ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងពិធី បើកការប្រកួតកីឡាវាយកូនគោល ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៨ ឆ្នាំ២០២៤ នៅទីលានកីឡាវាយកូនគោល ឈុន អូន ហ្គហ្វ រីស៊ត ស្ថិតនៅឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ។
យោងតាមបណ្ដាញទំនាក់ទំនងសង្គមសម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថាការប្រកួតកីឡាវាយកូនគោល ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៨ គ្រោងនឹងរៀបចំរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីលានកីឡាវាយកូនគោល ឈុន អូន ហ្គហ្វ រីស៊ត ស្ថិតនៅឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។ ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលនេះ រៀបចំឡើងក្នុងគោលបំណងចូលរួមអបអរសាទរ “ទិវាសន្តិភាពនៅកម្ពុជា” ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយ នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីជាការឆ្លើយតបទៅ នឹងបំណងប្រាថ្នា ដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម ។
នេះក៏ជាការរំលឹក ដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញ នៅព្រះរាជាណាចក្រកម្ពុជា ដោយនយោបាយឈ្នះ ឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ពិសេស ជាការរម្លឹកដឹងគុណ និង ចងចាំជាប់ជានិច្ចនូវគំរូវីរភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់បែប យ៉ាងរបស់វីរបុរសស្នេហាជាតិ និងវីរនារីស្នេហាជាតិរបស់កម្ពុជា ដែលបានប្រយុទ្ធ និងតស៊ូយ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិ ទាំងសមរភូមិសង្គ្រាម ទាំងសមរភូមិការទូត ទាំងសមរភូមិនយោបាយ រហូតសម្រេចបាននូវការបញ្ចប់ ជាស្ថាពរនូវសង្គ្រាមនៅកម្ពុជា ហើយសម្រេចបាននូវ ការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជានូវសុខសន្តិភាពពេញ ផ្ទៃប្រទេសនៅព្រះរាជាណាចក្រកម្ពុជា។
នេះជាការដាស់តឿន ក្រើនរម្លឹកដល់ប្រជាជនកម្ពុជា គ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេល អនាគត ឱ្យចងចាំជានិច្ចអំពីមហាវិនាសកម្មរបស់ជាតិ និងទុក្ខលំបាកយ៉ាងវេទនារបស់ប្រជាជនកម្ពុជា ព្រមទាំងផលវិបាកនានា ដែលបង្កឡើងដោយសង្គ្រាម និង ការបែកបាក់ជាតិ ព្រមទាំងបំផុស ស្មារតីដល់ប្រជាជនកម្ពុជា គ្រប់ជំនាន់ឱ្យស្អប់ខ្ពើម នូវសង្គ្រាម ។ ជាការបំផុសស្មារតី ដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគតឱ្យ យល់ដឹងច្បាស់អំពី “គុណតម្លៃនៃសុខសន្តិភាព” ហើយរួមគ្នាលើកកម្ពស់ “វប្បធម៌សន្តិភាព” នៅកម្ពុជា ពិសេសការ ចូលរួមការពារ និងថែរក្សាឱ្យបានដាច់ខាតនូវ “សុខសន្តិភាព” ដែលជាអាយុជីវិតរបស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុត សម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងភាពសុខសាន្តរបស់ ប្រជាជនកម្ពុជាប្រកបដោយចីរភាព និងភិយ្យោភាព។
ទន្ទឹមជាមួយគ្នានេះ ព្រឹត្តិការណ៍ការប្រកួតកីឡា វាយកូនគោល ពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន លើកទី៨នេះ ក៏ជាការចូលរួមចំណែកបំផុសនូវយុទ្ធនាការរបស់រាជរដ្ឋាភិបាលកម្ពុជាប្រជាពលរដ្ឋម្នាក់ចេះលេងកីឡាមួយប្រភេទ និងចូលរួមបំផុសលើកកម្ពស់បំផុសវិស័យកីឡាវាយកូនគោលនៅកម្ពុជាឱកាន់តែរីកចម្រើនផងដែរ។ ព្រឹត្តិការណ៍ការប្រកួតកីឡា វាយកូនគោលនេះ នឹងធ្វើការប្រកួតរយៈពេល២ថ្ងៃ ដោយថ្ងៃទីមួយ ថ្ងៃទី២៧ គឺជាការប្រកួតឯកក្តជន សម្រាប់កីឡាករ កីឡាការិនីមិនមែនអាជីព ។ កីឡាករដែលជាប់ចំណាត់ពីលេខ១ដល់លេខ៨ នៅក្នុងថ្ងៃទី២៧ខែធ្នូ នឹងបានទៅប្រកួតបន្តនៅថ្ងៃទី២៨ ដែលជាថ្ងៃការប្រកួត ជាក្រុមរបស់ថ្នាក់ដឹកនាំ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបើកការប្រកួត និងប្រគល់ពានរង្វាន់ជូនដល់ជ័យលាភី។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ការប្រកួត កីឡាវាយកូនគោល ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៨នេះ ដឹកនាំរៀបចំ ដោយលោក សន្តិបណ្ឌិត នេត សារឿន ឧបនាយករដ្ឋមន្រ្តី ប្រធានគណៈកម្មការដឹកនាំ សហការដោយ ក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា និងទីលានវាយកូនគោល ឈុន អូន ហ្គហ្វរីស៊ត ៕