ព័ត៌មានជាតិ

ក្រសួង​បរិស្ថាន​​ អនុវត្ត​វិធានការ​ច្បាប់ ​ចំពោះក្រុមហ៊ុន ដែលបញ្ចេញសំណល់ រាវបំពុល ប្រព័ន្ធទឹកសាធារណៈ

ភ្នំពេញ ៖ ក្រុមការងារជំនាញ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន សហការជាមួយមេធាវី របស់ក្រសួងបរិស្ថាន មន្តីបរិស្ថាន ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ព្រមទាំងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានចុះត្រួតពិនិត្យការអនុវត្ត វិធានការបច្ចេកទេស និងវិធានការច្បាប់ ដែលបានដាក់ចេញចំពោះ ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd. ដែលមានទីតាំងស្ថិតនៅភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ដោយមានការយកចិត្តទុកដាក់ ពឺសំណាក់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងការអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងបទដ្ឋានគតិ្តយុត្តមួយចំនួនទៀត ក្រុមការងារជំនាញ និងភាគីពាក់ព័ន្ធបានចូល រួមត្រួតពិនិត្យស្ថានភាពជាក់ស្តែងលើការអនុវត្តវិធានការច្បាប់របស់ក្រុមហ៊ុន ដើម្បីបញ្ជាក់ថាក្រុមហ៊ុន មានឆន្ទៈកែលម្អចំណុចខ្វះខាត និងលុបបំបាត់ បញ្ហាបំពុលបរិស្ថាន ស្របតាមវិធានការច្បាប់ របស់កម្ពុជា ។ តាមរយៈការចូលរួម គោរពច្បាប់ បញ្ហាការបំពុលប្រឡាយ៦១ និងទឹកស្ទឹងតូច ពីក្រុមហ៊ុននេះ ត្រូវបានទប់ស្កាត់ និងស្តារបរិស្ថានឡើងវិញ ដើម្បីឱ្យមានភាពស្អាតក្នុងដែនទឹក ។

សូមបញ្ជាក់ថា នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ មានសេចក្តីរាយការណ៍ ពីករណីបង្ហូរសំណល់រាវ ដោយក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd.វចូលប្រឡាយទឹក៦១ បង្កការបំពុលទឹកស្ទឹងតូច ស្ថិត នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងបរិស្ថាន បានចាត់មន្ត្រីជំនាញ អធិការកិច្ចក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន នៃខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល បានចុះស្រាវជ្រាវ និងបានរកឃើញថា មានការបំពុលបរិស្ថាន បង្កឡើងដោយ រោងចក្រ Jin Lu Yuan Energy Environment Protection Industry Co., Ltd. ដែលបាន បានបង្ហូរសំណល់រាវ ដោយមិនបានឆ្លងកាត់ ការសម្អាតតាមលក្ខណៈបច្ចេកទេស និងបញ្ចេញសំណល់រាវ លើសកម្រិតកំណត់ស្ដង់ដារអនុញ្ញាត ។ បន្ទាប់មក នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ក្រសួងបរិស្ថាន បានចាត់ក្រុមការងារជំនាញ និងសហការជាមួយអាជ្ញាធរមូលដ្ឋាននៃខេត្តទាំងពីរ លោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ និងអ្នកពាក់ព័ន្ធ បានចុះត្រួតពិនិត្យនៅទីតាំងប្រឡាយ៦១ និងស្ទឹងតូច ដែលបានរាយការណ៍លើករណីរងការបំពុលទឹកនៅទីនោះ បន្ថែមទៀត ។ តាមការពិនិត្យជាក់ស្ដែងឃើញថា ១.ស្ថានភាពទឹកនៅក្នុងប្រឡាយ៦១ មានសភាពធម្មតា (ទឹកមានពណ៌ថ្លា) មានកិ្លនតិចៗ ពុំដូចការត្រួតពិនិត្យនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នោះទេ និងស្ថានភាពទឹកស្ទឹងតូច នៅមានសភាពដដែល គឺនៅមានពណ៌ក្រម៉ៅ និងមានក្លិនអូសាវែល និង២.ក្រុមហ៊ុន បានធ្វើការស្ដារប្រឡាយ៦១ ជម្រៅប្រហែល១,៥ ទៅ ២ម៉ែត្រ ហើយស្ថានភាពទឹក នៅក្នុងប្រឡាយនេះមានសភាពថ្លាធម្មតាឡើងវិញ ។

សកម្មភាពបញ្ចេញសំណល់រាវរបស់ក្រុមហ៊ុនខាងលើ បានធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ជីវៈចម្រុះ និងសុខភាពសាធារណៈ គឺជាបទល្មើសទៅនឹងមាត្រា២៨៧ ២៨៩ និង២៩០ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា៤ និង មាត្រា៦ និងមាត្រា៩ថ្មី នៃអនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក ដែលអាចនឹងត្រូវផ្តន្ទាទោសតាមមាត្រាទី ៨៤៥និង៨៤៦ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។ ក្រសួងបរិស្ថាន បានចាត់វិធានការ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឱ្យក្រុមហ៊ុនអនុវត្តតាមច្បាប់ដោយ ៖
១- ត្រូវធ្វើការបញ្ចេញសំណល់រាវ ដោយត្រូវឆ្លងកាត់ការ ធ្វើប្រព្រឹត្តកម្មសំអាតជាមុន អនុលោមតាមស្តង់ដារកំណត់ មុនបង្ហូរចូលប្រឡាយសាធារណៈ ។
២-ពិន័យអន្តរការណ៍ជាប្រាក់ និងផ្តល់សំណង ការខូចខាត លើការខូចខាតបរិស្ថាន ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៃស្ទឹងតូច និងប្រឡាយទឹក៦១ ។
៣-ត្រូវធ្វើការស្តារ និងរៀបចំជើងជញ្ជាំងប្រឡាយ ឱ្យមាន សោភ័ណភាពល្អ ដើម្បីងាយស្រួលតាមដានស្ថានភាពបំពុលទឹក ក្នុងប្រឡាយពីសាធារណជនគ្រប់មជ្ឈដ្ឋាន ជាពិសេសប្រជាពលរដ្ឋ និងអាជ្ញាធរដែនដី ឱ្យបានរួចរាល់មុនថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ជាកំហិត ។
៤-ត្រូវធ្វើការស្តារការខូចខាត និងស្តារបរិស្ថានឡើងវិញនៅក្នុងតំបន់ ដែលទទួលរងការបំពុលពីការ ឱ្យបានរួចរាល់ជាកំហិតមុនថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ជាកំហិត។
៥-ត្រូវរៀបចំច្រកចេញនៃប្រព័ន្ធលូ បង្ហូរសំណល់រាវពីទីតាំងរបស់ខ្លួន ឱ្យចេញតែមួយទីតាំងគត់ ដើម្បីងាយស្រួលក្នុងការតាមដាន និងបញ្ចៀសការបញ្ចេញសំណល់រាវ មិនបានសម្អាតជាបន្តទៀត ឱ្យបានរួចរាល់ក្នុងរយៈពេល១ខែជាកំហិត។
៦-ត្រូវរៀបចំប្រព័ន្ធលូ បង្ហូរទឹកភ្លៀងឱ្យបានច្បាស់លាស់ និងដាច់ដោយឡែកពីប្រព័ន្ធលូបង្ហូរសំណល់រាវ និងទឹកកខ្វក់ ឱ្យបានរួចរាល់ក្នុងរយៈពេល១ខែជាកំហិត សំដៅធានាបានមិន មានសំណល់រាវ ហូរចេញតាមលូទឹកភ្លៀង ចូលទៅក្នុងប្រឡាយសាធារណៈទៀតឡើយ ៕

To Top