ភ្នំពេញ៖ នគរបាល នៃប៉ុស្ដិ៍រដ្ឋបាលឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានផ្អាកការងារបណ្ដោះអាសន្ន ក្រោយរងការចោទប្រកាន់ថា បានប្រើហិង្សាលើប្រជាពលរដ្ឋ។
ការផ្អាកការងារនេះ មានបណ្តាញសង្គម និងសារព័ត៌មានមួយចំនួនបានចុះផ្សាយនូវវីដេអូរឃ្លីប ដោយចោទប្រកាន់ថាសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រើអំពើហិង្សាលើពលរដ្ឋកាលពីថ្ងៃទី២១ ធ្នូ ។ នេះបើយោងតាមសេចក្ដីបំភ្លឺព័ត៌មានរបស់ស្នងកាេខេត្តកំពង់ធំនៅថ្ងៃ២៨ ធ្នូ។
ក្រោយពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានចាត់តាំងកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ចុះសហការជាមួយ អធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីធ្វើការស្រាវជ្រាវ និងបាននាំខ្លួនមន្ត្រីនគរបាល ដែលទទួលរងការចោទ ប្រកាន់ខាងលើមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ និងបន្តនីតិវិធីស្រាវជ្រាវ ព្រមទាំងផ្អាកការងារ បណ្ដោះអាសន្ន ៕