញនូវបន្ទះសូឡាផលិតនៅកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក និងនាំចូលនូវឧស្ម័នធម្មជាតិ តម្លៃទាបមកកម្ពុជា ដែលមិនត្រឹមអាចជួយរួមចំណែក ទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ថែមទាំងរួមជាវិភាគទានដ៏សំខាន់ ដល់ការលើកកម្ពស់ទំនាក់ទំនង រវាងប្រទេសទាំងពីរ។ នេះបើតាមការឱ្យដឹងពី លោក Chris Larsen នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុប្លុកឆេនអាមេរិក Ripple Inc ។
ក្នុងជំនួបសម្ដែងការគួរសម ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ លោក Chris Larsen បានសម្តែងនូវការគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជាទីបំផុតចំពោះ សម្តេចតេជោ ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបរូបលោក និងក្រុមគ្រួសារ ក្នុងអំឡុងពេលនៃការស្នាក់នៅរាជធានីភ្នំពេញ និងបានលើកឡើងថា លោក បានមើលឃើញផ្ទាល់ អំពីភាពរីកចម្រើន និងការអភវិឌ្ឍយ៉ាងឆាប់រហ័ស នៅកម្ពុជានាពេលបច្ចុប្បន្ននេះ ជាពិសេស សេដ្ឋកិច្ចកម្ពុជាកំពុង មានសន្ទុះកើនឡើងជាលំដាប់ ។
នាឱកាសនេះ លោក Chris Larsen បានបញ្ជាក់បន្ថែមថា លោកនិងក្រុមគ្រួសារនឹងខិតខំ ធ្វើគ្រប់យ៉ាងដើម្បីរួមចំណែកពង្រឹងនិងពង្រីកនូវទំនាក់ទំនង អាមេរិក-កម្ពុជា ជាពិសេស ក្នុងសករាជនៃរដ្ឋបាលថ្មី របស់ប្រធានាធិបតីDonald Trump តាមរយៈទំនាក់ទំនងធុរកិច្ច។
ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណ លោក Chris Larsen ចំពោះការកត់សម្គាល់ជាវិជ្ជមាន នៃការរីកចម្រើននិងការអភិវឌ្ឍរបស់កម្ពុជា។
សម្តេចតេជោ បានបន្តថា សម្តេចមានក្តីរីករាយ និងគាំទ្រ លោក Chris Larsen ចំពោះការស្វែងរកនូវកាលានុវត្តភាពថ្មីៗ ក្នុងការនាំចេញនូវបន្ទះសូឡា ពីកម្ពុជាទៅសហរដ្ឋអាមេរិក ដោយបានបញ្ជាក់ថា កម្ពុជាមិនមានគោលនយោបាយ ស្តីពីឧបត្ថម្ភធនដល់សហគ្រាសឯកជន សម្រាប់ការផលិតនំាចេញនោះទេ ដែលវាពិតជាផ្ទុយនឹង ច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក(WTO)។
សម្តេច បានសម្តែងការគាំទ្រផងដែរ ដល់ លោក Chris Larsen ដែលបានបង្ហាញពីបំណងក្នុងការចូលរួមចំណែក ពង្រឹងទំនាក់ទំនងរវាងកម្ពុជានិងអាមេរិក តាមរយៈវិស័យធុរកិច្ច ដោយបានគូសបញ្ជាក់ថា កម្ពុជាតែងតែត្រូវការ និង ស្វាគមន៍ជានិច្ច វិនិយោគិនពីអាមេរិក៕