ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៅតាមនាយកដ្ឋាន នៃទីស្តីការក្រសួងសុខាភិបាល ក្នុងគោលបំណងជូនពរឆ្នាំថ្មី ឆ្នាំសកល ២០២៥ នាថ្ងៃ២៧ ធ្នូ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិ បាលបានលើកឡើងឲ្យបុគ្គលិកសុខាភិបាលទាំងអស់គ្នាធ្វើយ៉ាងណាដើម្បីអនាគតសុខភាពប្រសើរឡើងដោយបានពីលទ្ធផលឆ្នាំចាស់ ឈានទៅរកកាលានុវត្តភាពសម្រាប់ឆ្នាំថ្មី ២០២៥។
ក្នុងឱកាសនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចការងារបានយ៉ាងល្អប្រសើរ លះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា ដែលសម្រេច បានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ និងត្រូវបន្តផែនការការងារនាឆ្នាំថ្មី ឬឆ្នាំបន្តបន្ទាប់ឲ្យកាន់តែប្រសើរបន្ថែមទៀត។ ក្នុងនោះសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្នើដល់មន្ត្រីរាជការដែលមានបទពិសោធន៍ការងារយូរឆ្នាំ ចូលរួមចែករំលែកនូវបទពិសោធន៍ល្អៗ ដល់អ្នកជំនាន់ក្រោយឲ្យបានទូលំទូលាយ។
សាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្រ្តីសុខាភិបាលទាំងអស់យកទៅអនុវត្ត៖
- ខិតខំបំពេញភារកិច្ចយ៉ាងសកម្ម និងការតាំងចិត្តខ្ពស់ គឺជាឆ្អឹងខ្នងនៃភាពជោគជ័យនឹងសម្រេចបាននាពេលនេះ និងពេលខាងមុខ
- លើកទឹកចិត្តដល់មន្រ្តីរាជការដល់ទាំងអស់ ត្រូវផ្តោតសំខាន់លើការលើកកម្ពស់សុខុមាសភាព ដែលជាអាទិភាពខ្ពស់របស់សុខាភិបាល
- បង្កើតជាឱកាស និងកាលានុវត្តភាព ក្នុងការខិតខំសម្រេចឲ្យបានប្រសើរឡើង និងជោគជ័សម្រាប់ប្រទេស
- គាំទ្រ និងលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់ ត្រូវមានសាមគ្គីភាព ចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក យកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យមានការរីកចម្រើន។
ជាចុងក្រោយ សាស្រ្តាចារ្យរដ្ឋមន្រ្តី ជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៥ ខាងមុខនេះ ឲ្យមានសុខភាពល្អ កម្លាំងកាយមាំមួន ប្រាជ្ញាវាសវៃ និងជោគជ័យគ្រប់ភារកិច្ចការងារ។
ក្នុងនោះដែរ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃនាយកដ្ឋាននីមួយៗ បានសំដែងនូវទឹកចិត្តសប្បាយរីករាយ និងមានមតិចំណាប់អារម្មណ៍ដឹងគុណដល់សាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងការដឹកនាំចែករំលែកបទពិសោធន៍ ក្នុងការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំរៀងរាល់សប្តាហ៍នៃថ្ងៃអង្គារ និងគ្រប់ឱកាសនៃការជួបជុំដែលធ្វើឲ្យការងារដឹកនាំ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ប្រកបដោយស្មារតីបុរេសកម្ម សាមគ្គីភាព ភាពស្និតស្នាល មានគោលដៅច្បាស់លាស់ក្នុងការអនុវត្ត ដែលទទួលបានលទ្ធផលជោគជ័យជាច្រើនបន្តបន្ទាប់មក។ មន្រ្តីរាជការនៅតាមនាយកដ្ឋាន ខ្លះក៏បានតែងបទចម្រៀង និងខ្លះច្រៀងចំរៀងរួមគ្នា បង្ហាញពីភាពរីករាយ សាមគ្គីភាពគ្នា ក្តីស្រលាញ់ស្មោះស្ម័គ្រ និងថ្លែងអំណរគុណដល់ការដឹកនាំប្រកបដោយទឹកចិត្តមុះមុតរបស់សាស្រ្តាចារ្យ ផងដែរ៕