ព័ត៌មានជាតិ

លោក ឃួង ស្រេង អញ្ជេីញ ប្រារព្ធពិធីក្រុងពាលី សុំសេចក្តីសុខ ចំពោះព្រឹត្តិការណ៍ បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា»

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួង ស្រេង និងថ្នាក់ដឹកនាំ នានា នៃរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញ ក្រុងពាលី តាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចំរុងចំរើន មុននឹងបើកព្រឹត្តិការណ៍ បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ឱ្យបានសេចក្ដីសុខសប្បាយ ហើយប្រព្រឹទ្ធទៅដោយរលូន និងប្រកបដោយជោគជ័យ នាពហុកីឡដ្ឋានជាតិមរតកតេជោ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ។

ព្រឹត្តិការណ៍បើកការ ប្រកួតបាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» នឹងដំណើរការនៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ ដែលធ្វើឡើងក្រោមអធិបតី ដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។

ក្នុងនោះដែរ ជាប្រពៃណីទំនៀមទំលាប់ខ្មែរ មុននឹងចាប់ផ្តើមនូវព្រឹត្តិការណ៍ ឬការសាងសង់សំណង់អ្វីមួយ ជាតែងប្រារព្ធនូវពិធីនេះមិនដែលខនខានឡើយ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពនេះ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរួចរាល់ ទាំងការរក្សាសន្តិសុខ សុវត្ថិភាព ការរៀបចំសណ្តាប់ធ្នាប់ ការតុបតែង ការដាក់ភ្លើងបំភ្លឺសាធារណៈ ការរៀបចំចំណតយានយន្ត និងការត្រៀមកម្លាំងកម្មករ ដើម្បីសំអាត អនាម័យបរិស្ថានជាដើម។ព្រឹត្តិការណ៍នេះនឹងមានអ្នកចូលរួមទស្សនា ប្រមាណជាង៥ម៉ឺននាក់ ហើយរដ្ឋបាលរាជធានីភ្នំពេញ ក៏បានត្រៀមអាវយឺតចំនួន ៥ម៉ឺនអាវ ដើម្បីចែកជូនផងដែរ ៕

To Top