ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា ដាក់ឱ្យដំណើរការ​ អនុស្ថានីយ អគ្គិសនីស្គន់ ប្រភេទ Modular លើកដំបូង ក្នុងកំរិតតង់ស្យុង ២៣០គីឡូវ៉ុល នៅកម្ពុជា ដែលអាចរុះរើចល័ត បានយ៉ាងឆាប់រហ័ស

ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ អគ្គិសនីកម្ពុជា បានបញ្ចប់ការធ្វើតេស្តសាកល្បង និងដាក់ឱ្យដំណើរការដោយជោគជ័យ អនុស្ថានីយអគ្គិសនីស្គន់ ប្រភេទ Modular (ក្នុងទូកុងទឺន័រ) តង់ស្យុង ២៣០/២២គីឡូវ៉ុល អានុភាព ៥០ មេហ្គាវ៉ុលអំពែ ភ្ជាប់លើខ្សែបញ្ជូន ២៣០គីឡូវ៉ុល ពីអនុស្ថានីយអគ្គិសនីឧត្តុង្គ ទៅអនុស្ថានីយអគ្គិសនីកំពង់ចាម ស្ថិតនៅក្បែរនឹងទីប្រជុំជនស្គន់ ក្នុងភូមិថ្មី ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

អគ្គិសនីកម្ពុជា បានកំពុងតែអនុវត្តការងារ សាងសង់អនុស្ថានីយអគ្គិសនីស្គន់ ដែលគម្រោងនេះ ស្ថិតក្នុងក្របខណ្ឌកម្ចីឥណទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប៉ុន្តែដោយសារការងារ សាងសង់អនុស្ថានីយនេះត្រូវចំនាយពេលយូរប្រមាណជាមួយឆ្នាំកន្លះ ទៅពីរឆ្នាំទៀត ទើបរួចរាល់អាចដាក់ឱ្យដំណើរការបាន អគ្គិសនីកម្ពុជា បានសម្រេចវិនិយោគ បន្ទាន់លើប្រភេទអនុស្ថានីយ Modular នេះ ដើម្បីប្រើប្រាស់បណ្តោះអាសន្ន ក្នុងការឆ្លើយតបទៅនឹងតម្រូវការ ប្រើប្រាស់ចំពោះមុខ ដែលបច្ចុប្បន្នមានតម្រូវការ ថាមពលកើនឡើងខ្ពស់ សម្រាប់ផ្គត់ផ្គង់ ដល់រោងចក្រ ឧស្សាហកម្ម ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសក្នុងតំបន់ទីប្រជុំជនស្គន់ រហូតដល់អនុស្ថានីយអគ្គិសនីស្គន់ក្នុងគម្រោង ADB សាងសង់រួច នឹងបង្កើនអនុភាពផ្គត់ផ្គង់បន្ថែម ៧៥ មេហ្គាវ៉ុលអំពែ ដែលនឹងកើនដល់ ១២៥ មេហ្គាវ៉ុលអំពែ ។

default

អគ្គិសនីកម្ពុជា ធ្លាប់បានសាកល្បងប្រើប្រាស់អនុស្ថានីយប្រភេទនេះ ដោយជោគជ័យកាលពីឆ្នាំ ២០២០ តែក្នុងកំរិត តង់ស្យុង ១១៥គីឡូវ៉ុលប៉ុណ្ណោះ។ សម្រាប់អនុស្ថានីយអគ្គិសនីស្គន់ ជាប្រភេទ Modular លើកដំបូង ក្នុងកំរិតតង់ស្យុង ២៣០គីឡូវ៉ុល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលប្រព័ន្ធបញ្ជា និង ប្រព័ន្ធការពារ ត្រូវបានរៀបចំដាក់ក្នុងកុងទឺន័រ ដែលមានលក្ខណៈងាយ ស្រួលក្នុងការរុះរើ ដឹកជញ្ជូន និងដំឡើងពីទីតាំងមួយទៅទីតាំងមួយទៀត ។

ការដាក់ឱ្យដំណើរការ អនុស្ថានីយ អគ្គិសនីស្គន់ គឺជាជំហានដ៏សំខាន់ក្នុងការបង្កើនការផ្គត់ផ្គង់ថាមពលអគ្គិសនីដែលមានប្រសិទ្ធភាព ក៏ដូចជាបានបំពេញតម្រូវការ របស់ក្រុមហ៊ុន ឯកជន នៅតំបន់សេដ្ឋកិច្ចពិសេស និងការរស់នៅប្រកបដោយផាសុខភាព សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកជើងព្រៃ ស្រុកបាធាយ និងផ្នែកខ្លះស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលពីមុនតំបន់នេះ ធ្លាប់បានផ្គត់ផ្គង់តាមរយៈខ្សែបណ្តាញតង់ស្យុងមធ្យម ២២ គីឡូវ៉ុល ពីអនុស្ថានីយអគ្គិសនីកំពង់ចាម ដែលមានចម្ងាយជាង ៥០ គីឡូម៉ែត្រ និងបង្កឲ្យមានការរអាក់រអួលជារឿយៗ។ អនុស្ថានីយអគ្គិសនីថ្មីនេះ មិនត្រឹមតែផ្តល់ឱ្យប្រជាជន នូវការផ្គត់ផ្គង់អគ្គិសនីដែលមានស្ថិរភាព និងគុណភាពល្អជាងមុន ដោយសារយកប្រភពខិតមកជិតប្រជាពលរដ្ឋនៅតំបន់នេះ និងបង្កើនសមត្ថភាពផ្គត់ផ្គង់ប៉ុណ្ណោះទេ អនុស្ថានីយនេះជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធជាតិ ដ៏ថ្មីស្រឡាងដែលជាប្រភពផ្គត់ផ្គង់ថ្មី ដល់ប្រជាពលរដ្ឋនៅតំបន់នេះ ៕

default
To Top