ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានទទួលជួបសំណេះសំណាល និវសួរសុខទុក្ខ ជាមួយលោកស្រី ឡេ ធីធូហាំង អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅសាលារាជធានីភ្នំពេញ។
ក្នុងជំនួបនេះ លោកស្រីអនុរដ្ឋមន្ត្រីការបរទេសវៀតណាមបានបញ្ជាក់ថា ដោយសាររាជធានីភ្នំពេញ មានសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋធានីហាណូយ ទីក្រុងហូជីមិញ និងខេត្តគៀនយ៉ាង ទើបគណៈប្រតិភូ បានចូលមកសួរសុខទុក្ខ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពេលមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។
លោកស្រី ឡេ ធីធូហាំង ក៏បានសម្តែងអំណអរគុណ អភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំ នៃរដ្ឋបាលរាជធានីភ្នំពេញ ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ លើដំណើរទស្សនកិច្ចរបស់លោកស្រី និងគណៈប្រតិភូផងដែរ ។
ជាមួយគ្នានោះ លោកស្រី ក៏បានថ្លែងការកោតសរសើរ ពីការរីកចំរើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យក្រោមការដឹកនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការដឹកនាំផ្ទាល់ របស់អភិបាលរាជធានីភ្នំពេញ ដែលបានធ្វើឱ្យរាជធានីភ្នំពេញ មានអភិវឌ្ឍរីកចំរើនគួរឱ្យកត់សំគាល់។
លោកស្រីអនុរដ្ឋមន្ត្រីការបរទេសវៀតណាម បាននាំយកការសួរសុខទុក្ខ ពីថ្នាក់ដឹកនាំវៀតណាម គ្រប់ជាន់ថ្នាក់ និងអភិបាលក្រុងសម្ព័ន្ធភាពទាំង៣ ជូនចំពោះលោក ឃួង ស្រេង និងថ្នាក់ដឹកនាំ រដ្ឋបាលរាជធានីភ្នំពេញ ពិសេសជូនពរក្នុងឧិកាសថ្ងៃឆ្លងឆ្នាំសាកល ឆ្នាំ២០២៥ខាងមុខនេះផងដែរ។
ជាការឆ្លើយតបលោក ឃួង ស្រេង បានថ្លែងអំណគុណលោកស្រី និងគណៈប្រតិភូ ដែលបានអញ្ជើញមកសួរសុខទុក្ខលោក ហើយក៏បានផ្តាំផ្ញើនូវការសួរសុខទុក្ខ ទៅកាន់ថ្នាក់ដឹកនាំវៀតណាម និងបណ្តាអភិបាលក្រុងទាំងបីដែលមានសម្ព័ន្ធមេត្រីភាព ជាមួយរាជធានីភ្នំពេញ តាមរយៈគណៈប្រតិភូវិញផងដែរ ។
ក្នុងនោះភាគីទាំងពីរ បានពិភាក្សា និងផ្លាសប្តូរគ្នាអំពីការអភិវឌ្ឍនៃប្រទេសទាំងពីរនិយាយជារួម និងររាងទីក្រុងសម្ព័ន្ធមេត្រីភាព រវាងរដ្ឋធានីហាណូយ ទីក្រុងហូជីមិញ និងខេត្តគៀនយ៉ាង ជាមួយរាជធានីភ្នំពេញ និយាយដោយឡែកផងដែរ៕