ព័ត៌មានជាតិ

សម្ដេចតេជោ គាំទ្រ​ ឱ្យមានការកសាងវត្តធំជាងគេមួយ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានសម្ដែងការគាំទ្រ និងវាយតម្លៃខ្ពស់ ចំពោះគំនិតផ្ដួចផ្ដើមលោកស្រី Lyna Lam ស្ថាបនិកមូលនិធិព្រះពុទ្ធសាសនាខ្មែរ និងជាភរិយា របស់លោក Chris Larsen នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុប្លុកឆេនអាមេរិក Ripple Inc ក្នុងការកសាងវត្តធំ ជាងគេមួយកន្លែង នៅសហរដ្ឋអាមេរិក នៅទីក្រុងសាន ហូស៊េ (San Jose) រដ្ឋកាលីហ្វ័រញ៉ា ។

ក្នុងឱកាសអនុញ្ញាតឱ្យ លោក Chris Larsen នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុប្លុកឆេនអាមេរិក Ripple Inc និង ភរិយារបស់លោក គឺ លោកស្រី Lyna Lam ស្ថាបនិកមូលនិធិព្រះពុទ្ធសាសនាខ្មែរ ព្រមទាំងក្រុមគ្រួសារ ចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ យ៉ាងកក់ក្តៅ និងសម្តែងនូវក្តីសប្បាយរីករាយចំពោះ លោក Chris Larsen និងក្រុមគ្រួសារ ដែលបានមកលេង និងស្នាក់នៅភ្នំពេញ ។

សម្តេចតេជោ បានបញ្ជាក់ថា ជំនួបនេះគឺជាជំនួបលក្ខណៈគ្រួសារ ពីព្រោះភរិយារបស់លោក គឺលោកស្រី Lyna Lam មានដើមកំណើតខ្មែរ និងកាន់ព្រះពុទ្ធសាសនាដូច សម្តេច ដែរ។

ជាមួយនេះដែរ សម្តេច បានកោតសរសើរ ចំពោះ លោកស្រី ដែលបានពុះពារតស៊ូជំនះឧសគ្គជាច្រើន រហូតបានទៅរស់នៅសហរដ្ឋអាមេរិក (ស.រ.អា) ក្នុងកាលៈទេសៈដែលកម្ពុជា ទើបចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ទន្ទឹមនឹងគ្នានេះដែរ លោកស្រី Lyna Lam បានជម្រាបជូន សម្តេចតេជោ ថា ក្នុងនាមជាជនជាតិខ្មែរ លោកស្រី និងក្រុមគ្រសារ បានមកទស្សនកិច្ច នៅកម្ពុជាជាបន្តបន្ទាប់ ហើយលោកស្រី បាននិងកំពុងជំរុញការថែរក្សា នូវទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ និងមរតកដូនតាខ្មែរដ៏ល្អផូរផង់សម្បូរបែប តាមរយៈមូលនិធិព្រះពុទ្ធសាសនាខ្មែរ របស់លោកស្រីនៅសហរដ្ឋអាមេរិក។

លោកស្រី Lyna Lam បានជម្រាបជូន សម្តេចតេជោ អំពីគំនិតផ្តួចផ្តើម របស់លោកស្រី និងក្រុមគ្រួសារ ក្នុងការចូលរួមលើកកម្ពស់វិស័យព្រះពុទ្ធសាសនា តាមរយៈការកសាងវត្តធំ ជាងគេមួយកន្លែង នៅសហរដ្ឋអាមេរិក នៅទីក្រុងសាន ហូស៊េ (San Jose) រដ្ឋកាលីហ្វ័រញ៉ា។ គោលបំណងសំខាន់ នៃការសាងសង់វត្តនេះ គឺសម្រាប់ទុកប្រើប្រាស់ ជាប្រយោជន៍រួម ដល់សហគមន៍ខ្មែរ គោរពប្រតិបត្តិព្រះពុទ្ធសាសនា, សម្រាប់ជាកន្លែងបណ្តុះបណ្តាលព្រះសង្ឃខ្មែរ, សម្រាប់កម្មវិធីផ្លាស់ប្តូរព្រះសង្ឃ ជាពិសេសព្រះសង្ឃនិមន្តមកពីកម្ពុជា និងសម្រាប់ដាក់តម្កល់ និងថែរក្សាឯកសារ ពាក់ព័ន្ធនឹងវប្បធម៌ប្រពៃណីខ្មែរ ។

ជាមួយគ្នានេះដែរ សម្តេចតេជោ បានថ្លែងអំណរគុណ និងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងទាំងអស់ របស់លោកស្រី Lyna Lam ទោះបីរស់នៅសហរដ្ឋអាមេរិក យូរយ៉ាងណាក្តី។

សម្តេចតេជោ បានបន្ថែមថា សម្តេចពិតជារីករាយ និងវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើម និងសកម្មភាពរបស់លោកស្រី និងក្រុមគ្រួសារ ក្នុងការថែរក្សាអភិរក្ស លើកកម្ពស់ និងអភិវឌ្ឍវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីដើមដ៏ចំណាស់របស់យើង ដើម្បីទុកជាកេរ្តិ៍មរតកសម្រាប់បងប្អូនខ្មែរយើង ទោះបីយើងរស់នៅទីណាកន្លែងណាក៏ដោយ យើងរួមគ្នា និងជួយគ្នា ក្នុងនាមជាជនជាតិខ្មែរតែមួយ ៕

To Top