ភ្នំពេញ ៖ វគ្គសុក្រឹតការ ស្តីពី “ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យការងារ និងសន្តិសុខសង្គម” ត្រូវបានរៀប ចំពិធីបិទវគ្គ ក្រោមអធិបតីភាពលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀល ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤។
វគ្គសុក្រឹតការ ដែលត្រូវបានរៀបចំឡើង ដោយវិទ្យាស្ថានជាតិ ការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រយ:ពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៧ ខែធ្នូ ឆ្នាំ២០២៤នេះ មានគោលបំណងផ្តល់ ការបណ្តុះបណ្តាល ដល់អធិការការងារសរុបចំនួន ២៥៩នាក់ ដែលត្រៀមខ្លួនបំពេញមុខងារ ជានគរបាលយុត្តិធម៌ នាពេលខាងមុខនេះ។
លោក ហេង សួរ ចាត់ទុកថាវគ្គសុក្រឹត ការនេះជាសមិទ្ធផលជំហានដំបូង ដែលរៀបចំឡើងសម្រាប់អធិការ ការងារដែលនឹងត្រូវបំពេញតួនាទីជានគរបាលយុត្តិធម៌ នាពេលខាងមុខនេះ ដើម្បីអនុវត្តដោយពេញលេញនូវតួនាទី និងពិនិត្យបទល្មើសដូចមានចែងក្នុងច្បាប់ការងារ ស្របតាមបទប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រីកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវិទ្យាស្ថានជាតិការងារ និងនាយកដ្ឋាន ពាក់ព័ន្ធ ដែលបានសហការរៀប ចំវគ្គសុក្រឹតការនេះឡើង ដើម្បីពង្រឹង និង លើកកម្ពស់ សមត្ថភាពអធិការការងារក្នុង ការត្រួតពិនិត្យការអនុវត្តលក្ខខណ្ឌការងារ លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ របបសន្តិសុខសង្គម និងសេរីភាពសមាគមនៅតាមសហគ្រាស គ្រឹះស្ថាន ស្របតាម បទប្បញ្ញត្តិច្បាប់ ជាធរមាន ជាពិសេសការធ្វើអធិការ កិច្ចការងារពិសេស តាមដានការ ដាក់កំហិត ក៏ដូចជាការកសាងសំណុំរឿង ផាកពិន័យស្រប តាមនីតិវិធីច្បាប់ជាធរមាន ឱ្យកាន់តែមាន ប្រសិទ្ធភាព ប្រកបដោយវិជ្ជាជីវៈ និងលក្ខណៈបច្ចេកទេស។
ទន្ទឹមនេះ លោករដ្ឋមន្ត្រី ក៏បានណែនាំ ដល់សិក្ខាកាមទាំងអស់ ត្រូវចាំឱ្យច្បាស់អំពី តួនាទីភារកិច្ច ក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសមេរៀន ចំណេះដឹង ដែលទទួលបានពីវគ្គនេះ ពីព្រោះយើងទាំងអស់ ត្រូវតែការពារ ដាច់ខាតនូវប្រយោជន៍របស់កម្មករនិយោជិត និងនិយោជក។
នៅក្នុងពិធីបិទវគ្គសុក្រឹការនេះ ផងដែរ លោករដ្ឋមន្ត្រីបានផ្តល់កិត្តិយសផ្តល់វិញ្ញាបនបត្រ បញ្ចប់វគ្គសុក្រឹតការដល់សិក្ខាកាម ដែលបានចូលរួមវគ្គសុក្រឹត ការនេះផងដែរ។
គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ ផ្តោតលើប្រធានបទសំខាន់ៗចំនួន ៨ រួមមាន៖ (១).លក្ខខណ្ឌការងារ និងលក្ខខណ្ឌស្ដីពីសុវត្ថិភាព និងសុខភាពការងារ (Checklist) និងការដាក់កំហិត និងការពិន័យ (២).ជំនាញគន្លឹះ នៃការសម្រុះសម្រួលផ្សះផ្សាវិវាទ (៣).តួនាទី ភារកិច្ច និងអំណាចអធិការការងារ (៤).អធិការកិច្ចសន្ដិសុខសង្គម (៥).អធិការកិច្ចការងារហត្ថពលកម្មបរទេស (៦).អធិការកិច្ចការងារកុមារ (៧)ការកំណត់ប្រាក់ឈ្នួលអប្បបរមា និង(៨)នីតិវិធីនៃការដោះស្រាយវិវាទការងារ៕