ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ៖ ស្មារតីស្រឡាញ់សន្តិភាព ស្អប់ខ្ពើមសង្គ្រាម គឺជាខឿនការពារជាតិ និងទប់ស្កាត់បដិវត្តន៍ពណ៌

រូបភាព ៖ ម៉ៅ ដារ៉ាត

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងថា តាមរយៈការយល់ដឹងរបស់ប្រជាជនកម្ពុជា អំពីគុណតម្លៃនៃសន្តិភាពពេញលេញ ស្មារតីស្រឡាញ់សន្តិភាព ស្អប់ខ្ពើមសង្គ្រាម គឺជាខឿនការពារជាតិ និងសន្តិភាព ព្រមទាំងជាអត្តសញ្ញាណដ៏សំខាន់ក្នុងការទប់ស្កាត់បដិវត្តន៍ពណ៌។

នាឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរខួបលើកទី២៦ «ទិវាសន្តិភាពនៅកម្ពុជា» (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៤) នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ទៀ សីហា បានឱ្យដឹងថា មានស្ថាប័នអន្តរជាតិជាច្រើន បានពង្រឹងនៃកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជាក្នុងការសិក្សាស្វែងយល់អំពីដំណើរការអនុវត្តន៍នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា បច្ចុប្បន្ន។ ចំណុចនេះគឺបានបង្ហាញពីការគាំទ្រសន្តិភាពនៅកម្ពុជា តាមរយៈការបញ្ចប់សង្គ្រាម ដោយគ្មានការបង្ហូរឈាម។

នាយឧត្តមសេនីយ៍ ទៀ សីហា បន្ដថា ស្មារតីសន្តិភាព និងលើកកម្ពស់នយោបាយឈ្នះឈ្នះ ក្នុងឆាកអន្តរជាតិ ជាពិសេសនៅឆ្នាំ២០២៤នេះ បានរួមចំណែកផ្សព្វផ្សាយក្នុងការដោះស្រាយបញ្ហាជម្លោះក្នុងតំបន់ និងមានការសិក្សារៀនសូត្រ ស្ថាប័នអន្តរជាតិនានា ក្នុងសម័យប្រជុំពេញអង្គសភាអន្តរជាតិ នៅថ្ងៃទី២៤ ខែវិច្ឆិកា ដែលមានស្ថាប័នសភាជាង៥០ប្រទេសទូទាំងពិភពលោក ដោយបានផ្តល់ពានរង្វាន់សន្តិភាព និងការផ្សះផ្សារដល់សម្តេចតេជោ ហ៊ុន សែន ក្នុងបុព្វហេតុសម្តេចជាអគ្គមគ្គុទេសក៍ និងជាស្ថាបនិកនៃសន្តិភាពពេញលេញនៅកម្ពុជា។ ចំណុចនេះគឺជាសបញ្ជាក់យ៉ាងអំពីមាគ៌ាដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដោយឈរលើគោលការណ៍សន្តិភាព សុខមាលភាពប្រជាជន ស្របនឹងគោលការណ៍អន្តរជាតិ ដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។

នាយឧត្តមសេនីយ៍ ទៀ សីហា មានប្រសាសន៍ថា «តាមរយៈការយល់ដឹងរបស់ប្រជាជនកម្ពុជា អំពីគុណតម្លៃនៃសន្តិភាពពេញលេញ ស្មារតីស្រឡាញ់សន្តិភាព ស្អប់ខ្ពើមសង្គ្រាម គឺជាខឿនការពារជាតិ និងសន្តិភាព ព្រមទាំងជាអត្តសញ្ញាណដ៏សំខាន់ក្នុងការទប់ស្កាត់បដិវត្តន៍ពណ៌ និងពួកជ្រុលនិយមដោយជោគជ័យ ក្នុងពេលបច្ចុប្បបន្ន និងតទៅអនាគត»។

ទន្ទឹមនឹងនេះ នាយឧត្តមសេនីយ៍ ទៀ សីហា បន្ដថា វិមានឈ្នះឈ្នះ ជាសិទ្ធផលដ៏ធំធេងឈរជានិមិត្តរូប នៃសន្តិភាពពេញលេញ និងបង្ហាញពីវីរៈភាពនៃការរម្លឹកពីការធ្វើពលីកម្មរបស់វីរជនកម្ពុជា ព្រមទាំងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពសម្រាប់ប្រទេសកម្ពុជា ក្នុងសម័យសន្តិភាព តាមរយៈការផ្សព្វផ្សាយទូលំទូលាយនូវគុណតម្លៃនៃសន្តិភាព៕

To Top