ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ជំរុញថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃទីស្ដីការគណៈរដ្ឋមន្ត្រី ឱ្យខិតខំបំពេញការងារ ដើម្បីជាសេនាធិការជូនរាជរដ្ឋាភិបាល

ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី បានជំរុញថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃទីស្ដីការគណៈរដ្ឋមន្ត្រី ឱ្យខិតខំបំពេញការងារ ដើម្បីជាសេនាធិការជូនរាជរដ្ឋាភិបាល និងគណៈរដ្ឋមន្ត្រី កាន់តែមានគុណភាពនិងប្រសិទ្ធភាព។

នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តឯកសារសំខាន់ ចំនួន២គឺ «ផែនការយុទ្ធសាស្រ្ត ទីស្តីការគណៈរដ្ឋមន្រ្តី ឆ្នាំ២០២៤-២០២៨» និង «ផែនទីបង្ហាញផ្លូវ ស្តីពីការជំរុញបរិវត្តកម្មឌីជីថល នៃទីស្តីការគណៈរដ្ឋមន្រ្តី២០២៤-២០២៨» នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងរំលេចពី សមិទ្ធផលធំៗជាច្រើន ដែលទីស្តីការគណៈរដ្ឋមន្ត្រី សម្រេចបាននាដើមនីតិកាលទី៧ ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាល និងគណៈរដ្ឋមន្ត្រី ។

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ គូសបញ្ជាក់ថា ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រ នៃការកែទម្រង់ របស់រាជរដ្ឋាភិបាល ទីស្តីការគណៈរដ្ឋមន្រ្តីបានដាក់ចេញនូវ «ផែនការយុទ្ធសាស្ត្រ ទីស្តីការគណៈរដ្ឋមន្ត្រី ឆ្នាំ២០២៤-២០២៨» និង «ផែនទីបង្ហាញផ្លូវស្តីពីការជំរុញបរិវត្តកម្មឌីជីថល នៃទីស្តីការគណៈរដ្ឋមន្រ្តី ២០២៤-២០២៨» ជាមគ្គទេសក៍សម្រាប់តម្រង់ទិសដល់ការដឹកនាំ ការគ្រប់គ្រង និង ការអនុវត្តការងារ របស់ថ្នាក់ដឹកនាំ និងមន្រ្តីនៃទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីបង្កើនគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងធានាឱ្យបាននូវនិរន្តរភាព ការងារក្នុង ការបំពេញបេសកកម្មស្នូល របស់ទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល និងគណៈរដ្ឋមន្ត្រី និងគុណភាពនៃប្រព័ន្ធការងារនៅទីស្តីការគណៈរដ្ឋមន្ត្រី។

គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី១ ដែលទីស្តីការគណៈរដ្ឋមន្ត្រីមានផែនការយុទ្ធសាស្ត្រ ដែលជាឯកសារមានចរិតជាយុទ្ធសាស្ត្រដើម្បីអភិវឌ្ឍ និងពង្រឹងសមត្ថភាពស្ថាប័ន៕

To Top